ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនស្ត្រីម្នាក់ តាមបណ្តឹងរបស់ ឧកញ៉ា ឈាង ប៉ាក់សួរ ពាក់ព័ន្ធសំណុំរឿងដីធ្លី នៅស្រុកស្អាង , ប្រជាពលរដ្ឋ ស្រែកសុំតវ៉ាឲ្យតុលាការឲ្យដោះលែងស្រីត្រូវចោទ

80

កណ្តាល ៖ នៅព្រឹកថ្ងៃទី 4 កក្កដានេះ ក្នុងពេលដែល តុលាការខេត្តកណ្ដាល បាននាំខ្លួន ស្ត្រីត្រូវចោទមានឈ្មោះ ច្រេង សៀក ដែលជាប់ចោទប្រកាន់ ពីបទកាន់កាប់អចលនទ្រព្យអ្នកដទៃ ខុសច្បាប់ ពាក់ព័ន្ធទំនាស់ដីធ្លីជាមួយ ឧកញ៉ា ឈាង ប៉ាក់សួរ ក៏មានសាច់ញាតិ និងអ្នកភូមិ ប្រមាណជិត ១០០នាក់ បាននាំគ្នាមកតវ៉ា នៅមុខសាលាដំបូងខេត្តកណ្តាល ទាមទារឲ្យតុលាការ ដោះលែងស្ត្រីត្រូវចោទវិញ។

ក្នុងការតវ៉ានោះ ប្រជាពលរដ្ឋបានលើកបដា និងស្រែកទាមទារ ឲ្យមានការដោះលែងតំណាងរបស់ខ្លួន ។ ក្នុងបដានោះ បានសរសេរថា “លោកឧកញ៉ាឈាង ប៉ាក់សួរ រំលោភយកដីស្រែយើងខ្ញុំ សូមតុលាការអនុញ្ញាតឲ្យយើងខ្ញុំ ដែលជាម្ចាស់ដី កាន់កាប់ធ្វើស្រែវិញ។ ដីស្រែជាជីវិតរបស់យើងខ្ញុំ។ យើងខ្ញុំនឹងគ្មានអ្វីហូប បើតុលាការហាមមិនឲ្យធ្វើស្រែ។ ដីស្រែរបស់យើង គឺជាជីវិតរបស់យើង។ យើងមានសិទ្ធិប្រើប្រាស់ អាស្រ័យផល លើដីស្រែរបស់យើង”។

លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនស្ត្រីម្នាក់យកទៅឃុំខ្លួននៅពន្ធនាគារ តាមបណ្តឹងរបស់លោក ឧកញ៉ា ឈាង ប៉ាក់សួរ ពាក់ព័ន្ធសំណុំរឿងដីធ្លី នៅក្នុងស្រុកស្អាង ខេត្តកណ្តាល។

ស្ត្រីត្រូវចោទមានឈ្មោះ ច្រេង សៀក អាយុ ៥៧ឆ្នាំ មានទីលំនៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកណ្តាល ឃាត់ខ្លួនកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅគ្រាដែលលោកស្រី ចុះទៅឃាត់គ្រឿងចក្ររបស់លោក ឧកញ៉ា ឈាង ប៉ាក់សួរ កុំឲ្យកាយប្រឡាយ នៅលើដីដែលកំពុងមានទំនាស់។

នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ ស្ត្រីត្រូវចោទ ត្រូវបានកម្លាំងនគរបាល បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីឲ្យលោកចៅក្រម អ៊ី សុវណ្ណ សាកសួរ មុននឹងសម្រេចថា ត្រូវឃុំខ្លួន ឬត្រូវដោះលែង ជនត្រូវចោទ។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោកចៅក្រម អ៊ី សុវណ្ណ បានចោទប្រកាន់ស្ត្រីឈ្មោះ ច្រេង សៀក ពីបទ រំលោភកាន់កាប់អចលនវត្ថុរបស់អ្នកដទៃ ប្រព្រឹត្តនៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល កាលពីអំឡុងឆ្នាំ២០១៤ យោងតាមមាត្រា ២៤៧, មាត្រា ២៤៨ និងមាត្រា ២៥៣ នៃច្បាប់ ភូមិបាល។

ជុំវិញករណីចាប់ខ្លួនស្ត្រី ត្រូវចោទ នៅព្រឹកថ្ងៃទី 4 ខែកក្កដាឆ្នាំ 2019 នេះនៅមុខតុលាការខេត្តកណ្ដាល សាច់ញាតិ និងអ្នកភូមិ ប្រមាណជិត ១០០នាក់ បាននាំគ្នាមកតវ៉ា ទាមទារឲ្យតុលាការដោះលែង ស្ត្រីត្រូវចោទ ឲ្យមានសេរីភាពឡើងវិញ។

កូនប្រុសស្រីរបស់ស្ត្រីត្រូវចោទបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ម្តាយរបស់ពួកគេ បានទិញដី ទំហំ ៧៥ហិកតា ដែលមានទីតាំងភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ពីប្រជាពលរដ្ឋជាង ២០០គ្រួសារ កាលពីអំឡុងឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១៣ ដោយមានឯកសារទិញ លក់ ទទួលស្គាល់ ដោយអាជ្ញាធរភូមិឃុំត្រឹមត្រូវ។ នៅអំឡុងឆ្នាំ២០១៤ ស្រាប់តែមានលោក ឧកញ៉ា ឈាង ប៉ាក់សួរ ចេញមុខមកប្តឹង ទាមទារដីរបស់ម្តាយពួកគាត់ ដោយចោទប្រកាន់ថា ម្តាយរបស់ពួកគាត់ រំលោភយកដី ដែលជាកម្មសិទ្ធិរបស់លោកឧកញ៉ា។  ក្រុមគ្រួសារ និងប្រជាពលរដ្ឋ បានសំណូមពរ ឲ្យតុលាការពិចារណា ក្នុងការដោះលែងស្ត្រីត្រូវចោទ ឲ្យមានសេរីភាពវិញ។

សូមបញ្ជាក់ថា ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពី ថ្ងៃទី០២ ខែកក្កដា ២០១៩ បានឲ្យដឹងថា កិច្ចប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាបការចាប់ខ្លួនតាមដីការបស់សាលា ដំបូងខេត្តកណ្តាល ថ្ងៃអង្គារ៍ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែ កក្កដា គ.ស២០១៩ វេលាម៉ោង១៧.២៥ នាទី នៅចំណុចកំពង់ដរព្រែកតាឯក ភូមិលេខ៤ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត កណ្តាល  បានធ្វើការស្រាវជ្រាវ ចាប់ខ្លួនឈ្មោះ ច្រេង សៀក ភេទ ស្រីអាយុ៥៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរ លក់ដូរ។
ពីបទ៖  រំលោភកាន់កាប់អចលនវត្ថុអ្នកដ៏ទៃ កើតហេតុកាលពី អំឡុងឆ្នាំ២០១៤ នៅចំណុចភូមិពោធិ៍ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ដីកាលេខ.១៦០ ចុះថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩ របស់លោក អុី សុវណ្ណ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ។ បច្ចុប្បន្នបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕

អត្ថបទដែលជាប់ទាក់ទង