ឈប់ទទួលពាក្យស្នើសុំជាជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាស ស្តីពី ការបញ្ចប់ការទទួលពាក្យស្នើសុំជាជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍។
ការសម្រេចនេះ ត្រូវបានធ្វើឡើង យោងតាមអនុក្រឹត្យលេខ 30 អនក្របកថ្ងៃទី 21 ខែមិថុនាឆ្នាំ 1996 ស្តីពីបែបបទសម្រាប់អនុវត្តន៍ សម្រាប់ការអនុញ្ញាតឲ្យជនបរទេសអន្តោប្រវេសន៍ ចូល ចេញ និងស្នាក់អាស្រ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បានឃើញអនុក្រឹត្យលេខ 129 អនក្របក ចុះថ្ងៃទី 15 ខែធ្នូឆ្នាំ 2017 ស្តីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលជនបរទេស កំពុងកាន់កាប់ប្រើប្រាស់។ ប្រកាសលេខ៤៥០៤ប្រកចុះថ្ងៃទី 11 ខែកញ្ញាឆ្នាំ 2017 ស្តីពីបែបបទនីតិវិធី ការពិនិត្យការលុបបញ្ជីទទួលស្គាល់ ជនអន្តោប្រវេសន៍ ក្នុងព្រះរាជាណាចក្រកម្ពុជា និងដោយយោងតាមសំណើ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្នុងលិខិត ចេញកាលពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2019 ដែលចុះហត្ថលេខា ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេច បញ្ចប់ការទទួលពាក្យស្នើសុំ ជាជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដែលមានចែងកំណត់ក្នុងប្រការ ៣ នៃប្រកាសលេខ ៤៥០៤ ប្រ.ក ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពី បែបបទ នីតិវិធី ការពិនិត្យ ការចុះបញ្ជីទទួលស្គាល់ ជនបរទេសអន្តោប្រវេសន៍ ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ តទៅ។
សម្តេចក្រឡាហោម ស ខេង ក៏បានសម្រេច ត្រូវទុកជានិរាករណ៍ នូវប្រកាសលេខ ៤៥០៤ ប្រ.ក ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពី បែបបទ នីតិវិធី ការពិនិត្យ ការចុះបញ្ជី ទទួលស្គាល់ ជនបរទេសអន្តោប្រវេសន៍ ក្នុងព្រះរាជាណាចក្រកម្ពុជា។
របាយការណ៍ប្រចាំឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ បង្ហាញថា ស្ថិតិជនបរទេសអន្តោប្រវេសន្ត នៅកម្ពុជា មានចំនួនសរុប ៤៩.៦៣០ គ្រួសារ មនុស្ស ១៨២.៦៧៣ នាក់ ស្រី ៣៩.៩២៤ នាក់។ នៅក្នុងឆ្នាំ២០១៨ ក្រសួងមហាផ្ទៃ ក៏បានយកចិត្តទុកដាក់ជុំវិញវិធានការពីរស្របគ្នា គឺធ្វើការដកហូតឯកសារ ដែលមានភាពមិនប្រក្រតីផង និងផ្សព្វផ្សាយជំរុញឲ្យជនបរទេសទាំងនោះ មកបំពេញពាក្យស្នើសុំប្រកាស ទទួលស្គាល់ជា ជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ផង។
ជាលទ្ធផល គិតត្រឹមឆ្នាំ២០១៨ ក្រសួងមហាផ្ទៃ បានដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ ក្នុងព្រះរាជាណាចក្រកម្ពុជា បានចំនួន ៣៥.០០១ ឯកសារ ស្មើ ៨៨,៧៩% នៃផែនការ។ រីឯការងារទទួលពាក្យ សុំប្រកាសទទួលស្គាល់ ជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ គិតត្រឹមខែតុលា ឆ្នាំ២០១៨ ទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត ចាប់ពី ១៨ឆ្នាំឡើង បានចំនួន ៧៥.០៨៩ នាក់ ស្មើ ៥៩,៦៤% និងពាក្យសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ បានចំនួន ៥៧.៤៤៤ នាក់ ស្មើ ៤៥,៦២% ក្នុងនោះ បានចេញប្រកាស ចំនួន ២៩.១៨១ ប្រកាស មនុស្ស ៤៦.៣៨១ នាក់ ស្មើ ១៤.៤៤៩ គ្រួសារ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ចំនួន ១៨.៥៣០ សន្លឹក៕