សម្តេចតេជោ ហ៊ុន សែន ពង្រឹងស្មារតីជាតិជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅលើទឹកដីអឺរ៉ុប
ទីក្រុងហ្សឺណែវ ប្រទេសស្វីស ៖ នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ មកពីបណ្ដាប្រទេសមួយចំនួន ក្នុងសហគមន៍អឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ទន្ទឹមនឹងនោះ សម្តេចតេជោ បានអរគុណចំពោះការទទួលស្វាគមន៍ និងគាំទ្រពីសំណាក់បងប្អូនដោយទឹកចិត្តបរិសុទ្ធ មិនដូចការចោទ និងប្រមាថថាមានការជួល និងទិញដូរ ពីក្រុមអគតិមួយចំនួនឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយហួសចិត្ត ចំពោះការលើកឡើង ដោយក្រុមជ្រុលនិយមមួយចំនួនថា ប្រជាពលរដ្ឋមកជួបសម្តេចនាពេលនេះ គឺមានការទិញដូរ និងជួលនោះ សម្តេចតេជោ បានចាត់ទុកថា ជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ ដែលនឹកស្មានមិនដល់សោះថា ពួកគេអាចធ្វើទៅរួច។ សម្តេចតេជោ បន្តថា ការជួបគ្នារវាងសម្តេច និងប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុបនាពេលនេះ គឺជាការរត់រកគ្នានៃឈាមជ័រជាខ្មែរដូចគ្នា។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា បេសកកម្មការងារ បានបញ្ចប់ដោយជោគជ័យហើយ គឺសម្តេចនឹងដឹកនាំគណប្រតិភូវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី ៥ កក្កដានេះ។ ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានក្រុមអគតិមួយចំនួន បានប្រកាសធ្វើបាតុកម្មនៅថ្ងៃទី៥ កក្កដា ប្រឆាំងនឹងវត្តមានសម្តេចតេជោ នៅអឺរ៉ុប ។ ពួកទុច្ចរិតទាំងនោះ អាចយកឱកាសនេះជាលេសថា បាតុកម្មពួកគេ គឺបានដេញសម្តេចតេជោ ចេញពីអឺរ៉ុបបានសម្រេច។ ដូច្នេះសូមបងប្អូនជ្រាបព័ត៌មានពិតនេះ ឲ្យបានច្បាស់។ បាតុកម្មអាចនឹងកើតមាននៅក្នុងខណៈពេលដែលសម្តេច បានអញ្ជើញមកដល់ប្រទេសកម្ពុជា និងកំពុងវាយកូនហ្គោល។ ដូច្នេះនោះគឺជាបាតុកម្មអត់ន័យ ព្រោះគ្មានវត្តមានសម្តេចតេជោ នៅលើទឹកដីអឺរ៉ុប ហើយបងប្អូនក៏មិនគួរមកចូលរួមដែរ ព្រោះគ្មានប្រយោជន៍អ្វីទេ គឺខាតទាំងពេលវេលា និងខាតលុយកាក់។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាន៍ប្រាប់ដល់បងប្អូនខ្មែរនៅអឺរ៉ុបអំពី សោកនាដកម្មនៃឧប្បទ្ទវហេតុបាក់រលំអគារ៧ជាន់ នៅខេត្តព្រះសីហនុ ដែលបណ្តាលឲ្យស្លាប់មនុស្ស២៨នាក់។ មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោផ្ទាល់ រួមជាមួយក្រុមហ៊ុនឯកជនជាច្រើន គឺបានដោះស្រាយដោយផ្តល់ជាជំនួយ មូលនិធិជូនដល់គ្រួសារជនរងគ្រោះ រួចរាល់ហើយ។ សម្តេចតេជោ បានអរគុណដល់បងប្អូនខ្មែរនៅអឺរ៉ុប អាមេរិក កាណាដា អូស្រា្តលី ញ៉ូវហ្សៀឡែន ដែលបានចូលរួមបរិច្ចាគថវិកា ប្រមាជាង១៧ម៉ឺនដុល្លារ ជួយដល់ជនរងគ្រោះ។ ក្រុមការងារយុវជន នឹងយកមូលនិធិទាំងនេះ ទៅផ្តល់ជូនគ្រួសារសព និងគ្រួសាររងរបួស ដោយផ្ទាល់តែម្តង។
