ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ដឹកនាំអាជ្ញាធរសង្កាត់ មន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យតំបន់ងាយរងគ្រោះ ដោយជំនន់ទឹកភ្លៀងនារដូវវស្សា

45

ភ្នំពេញ៖ក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នានេះ គឺនៅរសៀលថ្ងៃទី៥ និងព្រឹកថ្ងៃទី៦ខែកក្កដា ឆ្នាំ២០១៩នេះ លោកថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងអាជ្ញាធរ សង្កាត់បឹងត្របែក និងសង្កាត់ទួលទំពូងទី១ ព្រមទាំងប្រធានការិយាល័យផែនការអភិវឌ្ឍន៍​ដោយចុះពិនិត្យនូវស្ថានភាពទឹកលិច ដក់នៅលើកំណាត់ផ្លូវលេខ៤៧៤ កែងផ្លូវលេខ១២៣ ដែលស្ថិតនៅភូមិ១ សង្កាត់ទួលទំពូងទី១ ដែលជាប់នឹងភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីរកវិធីដោះស្រាយ ធ្វើការរំដោះទឹក ដែលហូរលិចលង់ដក់នៅលើផ្លូវ ដោយជំនន់ទឹកភ្លៀង ដែលបង្កការលំបាក ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាជន រស់នៅតំបន់នេះ។ បន្ទាប់មក លោកអភិបាលខណ្ឌចំការមន បានចុះពិនិត្យនៅតាមប្រឡាយទឹកស្អុយបឹងត្របែក ខណៈពេលមេឃកំពុងភ្លៀងធ្លាក់យ៉ាងជោកជាំ ដើម្បីចាត់វិធានការដោះស្រាយ ក្នុងការអន្តរាគមន៍ឲ្យទាន់ពេលវេលា នៅពេលមានទឹកភ្លៀងហូរលិចលង់ដក់នៅលើផ្លូវ និងលំនៅស្ថានប្រជាជននាតំបន់ស្របមាត់ប្រឡាយទឹកស្អុយបឹងត្របែក។ នេះគឺជាការគិតគូរ ដោយយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់នាំខណ្ឌចំការមនថេង សុថុល ដែលធ្វើឲ្យបងប្អូនប្រជាជនទូទៅ មានការពេញចិត្តជាខ្លាំង រាល់សកម្មភាពការងារ របស់លោក គឺសប្បាយរីករាយ ក្នុងការបម្រើជូនប្រជាជន និងការងារសង្គម ។
លោកថេង សុថុល អភិបាលខណ្ឌចំការមន បានលើកឡើងថា ការលំបាករបស់បងប្អូនប្រជាជន គឺជាក្ដីកង្វល់របស់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ត្រូវតែដោះស្រាយជូនពួកគាត់។
ជាមួយគ្នានេះលោកថេង សុថុល អភិបាលខណ្ឌចំការមន បានជំរុញទៅដល់លោកចៅសង្កាត់ទាំងអស់ ក្នុងមូលដ្ឋានខណ្ឌចំការមន និងការិយាល័យជំនាញ ដែលពាក់ព័ន្ធទាំងអស់ ត្រូវចុះពិនិត្យនៅកន្លែងដែលខ្លួនគ្រប់គ្រង អំពីស្ថានភាពប្រព័ន្ធលូ ឬអូប្រឡាយ និងផ្លូវថ្នល់ ព្រមទាំងតំបន់មួយចំនួនទៀត ដែលងាយរងគ្រោះ អំពីផលប៉ះពាល់ ស្ថិតនៅកន្លែងខ្លួនគ្រប់គ្រង ឬនាភូមិសាស្រ្តូសង្កាត់នីមួយៗនោះ ដើម្បីឲ្យជំនាញខណ្ឌចុះសិក្សា ពីលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដើម្បីស្ដារឬដាក់ប្រព័ន្ធលូមេ បញ្ចៀសរាល់ការលិចលង់ ដោយជំនន់ទឹកភ្លៀង នារដូវវស្សា ចេញពីផ្លូវថ្នល់ និងលំនៅប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង