ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការពារជាតិឥណ្ឌា ផ្តល់ឆ្កែហិតមីនមួយចំនួន ដល់កម្ពុជា

153

ភ្នំពេញ៖លោកស្រីរដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌា បានជម្រាបជូន សម្តេចតេជោផងដែរថា ឥណ្ឌាបានផ្តល់ជំនួយដល់កម្ពុជា លើវិស័យដោះមីន និងផ្តល់នូវឆ្កែហិតមីនមួយចំនួន ដល់កម្ពុជា និងស្នើសុំឲ្យកម្ពុជា រួមគ្នាឲ្យបានជិតស្និទ្ធ ក្នុងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពឥណ្ឌា និងកម្ពុជា ដែលកំពុងបំពេញបេសកកម្មរក្សា សន្តិភាពក្រោមឆ័ត្រ អង្គការសហប្រជាជាតិ (UN)។

នៅរសៀលថ្ងៃចន្ទទី១១ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សា ការងារជាមួយ លោកស្រី Nimala Sitharaman Honble Raksha Mantri រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា ។

លោកស្រី Nimala បានគោរពថ្លែងអំណរគុណ សម្តេចតេជោនាយករដ្ឋមន្ត្រី យ៉ាងជ្រាលជ្រៅជាទីបំផុត ដែលសម្តេចតេជោ បានអញ្ជើញទៅទស្សនកិច្ច នៅប្រទេសឥណ្ឌាកន្លងមក ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួន ក្នុងនោះក៏មានការពាក់ព័ន្ធ នឹងវិស័យឯកជនផងដែរ ដែលបានធ្វើឲ្យអ្នកវិនិយោទុន ឥណ្ឌា មានចំណាប់អារម្មណ៍ជាខ្លាំង មកលើព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះដែរ លោកស្រី Nimala បានមានប្រសាសន៍ជម្រាប សម្តេចតេជោ តាមរយៈទស្សនកិច្ចនោះ គឺបានពង្រឹង និងពង្រីកនូវទំនាក់ទំនង រវាងកម្ពុជា និងឥណ្ឌា កាន់តែល្អខ្លាំងឡើង។

នៅក្នុងដំណើរទស្សនកិច្ច របស់ លោកស្រី Nimala មកកាន់កម្ពុជានាពេលនេះ គឺដើម្បីពិនិត្យនិងជំរុញនូវអ្វី ដែលប្រមុខដឹកនាំ បានចុះហត្ថលេខារួចហើយនោះ ឲ្យទទួលបានផ្លែផ្កា។ លោកស្រី Nimala ក៏បានមានប្រសាសន៍ផងដែរថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹង និងពង្រីក នូវទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ ឲ្យកាន់តែរីកចម្រើន ខ្លាំងឡើងថែមទៀត ។

លោកស្រីរដ្ឋមន្រ្តី ក៏បានជម្រាបជូន សម្តេចតេជោផងដែរ នូវការផ្តល់ជំនួយដល់កម្ពុជា លើវិស័យដោះមីន ក្នុងនោះឥណ្ឌា នឹងផ្តល់នូវឆ្កែហិតមីនមួយចំនួន ដល់កម្ពុជា និងស្នើសុំឲ្យកម្ពុជា រួមគ្នាឲ្យបានជិតស្និទ្ធ ក្នុងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពឥណ្ឌា និងកម្ពុជា ដែលកំពុងបំពេញបេសកកម្មរក្សា សន្តិភាពក្រោមឆ័ត្រ អង្គការសហប្រជាជាតិ (UN)។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ដល់ឥណ្ឌា ដែលជាប្រទេសមួយ ដែលទទួលស្គាល់កម្ពុជា តាំងពីមុនកម្ពុជា ទទួលបានឯករាជ្យមកម្ល៉េះ ហើយក៏ជាប្រទេសទី១ ដែលទទួលស្គាល់កម្ពុជា បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានបញ្ចប់។ ជាងនោះទៅទៀត ឥណ្ឌា បានចូលរួមចំណែក ក្នុងការស្វែងរកសន្តិភាព របស់កម្ពុជា រហូតដល់ពីរដំណាក់កាល ដែលដំណាក់កាលទី ១) គឺក្នុងឆ្នាំ ១៩៥៤ និងទី២)នៅក្នុងទសវត្សរ៍ទី៨០ និងទី៩០។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់ជូននូវជំនួយ ដល់កម្ពុជាខាងលើ និង ចំពោះការផ្តល់ជំនួយលើកវិស័យដោះមីន។ សម្តេចតេជោ ពេញចិត្តនឹងអបអរសាទរ ចំពោះកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ រវាងកងទ័ពឥណ្ឌា និងកម្ពុជា ក្នុងពេលបំពេញបេសកកម្ម រក្សាសន្តិភាពក្រោមឆ័ត្រ អង្គការសហប្រជាតិ (UN)។ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ ចំពោះកិច្ចសហការ រវាងកងទ័ពឥណ្ឌា និងកម្ពុជា ព្រោះឥណ្ឌាមានបទពិសោធន៍ និងមានបណ្តាញព័ត៌មានជាច្រើន ដែលអាចជួយចែករំលែកព័ត៌មាន និងបទពិសោធន៍ ទាំងនោះដល់កម្ពុជា ដែលអាចនឹងជួយកាត់បន្ថយ ដល់ហានិភ័យដល់កងទ័ពទាំងពីរ ក្នុងពេលបំពេញភារកិច្ច ជាមួយអង្គការសហប្រជាជាតិ។ សម្តេចតេជោ ហ៊ុន សែន បានជូនពរលោកស្រីរដ្ឋមន្រ្តី ទទួលបានជោគជ័យ នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង