អនុវត្តច្បាប់ដោយមិនយោគយល់ ចាប់កម្មករសំណង់ជនជាតិចិនចំនួន២នាក់ ដែលមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដោយនៅផ្គើនបន្តធ្វើការសាងសង់អគារ
អាជ្ញាធរខេត្តព្រះសីហនុ បានឲ្យដឹងថា កម្មករសំណង់ជនជាតិចិនចំនួន២នាក់ ដែលមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដោយនៅផ្គើនបន្តធ្វើការសាងសង់អគារ ដែលអាជ្ញាធរបានហាមឃាត់បណ្តោះអាសន្នត្រូវបាន លោកគួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានបញ្ជាឱ្យឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០១៩។
ប្រភពដដែលបានបន្តថា នេះជា ការអនុវត្តវិធានការច្បាប់ដោយមិនយោគយល់ចំពោះ ជនណាមួយឡើយ ដើម្បីគ្រប់គ្រងលើគុណភាពសំណង់ ក៏ដូចជាថែរក្សានិងការពារសុវត្ថិភាពសម្រាប់អ្នកដែលនឹងចូលមករស់នៅនាពេលអនាគត។ ការឃាត់ខ្លួនជនជាតិចិនល្មើសច្បាប់នេះ គឺជាសារព្រមានជាទូទៅដល់គ្រប់ការដ្ឋានសំណង់ទាំងទ្បាយ ដើម្បីឱ្យមានការគោរពច្បាប់ក្នុងការសាងសង់នៅក្នុង ខេត្តព្រះសីហនុ។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០១៩ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ ការដ្ឋានសំណង់គ្រោងដែកចំនួន ៣ទីតាំង ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និង បានធ្វើការណែនាំឱ្យ មេការសំណង់បញ្ឈប់សកម្មភាពសាងសង់ ដោយរង់ចាំត្រួតពិនិត្យលក្ខណ:បច្ចេកទេសរួចរាល់សិន ទើបអាចឱ្យដំណើរការសាងសង់បន្ត។ មន្ត្រីជំនាញនៃរដ្ឋបាលខេត្តព្រះសីហនុ បន្តការតាមដាននិងត្រួតពិនិត្យលើការងារទាំងនេះនៅតាមការដ្ឋានសាងសង់នានាថែមទៀត៕