នគរបាលចាប់មុខសញ្ញាជួញគ្រឿងញៀនម្នាក់ យកឃុំខ្លួន មិនទាន់បាន១ថ្ងៃផង ស្លាប់នៅក្នុងស្នងការខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនពាក់ព័ន្ធបទល្មើស ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវមុខហាងនំប៉័ងយ៉ីហោ ហេង ចំរើន ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ ។
តែរហូតមកដល់រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនខាងលើ ត្រូវគេរាយការណ៍ថា បានស្លាប់នៅបន្ទប់ឃុំឃាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងហើយ ដោយមិនទាន់ដឹងពីមូលហេតុ។
ជនសង្ស័យដែលស្លាប់ខាងលើ មានឈ្មោះ ពៅ សុភ័ក្រ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅមិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ថា ស្លាប់ដោយសារមូលហេតុអ្វីនៅឡើយទេ រហូតមកដល់ព្រឹកថ្ងៃទី៤កក្កដានេះ។
ទាក់ទងនឹងករណីសា្លប់ខាងលើនេះ ខាងសារព័ត៌មានបានទាក់ទងទៅលោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ប៉ុន្តែលោកឆ្លើយតបថា លោករវល់ប្រជុំជាមួយអភិបាលខេត្ត ដោយឡែក លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ក៏មិនអាចទំនាក់ទំនងសុំការបញ្ជាក់បានដែរ ។
សូមជម្រាបជូនថា នៅពេលឃាត់ខ្លួន សមត្ថកិច្ច បានរកឃើញវត្ថុតាង គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន ICE ហៅ ម៉ាទឹកកក ចំនួន ១៥កញ្ចប់ (តូច ១៤កញ្ចប់ និងធំ១កញ្ចប់) ម៉ូតូ ១គ្រឿង ទូរស័ព្ទ ១គ្រឿង VISA កាត (អេស៊ីលីដា) ១សន្លឹក កាបូបស្ពាយ ១ និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ ទៅសាកសួរ និងឃុំខ្លួន នៅក្នុងបន្ទប់ឃុំឃាំង ក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅមុនពេលបញ្ជូនទៅតុលាការខេត្តកំពង់ឆ្នាំង ស្រាប់តែនៅរសៀលថ្ងៃដដែលនេះ មានសេចក្តីរាយការណ៍មកថា ជនសង្ស័យបានស្លាប់បាត់ហើយ៕