បង្ក្រាបទីតាំងបើក Internet បង្កប់ល្បែងភ្នាល់បាល់ នៅខណ្ឌទួលគោក
ភ្នំពេញ ៖ ទីតាំងបើក Internet យីហោ R7 ដែលមានទីផ្ទះលេខ៣០៥ ផ្លូវលេខ១៨២ ក្រុមទី៣៩ ភូមិ១៣ សង្កាត់ទឹកល្អក់ ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៦និង៣០នាទី ត្រូវបានកម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានសហការជាមួយគណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក បុត្រ សុភា នាយករងរដ្ឋបាលខណ្ឌទួលគោក បានចុះបង្រ្កាប និងរឹបអូសវត្ថុតាងមួយចំនួនធំ។
ក្នុងពេលចុះមកដល់ទីតាំង ក្រុមប្រតិបត្តិការ បានពិនិត្យមើលឃើញមានកុំព្យូរទ័រទាំងអស់ បើកដំណើរការ មានបើកអនឡាញបាល់ និងភ្នាល់ស៊ីសង ប៉ុន្តែពុំមានអ្នកលេង មានតែបុគ្គលិក ចំនួន២នាក់ (ស្រីម្នាក់ និងប្រុសម្នាក់) កំពុងចាំទទួលភ្ញៀវ។ តាមការអះអាងរបស់បុគ្គលិកបានឲ្យដឹងថា ទីតាំងនេះមានចាក់ភ្នាល់បាល់ ភ្លាមនោះកម្លាំងសមត្ថកិច្ច ក៏ធ្វើការបង្ក្រាបជាក់ស្ដែងតែម្ដង ។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាប បានចាប់យកវត្ថុតាងរួមមាន ១-ម៉ូនីទ័រចំនួន១៧គ្រឿង ២-CPU ចំនួន៩គ្រឿង ៣-ម៉ាស៊ីនព្រីនធ័របុងបាល់ចំនួន៣គ្រឿង ៤-ម៉ាស៊ីនថតចម្លងឯកសារចំនួន១គ្រឿង ៥-ម៉ៅចំនួន៩គ្រឿង ៦-ឃីប៊តចំនួន១០គ្រឿង ៧-ឯកសារភ្នាល់បុងបាល់ និង សន្លឹកឆ្នោតផ្សងសំណាងបាល់មួយចំនួន ។
ក្រុមប្រតិបត្តិការ សម្រេចចាប់យកវត្ថុតាង មករក្សាទុកនៅសាលាខណ្ឌទួលគោក ។ ចំណែកទីតាំងភ្នាល់បាល់អនឡាញនេះ ត្រូវសមត្ថកិច្ចសម្រេចបិទឃ្លុំបេផ្ទះ ជាបណ្ដោះអាសន្ន ចំណែកបុគ្គលិក២នាក់ បានឲ្យចូលរួមស្ដាប់ និងធ្វើកំណត់ហេតុ នៅចំពោះមុខមិនមានការឃាត់ខ្លួនមនុស្សទេ៕