សម្តេចក្រឡាហោម ថា “ជាលើកដំបូងរបស់ខ្ញុំ ដែលខ្ញុំបានសម្រេចប្ដឹងជាលក្ខណៈឯកជន ចំពោះបុគ្គល សម រង្ស៊ី”
ភ្នំពេញ៖ សម្តេចក្រឡាហោម បានថ្លែងថា “ស្ទើរពេញមួយជីវិតរបស់ខ្ញុំ មកដល់ពេលនេះ ខ្ញុំមិនដែលជាប់ពាក់ព័ន្ធនឹងការប្តឹងផ្តល់ ឬមានក្តីក្តាំជាមួយបុគ្គលណាមួយឡើយ ។ នេះគឺជាពាក្យបណ្ដឹងលើកដំបូងរបស់ខ្ញុំ ដែលខ្ញុំបានសម្រេចប្ដឹងជាលក្ខណៈឯកជនចំពោះបុគ្គល សម រង្ស៊ី”។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានសរសេរផេកហ្វេសប៊ុកផ្លូវការថា ខ្ញុំសូមជម្រាបជូនសាធារណជន និងបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបថា ស្ទើរពេញមួយជីវិតរបស់ខ្ញុំមកដល់ពេលនេះ ខ្ញុំមិនដែលជាប់ពាក់ព័ន្ធនឹងការប្តឹងផ្តល់ ឬមានក្តីក្តាំជាមួយបុគ្គលណាមួយឡើយ ។ នេះគឺជាពាក្យបណ្ដឹងលើកដំបូងរបស់ខ្ញុំ ដែលខ្ញុំបានសម្រេចប្ដឹងជាលក្ខណៈឯកជនចំពោះបុគ្គល សម រង្ស៊ី ។
ការសម្រេចចិត្តដាក់ពាក្យបណ្តឹងនេះ គឺជាការដាស់តឿនដល់អ្នកនយោបាយមួយចំនួន ឲ្យប្រកាន់ខ្ជាប់នូវ សេចក្តីថ្លៃថ្នូរ សីលធម៌ និងគុណធម៌ក្នុងវិជ្ជាជីវៈ ចៀសវាងការប្រឌិតព័ត៌មានដើម្បីញុះញង់បំផុសបំផុល ក្នុងចេតនាទុច្ចរិតមួលបង្កាច់ និងបំបែកបំបាក់ ដើម្បីបំពេញគោលបំណង និងមហិច្ឆតាអគតិរបស់ខ្លួន និងក្រុមខ្លួន ។
ពាក្យបណ្តឹងនេះ ក៏ដើម្បីទាមទារយុត្តិធម៌ដល់រូបខ្ញុំ និងអ្នករងគ្រោះទាំងអស់ ដែលត្រូវបានបុគ្គល សម រង្ស៊ី ធ្វើការលាបពណ៌ និងចោទប្រកាន់បំភ្លៃការពិត ។
សម្តេច ស ខេង បានបន្ថែមថា “ខ្ញុំក៏សូមអំពាវនាវដល់អ្នកនយោបាយទាំងអស់ គប្បីប្រកាន់ខ្ជាប់នូវសម្បជញ្ញៈ និងមនសិការ ក្នុងសកម្មភាព របស់ខ្លួន ដោយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ជាជាងការប្រព្រឹត្តនូវអំពើដែលនាំឲ្យមានការបែកបាក់ក្នុងសង្គម និងធ្វើឲ្យខាតបង់ដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន” ។
សូមបញ្ជាក់ថា ក្រុមមេធាវីចំនួន៣នាក់ តំណាងដោយអាណត្តិរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងលោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស អំពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។
ពាក្យបណ្តឹងនេះ ក្រុមមេធាវី បានជម្រាបជូនលោកព្រះរាជអាជ្ញា ជ្រាបថា កាលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ឈ្មោះសម រង្ស៊ី បានបង្ហោះសារលើបណ្តាញសង្គមទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ពីការទទួលមរណភាពរបស់ លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ មានខ្លឹមសារថា ” ឥឡូវនេះ លោក ឌី វិជ្ជា