រឹបអូសឈើប្រភេទលេខ១ ប្រមាណជាង២៥០ម៉ែត្រត្រីគុណ ពីម្ចាស់សណ្ឋាគារអង្គរ អេរ៉ា
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានសម្រេចរឹបអូសឈើប្រភេទលេខ១ ប្រមាណជាង២៥០ម៉ែត្រត្រីគុណ ពីម្ចាស់សណ្ឋាគារអង្គរ អេរ៉ា មករក្សាទុកជាសម្បត្តិរដ្ឋ និងតម្រូវឲ្យម្ចាស់ឈើនេះ បង់ពិន័យតាមច្បាប់ស្តីពីព្រៃឈើ។ សមត្ថកិច្ចរដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា ម្ចាស់ទីតាំងឃ្លាំងឈើនោះ គឺលោកស្រី គី ឈុនឡេង ។
ថ្លែងក្នុងសន្និសីទកាសែត កាលពីព្រលប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តសៀមរាប លោកទា គឹមសុទ្ធ បានថ្លែងថា បន្ទាប់ចាប់ផ្តើមបើកប្រតិបត្តិការ កាលល្ងាចថ្ងៃទី២ មកដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នេះ កម្លាំងចម្រុះរបស់អាជ្ញាធរខេត្តសៀមរាប រួមមាន រដ្ឋបាលព្រៃឈើ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កងរាជអាវុធហត្ថ និងតំណាងស្ថាប័នអយ្យការ បានសម្រេចរឹបអូសឈើ ចំនួន២៥១ម៉ែត្រត្រីគុណ ក្នុងចំណោមឈើជាង៥០០ម៉ែត្រត្រីគុណ មករក្សាទុកជាសម្បត្តិរដ្ឋ ។ លោក បានថ្លែងថា ក្រៅពីរឹបអូសឈើ អាជ្ញាធរក៏បានតម្រូវឲ្យម្ចាស់ឈើ បង់ពិន័យជាប្រាក់គុណនឹងបី នៃតម្លៃឈើដែលរឹបអូសនេះ។ ក្នុងករណីម្ចាស់ឈើមិនព្រមបង់ សមត្ថកិច្ចរដ្ឋបាលព្រៃឈើ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ទីតាំងស្តុកឈើនេះ ស្ថិតនៅក្នុងក្នុងបរិវេណសណ្ឋាគារអង្គរអេរ៉ា ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្របតាមបណ្តោយផ្លូវជាតិលេខ៦ មានម្ចាស់ទីតាំងឃ្លាំងឈើនោះ គឺលោកស្រី គី ឈុនឡេង ។
តាមលោកទា គឹមសុទ្ធ បានឲ្យដឹងថា ឃ្លាំងស្តុកឈើមួយកន្លែងនេះ បានដំណើរការអស់រយៈពេលជាយូរឆ្នាំមកហើយ ហើយកន្លងមកសមត្ថកិច្ចក៏ធ្លាប់ធ្វើការរឹបអូសឈើ និងពិន័យដូចគ្នា ក្នុងករណីលើកនេះដែរ។ យ៉ាងណាក៏ដោយ លោកប្រធានមន្ទីរកសិកម្មរូបនេះ បានអះអាងថា តាមការអង្កេតស្រាវជ្រាវកន្លងមក ទីតាំងស្តុកឈើនេះ គឺសម្រាប់ប្រើប្រាស់កសាងសណ្ឋាគារតែប៉ុណ្ណោះ មិនមែនជាឃ្លាំងឈើសម្រាប់ការធ្វើចរាចរណ៍ចែកចាយ លក់ដូរឈើនោះឡើយ ៕