កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បង្ហាញលទ្ធផលនៃការឆែកឆេរទីតាំងសន្និធិផល-អនុផលព្រៃឈើ ក្នុងក្រុងសៀមរាប ជាង៦០០ម៉ែត្រគូប
សៀមរាប៖ កាលពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៧និង៤៥នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងជំនាញចំរុះ និងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំសម្របសម្រួលពីលោក សំរឹទ្ធិ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបង្ក្រាប និងឆែកឆេរទីតាំងសន្និធិផល-អនុផលព្រៃឈើ០១កន្លែង ដែលមានទីតាំងស្ថិតនៅខាងលិចជាប់នឹងសណ្ឋាគារ អង្គរអេរ៉ា ANGKOR ERA HOTEL នៅក្នុងភូមិសាស្ត្រ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់អោយដឹងថាក្នុងកិច្ចប្រតិបត្តិការឆែកឆេរទីតាំងសន្និធិផល-អនុផលព្រៃឈើនេះ ទទួលបានលទ្ធផលគឺ ឈើចំរុះសរុបចំនួន ៥២៦.១៥៦ម៉ែត្រគូប ក្នុងនោះមានប្រភេទឈើគឺ៖
-ឈើអារតាប់ លេខ១ចំនួន ២៧៣.៤៦២ម៉ែត្រគូប
- ឈើប៉ាកេចំនួន ១៩០.៥៩៧ម៉ែត្រគូប
- ឈើសន្លឹកទ្វារចំនួន ៣៩៦ ស្មើ២៥.៨៤៨ម៉ែត្រគូប
- ឈើគ្រោងទ្វារចំនួន ១៨.៩០៤ម៉ែត្រគូប
- ឈើក្តាចំនួន ២.៤៦០ម៉ែត្រគូប
- ឈើដៃរណែងចំនួន ៥.៤៦០ម៉ែត្រគូប
- ឈើនីវ ចំនួន ៩.៤២៥ម៉ែត្រគូប។
ក្រោយពីក្រុមការងារបានវាស់វែង និងត្រួតពិនិត្យរួចមកឃើញថាៈ
-ឈើមានលិខិតអនុញ្ញាតមានចំនួន ២៧៤.៤៣៤ម៉ែត្រគូប។
- ឈើគ្មានលិខិតអនុញ្ញាតពីមន្ត្រីជំនាញមានចំនួន ២៥១.៧២២ម៉ែត្រគូប។
ចំពោះឈើដែលលើសចំនួនគឺគ្មាននៅក្នុងលិខិតអនុញ្ញាតរបស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ នឹងត្រូវបានដឹកជញ្ជូនទៅកាន់ទីតាំងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដើម្បីអនុវត្តទៅតាមនិតិវិធីនៃច្បាប់ស្តីពីព្រៃឈើ ៕