សម្តេចបានមានប្រសាសន៍បន្តថា តាមរយៈថវិការបស់សប្បុរសជន សម្តេចបានចែងចែក ទៅគ្រួសារសពម្នាក់ ទទួលបានថវិកាជិត១០ម៉ឺនដុល្លារ និងគ្រួសារខ្លះ បានជាង១០ម៉ឺនដុល្លារ ។ សម្តេចតេជោ ពិតជាមានមោទភាព ចំពោះសណ្តានចិត្តរបស់បងប្អូនខ្មែរយើង ដែលបានជួយគ្នាក្នុងគ្រាអាសន្ន ដូចអ្វីដែលសម្តេចបានសរសេរក្នុង Facebook ថា “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក”។
សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរ អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា។ គឺនៅដាច់ឆ្នាំ២០១៨ កំណើនសេដ្ឋកិច្ចជាតិមានរហូតដល់ ៧,៥ភាគរយ ប្រៀបធៀបជាមួយគោលដៅត្រឹម ៧,១ភាគរយ ដែលនេះជាផលិតផលធំណាស់ សម្រាប់កម្ពុជា ក្នុងកាលៈទេសៈសង្គ្រាមពាណិជ្ជកម្ម។ សម្តេចតេជោ បានថ្លែងថា ចំពោះបទពិសោធន៍ នៃកង្វះថាមពលអគ្គិសនី នៅរដូវប្រាំងឆ្នាំ២០១៩នេះ បានធ្វើឱ្យកម្ពុជាបញ្ចេញថវិកា ទិញម៉ាស៊ីនភ្លើងពីហ្វាំងឡង់ និងអាល្លឺម៉ង់ ដើម្បីទុកប្រើប្រាស់ចៀសវាងការខ្វះខាតទៀត។ នៅក្នុងជំនួបជាមួយអ្នកវិនិយោគស្វីសកន្លងមកនេះ សម្តេចតេជោ បានគាំទ្រឱ្យមានការវិនិយោគបង្កើតមន្ទីរពេទ្យថ្មីនៅភ្នំពេញបន្ថែម ព្រោះបច្ចុប្បន្នពលរដ្ឋខ្មែរច្រើនទៅព្យាបាលនៅក្រៅប្រទេស។ សម្តេចក៏បានគាំទ្រឱ្យមានការបណ្តុះបណ្តាលធនធានមនុស្ស ការវិនិយោគលើការតបណ្តាញខ្សែបញ្ជូនអគ្គិសនី ការវិនិយោគលើបច្ចេកវិទ្យា និងការអប់រំផងដែរ។
ចំពោះស្ថានភាព EBA គឺ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ដើម្បីរក្សាការវិនិយោគទុន ក្នុងស្រុក និងដើម្បីទប់ទល់ក្នុងគ្រាដែលកម្ពុជា ត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីសហភាពអឺរ៉ុប ដោយប្រការណាមួយនោះ កម្ពុជាបានកែទម្រង់ផ្ទៃក្នុងជាច្រើន ដែលបានលើកទឹកចិត្តដល់អ្នកវិនិយោគគិន ឲ្យទទួលបាននូវប្រាក់ចំណេញកាន់ច្រើនពីការវិនិយោគ។ នៅក្នុងកំណែទម្រង់មួយចំនួននោះ មានដូចជា ការកែសម្រួលស្ថាប័នគយ ការដកកាំកុងត្រូលចេញពីតាមច្រកព្រំដែន និងការលុបចោលនូវភ្នាក់ងារកម្ពុជានាវាចរ (កាត់ថាកាំសាប) ជាដើម។ បន្ថែមលើនេះ ក៏មានការកាត់បន្ថយការស្កេន (Scan) ទំនិញ តាម ទូកុងតឺន័រដែលត្រូវដឹកចេញ ឬ នាំចូល ជាពិសេស ការនាំចេញផលិតផលសម្លៀកបំពាក់ និង ស្បែកជើង ការកាត់បន្ថយថ្លៃសេវាលើកដាក់នៅតាមកំពង់ផែ ការដឹកជញ្ជូនតាមផ្លូវទឹក និងការកាត់បន្ថយថ្លៃអគ្គិសនីជាដើម។
សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតបកស្រាយជាច្រើន ពាក់ព័ន្ធការខ្ចីបំណុលរបស់ចិន ក៏ដូចជាការវិនិយោគរបស់ចិន នៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការព្យាយាមរិះគន់ និងបង្កើតការបន្ទុចបង្អាក់នានា លើទំនាក់ទំនងរវាងកម្ពុជា-ចិន គឺជារឿងភូមិសាស្ត្រនយោបាយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នមិនមែនខ្ចីតែប្រទេសចិននោះទេ គឺបានខ្ចីពីប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍន៍ជាច្រើនថែមទៀត ប៉ុន្តែអត្រាបំណុលរបស់កម្ពុជានាពេលបច្ចុប្បន្ន មានត្រឹមប្រមាណ២១ភាគរយប៉ុណ្ណោះ ធៀបនឹងផលិតផលក្នុងស្រុកសរុប ខណៈដែលច្បាប់កម្ពុជាអនុញ្ញាតឱ្យរហូតដល់ជិត៤០ភាគរយ នៃផលិតផលក្នុងស្រុកសរុបនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការខ្ចីនេះទៀតសោត កម្ពុជាបានគិតគូរល្អិតល្អន់ និងច្បាស់លាស់ណាស់ ។ កម្ពុជាខ្ចីតែប្រាក់កម្ចីមានអត្រាការប្រាក់ទាបតែប៉ុណ្ណោះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកពីតួនាទីដ៏សំខាន់របស់ចិន ក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា។ សម្តេចតេជោ បានលើកឡើងថា ប្រទេសដែលជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា មានតែ៣ប៉ុណ្ណោះ គឺជប៉ុន ចិន និងកូរ៉េខាងត្បូង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ចិន គឺជាតួអង្គដ៏សំខាន់ក្នុងការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើគ្មានចិនជួយទេ តើនរណាបំពេញចន្លោះប្រហោងរបស់កម្ពុជា។ បើមិនមានវត្តមានចិន តើស្ពានជ្រោយចង្វាទី២កើតទេ ស្ពានព្រែកក្តាម ស្ពានព្រែកតាម៉ាក់ ស្ពានសេកុងស្ទឹងត្រែង កើតទេ។ ផ្លូវប្រវែង២ពាន់គីឡូម៉ែត្រវាកើតទេ បើចិនមិនជួយ។ សម្តេចតេជោ បានថ្លែងថា៖ មានប្រទេសជាច្រើនសុទ្ធតែបានរកស៊ីជាមួយចិន តែហេតុអ្វីក៏មានរិះគន់រឿងកម្ពុជារកស៊ីជាមួយចិនទៅវិញ។ ឱ្យវិនិយោគនៅកម្ពុជា ឱ្យច្រើនដូចប្រទេសចិនទៅ បើគេខ្លាចចិនជះឥទ្ធិពលខ្លាំងលើកម្ពុជាតាមរយៈការវិនិយោគនេះ។ កម្ពុជា មិនមានការរើសអើង សម្រាប់អ្នកវិនិយោគបរទេសនោះទេ ៕