ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាបការប្រឆាំង នឹងបទល្មើសបង្ខាំងមនុស្សជំរិតទារប្រាក់ ការជួញដូរគ្រឿងញៀន ជួញដូរផ្លូវភេទ ការសម្អាតប្រាក់ និងទប់ស្កាត់ក្រុមសង្គមងងឹតបងតូចបងធំ

50

អគ្គស្នងការរង ឌី វិជ្ជា ប្រជុំផ្សព្វផ្សាយអំពីការធ្វើបច្ចុប្បន្នភាព អ្នកបម្រើតាមកាស៊ីណូ នៅខេត្តព្រះសីហនុ បានជំរុញឲ្យកងកម្លាំងសមត្ថកិច្ច បង្រ្កាបការប្រឆាំង នឹងបទល្មើសបង្ខាំងមនុស្សជំរិតទារប្រាក់ ការជួញដូរគ្រឿងញៀន ជួញដូរផ្លូវភេទ ការសម្អាតប្រាក់ និងទប់ស្កាត់ក្រុមសង្គមងងឹតបងតូចបងធំ ការប្រើប្រាស់អាវុធខុសច្បាប់។

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោក រស់ ភិរុណ អគ្គនាយករង នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយផែនការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពីការធ្វើបច្ចុប្បន្នភាពទិន្នន័យបុគ្គលិក បម្រើការងារតាមបណ្ដាកាស៊ីណូទូទាំងប្រទេស ដែលធ្វើឡើងនៅសាលប្រជុំសណ្ឋាគារសុខា ខេត្តព្រះសីហនុ។

ផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិខាងលើ គឺធ្វើឡើងដើម្បីលើកស្ទួយគោលនយោបាយសុខដុមនីយកម្ម វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ក៏ដូចជារក្សាសុវត្ថិភាព និងផលប្រយោជន៍ជូនអ្នកវិនិយោគលើវិស័យកាស៊ីណូ។

ទន្ទឹមនេះដែរ ផែនការនេះក៏មានគោលដៅធានាប្រសិទ្ធភាព ការអនុវត្តច្បាប់កាស៊ីណូ កំណត់ឲ្យបានច្បាស់លាស់ពីភាពស្របច្បាប់នៃកាស៊ីណូ អាជីវកម្មរណបដូចជា អនឡាញ រ៉ូលីង បញ្ចាំ និងបង្កើតឲ្យមានទំនាក់ទំនងជិតស្និទ្ធរវាងសមត្ថកិច្ច និងម្ចាស់អាជីវកម្មកាស៊ីណូ និងអាជីវកម្មរណប។

ការទំនាក់ទំនងជិតស្និទ្ធរវាងសមត្ថកិច្ច និងម្ចាស់អាជីវកម្ម នឹងបង្កលក្ខណៈងាយស្រួល ដល់កិច្ចអន្តរាគមន៍នៅពេល មានបញ្ហាទាន់ពេលវេលា ជាពិសេសការប្រឆាំង នឹងបទល្មើសបង្ខាំងមនុស្សជំរិតទារប្រាក់ ការជួញដូរគ្រឿងញៀន ជួញដូរផ្លូវភេទ ការសម្អាតប្រាក់ និងទប់ស្កាត់ក្រុមសង្គមងងឹតបងតូចបងធំ ការប្រើប្រាស់អាវុធខុសច្បាប់ជាដើម។

កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការចូលរួមពី សមត្ថកិច្ចពាក់ព័ន្ធដូចជា៖ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត, តំណាងរដ្ឋបាលសាលាខេត្ត, តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងជាពិសេស បណ្ដា ម្ចាស់-តំណាងម្ចាស់ អាជីវកម្មកាស៊ីណូ ដែលកំពុងប្រកបអាជីវកម្មនៅក្នុងខេត្តព្រះសីហនុចំនួន៦១កាស៊ីណូ៕

អត្ថបទដែលជាប់ទាក់ទង