បំពាក់គ្រឿងឥស្សរិយយស ជូនកម្លាំងដែលបានជួយសង្គ្រោះជនរងគ្រោះ ក្នុងហេតុការណ៍រលំបាក់អគារ
ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ នេះ នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ លោកនាយឧត្តមសេនីយ៍គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយការងារថ្នាក់មាស ចំនួន៦០៩មេដាយ ជូនដល់កងកម្លាំងនគរបាល និង អង្គភាពកំពង់ផែស្វយ័ត ដែលបានចូលរួម ជួយសង្គ្រោះ ជនរងគ្រោះ ក្នុងហេតុការណ៍ រលំបាក់អគារកំពស់៧ជាន់កន្លងមក។
កម្លាំងដែលត្រូវបំពាក់មេដាយ ពេលនេះ មានចំនួន ៦០៩ នាក់ ៖ ១.ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន៤៥១នាក់ ។ ២.នាយដ្ឋាននគរបាលការពារព្រំដែនទឹក ចំនួន៩៨ នាក់ និង៣.អង្គភាពកំពង់ផែស្វយ័តចំនួន៦០នាក់។
ដោយឡែកនាព្រឹកថ្ងៃទី ៧កក្កដា ២០១៩ ដដែល ឯ.ឧ គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជេីញអមដំណេីរ លោក នាយឧត្តមសេនីយ៏ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងកម្មវិធីបំពាក់មេដាយមាស និងថវិកា ជូនដល់កងកំលាំងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន ១៥៧នាក់ ដែលបានជួយរុករកជនរងគ្រោះ និងសាកសព ក្នុងហេតុការណ៏នៃការបាក់រំលំអគារ ៧ជាន់ នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី ២២.៦.២០១៩ ។
គួររំលឹកផងដែរ ក្នុងហេតុការណ៍ រលំបាក់អគារ កម្ពស់៧ជាន់ កាលពីវេលា ម៉ោង៤:៤៧ នាទី ព្រឹកថ្ងៃទី២២ ខែមិថុនាឆ្នាំ ២០១៩ កន្លងទៅនេះ បានបណ្តាលស្លាប់មនុស្សចំនួន២៨ នាក់ រងរបួសចំនួន២៦នាក់ ។
ការរុករកជួយសង្គ្រោះជនរងគ្រោះ និង ការស្ទូចលើក អគារបាក់បែក បានធ្វើការអស់រយៈពេល៣ថ្ងៃទើបហើយរួចរាល់ ដោយប្រើប្រាស់កម្លាំងគ្រប់ផ្នែកជិតពីរពាន់នាក់៕