ដឹងច្បាស់ពីឃាតកម្មលើបិតារបស់លោក។ លោក ឌី វិជ្ជា កំពុងគិតគូរអំពីផែនការសងសឹក បិតារបស់លោក។ ផែនការនេះ មានការគាំទ្រពីលោកស ខេង ពីព្រោះលោក ស ខេង ដឹងខ្លួនថា លោក ហ៊ុន សែន កំពុងរៀបចំផែនការដកតំណែងរបស់គាត់ ឬក៏កម្ចាត់គាត់តែម្តង ដើម្បីឲ្យកូនប្រុសបង្កើតរបស់លោក ហ៊ុន សែន គឺលោកហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី មកបន្តលោកហ៊ុន សែន ដោយមិនមាននរណាអាចរារាំងបាន ចំពោះនយោបាយគ្រួសារនិយម របស់លោក ហ៊ុន សែន នេះ”។
ក្រោមមកទៀត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ឈ្មោះ សម រង្ស៊ី បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ដោយក្នុងបទសម្ភាស់នោះ ឈ្មោះ សម រង្ស៊ី បាននិយាយនូវខ្លឹមសារប្រហាក់ប្រហែលនឹងសារលើហ្វេសប៊ុករបស់ខ្លួនដែរ។
ក្នុងលិខិតពាក្យបណ្តឹងរបស់ក្រុមមេធាវីសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការប្រឌិតព័ត៌មានទម្លាក់កំហុស និងមួលបង្កាច់របស់ឈ្មោះ សម រង្ស៊ី ខាងលើនេះ ដើម្បីឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល មានការសង្ស័យគ្នា និងបែកបាក់សាមគ្គីផ្ទៃក្នុង ដែលអាចធ្វើឲ្យមានវិវាទផ្ទៃក្នុងរបស់រាជរដ្ឋាភិបាល។ ទង្វើទាំងនេះ បញ្ជាក់យ៉ាងច្បាស់ថា ឈ្មោះ សម រង្ស៊ី មានចេតនាទុច្ចរិតក្នុងការញុះញង់ បំផុសបំផុលធ្វើឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង របស់ថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាល ក៏ដូចជាជួរថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យមានចលាចល និងភាពវឹកវរយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម បំផ្លិចបំផ្លាញដល់ស្ថេរភាពនយោបាយ និងសន្តិភាពរបស់ជាតិទាំងមូល។
ក្នុងពាក្យបណ្តឹងនេះ ក្រុមមេធានីតំណាងដោយអាណត្តិរបស់សម្តេចក្រឡាហោម ស ខេង បានទាមទារឱ្យតុលាការ ចោទប្រកាន់លោកសម រង្ស៊ី និងផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ឱ្យបានធ្ងន់ធ្ងរ និងទាមទារសំណងជំងឺចិត្តចំនួន៤ពាន់លានរៀល ដល់សម្តេចក្រឡាហោម ស ខេង។
បើតាម លោក ហាក់ សៀកលី មេធាវីរបស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ពាក្យបណ្តឹងនេះ ត្រូវបានក្រុមមេធាវីសម្តេចក្រឡាហោម ដាក់ជូនតុលាការកាលពីថ្ងៃទី២ ខែកក្កដា ដើម្បីឱ្យតុលាការរកយុត្តិធម៌ ជូនសម្តេចក្រឡាហោម។
ចំណែក លោក គុជ គឹមឡុង អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា តំណាងអយ្យការបានទទួលនូវពាក្យបណ្តឹងនេះ រួចហើយ តាំងពីថ្ងៃទី២ ខែកក្កដា ហើយពេលនេះ តំណាងអយ្យការកំពុងចាត់ការទៅតាមនីតិវិធីច្បាប់៕