អ្នកបើកម៉ូតូ ខ្វះការប្រុងប្រយ័ត្ន ក្នុងពេលឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់ម្នាក់
កណ្តាល៖ រន្ធត់ណាស់ មានករណីគ្រោះថ្នាក់ចរាចររវាងរថយន្តនិងម៉ូតូបណ្តាលឲ្យស្លាប់១នាក់ស្រី និង របួស២នាក់ស្រី១នាក់ ធ្ងន់១នាក់ស្រី-ខូចខាតម៉ូតូ១គ្រឿងធ្ងន់-រថយន្ត១គ្រឿង ស្រាល ចំណែកអ្នកបើកបររថយន្តឃាត់ខ្លួន១នាក់ ត្រូវចាប់ខ្លួន។
ករណីនេះកើតហេតុនៅថ្ងៃសុក្រ០ទី១៣ ខែកក្ដដា ឆ្នាំ២០១៨ វេលាម៉ោង១៦នៅចំណុចផ្លូវលេខ២១ ស្ថិតនៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
នគរបាលស្រុកស្អាង បានឲ្យដឹងថា មានម៉ូតូម៉ាកហុងដា សេ១២៥ (សេរី២០១៦) ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1FL-2772 បើកបរដោយ ឈ្មោះភោគ សំអុល ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរៈបើកបររថយន្ត(មិនពាក់មួក)មានទីលំនៅភូមិត្រពាំងស្ដុកគ្រួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រួមដំណើរជាមួយឈ្មោះភួង សុគុន្ធ ភេទស្រី អាយុ៣២ឆ្នាំ មិនពាក់មួក មុខរបរកម្មការិនី(ត្រូវជាគូដណ្ដឹង)របួសធ្ងន់ និងឈ្មោះភួង ស្រីពៅ ភេទស្រី អាយុ១១ឆ្នាំ មុខរបរសិស្ស ត្រូវជាប្អូនថ្លៃ(មិនពាក់មួក)មានទីនៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាលស្លាប់នៅកន្លែងកើតហតុ បានបើកបរម៉ូតូក្នុងទិសដៅពីត្បូងមកជើង ។ លុះមកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូខាងលើ បានបត់ឆ្វេងឆ្លងផ្លូវពីកើតមកលិច ធ្វើឲ្យអ្នកបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្នានស្លាកលេខ បើកបរឈ្មោះឃុន វិបាន ភេទប្រុសអាយុ១៩ឆ្នាំ (ឃាត់ខ្លួន) មានទីលំនៅភូមិត្រាំត្រសរ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ រួមដំណើរជាមួយឈ្មោះសន ស៊ុយ ភេទប្រុស អាយុ៣០ឆ្នាំមុខរបរបើកបររថយន្ត មានទីលំនៅភូមិត្រពាំងអំពិល ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលកំពុងបើកស្របទិសគ្នា ពីត្បូងមកជើង គេចមិនទាន់ ក៏បុកពីក្រោយបណ្ដាលឲ្យដួលម៉ូតូខ្ទាតមនុស្សចូលក្រោមកង់រថយន្ត ហើយត្រូវរថយន្តកិនស្លាប់១នាក់ ស្រី និងរងរបួសធ្ងន់១នាក់ ស្រី របួសស្រាល១នាក់ ប្រុស ។
អ្នករងរបួសត្រូវបានក្រុមគ្រួសារ ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ ចំណែកសាកសពបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នកបើកបររថយន្តបានឃាត់ខ្លួន យកមកសាកសួរនៅអធិការដ្ឋាន ។
បន្ទាប់ពីសមត្ថកិច្ចធ្វើការពិនិត្យនិងវាស់វែងទីកន្លែងកើតហេតុរួច ក៏បានយកវត្ថុតាងទាំងពីរមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ។
នគរបាលបានសន្និដ្ឋានថា: ករណីនេះបង្កឡើងដោយអ្នកបើកម៉ូតូ ធ្វេសប្រហែស ខ្ចីខ្ចា ខ្វះការប្រុងប្រយ័ត្ន ក្នុងពេលឆ្លងផ្លូវ ចំណែកអ្នកបើករថយន្តបើកក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្ន ទើបបង្កអោយមានគ្រោះថ្នាក់ចរាចរកើតឡើង ៕