ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងរៀបចំដែនដី ប្រកាសមិនដោះស្រាយទំនាស់ដីធ្លី រវាងពលរដ្ឋ ១៩៧គ្រួសារជាមួយក្រុមហ៊ុនហេង ហ៊ុយ នៅស្រុកស្រែអំបិល ទោះបីពលរដ្ឋស្រែកយំមុខក្រសួង

91

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចមិនដោះស្រាយបញ្ហាដីធ្លី តាមការទាមទាររបស់ប្រជាពលរដ្ឋ ១៩៧គ្រួសារ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខ័លឈ័រគ្រប នៅភូមិតានី ភូមិជីខ ភូមិឈូក ឃុំជីខលើ និងភូមិចំបក់ ឃុំជីខក្រោម នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុងនោះទេ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដី បានឱ្យដឹងថា តាមការពិនិត្យឯកសារពាក់ព័ន្ធនឹងការដោះស្រាយកន្លងមកឃើញថា នៅលើទីតាំងដី ដែលប្រជាពលរដ្ឋ ១៩៧គ្រួសារ កំពុងទាមទារនោះ ជាទីតាំងដីដែលធ្លាប់មានវិវាទរវាងក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខ័លឈ័រគ្រុប ជាមួយក្រុមប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន ៦៩គ្រួសារ, ក្រុមប្រជាពលរដ្ឋ ២៦ គ្រួសារ, ក្រុមប្រជាពលរដ្ឋ ១៥គ្រួសារ, ក្រុមប្រជាពលរដ្ឋ ៩គ្រួសារ, ក្រុមប្រជាពលរដ្ឋ ២គ្រួសារ និងឈ្មោះ សុខ ហុង ហើយត្រូវបានដោះស្រាយរួចរាល់ទាំងស្រុង ដោយអាជ្ញាធរមូលដ្ឋាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងតុលាការគ្រប់ថ្នាក់។ ផ្អែកលើការដោះស្រាយនេះនៅឆ្នាំ២០១១ ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខ័លឈ័រគ្រុប បានទទួលគ្រប់គ្រងដីនេះជាកម្មសិទ្ធិស្របច្បាប់រហូតមក។
ក្រសួងរៀបចំដែនដី បានបញ្ជាក់ទៀតថា ចាប់ពីឆ្នាំ២០០៧ មកប្រជាពលរដ្ឋទាំង១៩៧គ្រួសារ ខាងលើនេះ មិនដែលធ្លាប់បានដាក់ពាក្យប្តឹងតវ៉ាទាមទារក្នុងសំណុំរឿងនេះទេ។ ជាពិសេសនៅក្នុងអំឡុងពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៃកិច្ចដំណើរការទទួលពាក្យបណ្តឹង និងការបំពេញសលាកបត្រព័ត៌មានទាមទារដីធ្លី របស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងវិវាទដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅ ក្នុងខេត្តកោះកុង ក៏មិនដែលមានប្រជាពលរដ្ឋចំនួន ១៩៧ គ្រួសារខាងលើនេះចូលរួមដែរ។

សូមបញ្ជាក់ថា ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ប្រកាសមិនទទួលសំណើ មិនទទួល និងជំរុញទៅអាជ្ញាធរឲ្យចាត់វិធានការផ្លូវច្បាប់លើពលរដ្ឋ១៩៧គ្រួសារ ដែលមកតវ៉ា រឿងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អេគ្រីខាល់ឈ័រគ្រុប ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ។ តំណាងពលរដ្ឋ បាននិយាយថា ប្រជាពលរដ្ឋពួកខ្ញុំបាត់បង់ដីធ្លីពិតមែន ហេតុអីបានជាគាត់មិនដោះស្រាយឲ្យ ពួកខ្ញុំមិនត្រូវបានគេដោះស្រាយឲ្យទេ។ គេដោះស្រាយឲ្យតែអ្នករងប៉ះពាល់ជាមួយលោក លី យ៉ុងផាត់ ទេ ខាង ហេង ហ៊ុយ មិនបានដោះស្រាយទេ។

ក្រសួង រៀបចំ ដែនដី បានប្រកាសកាលពីថ្ងៃទី១ ខែកក្កដា ថា ក្រសួងបានដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ៩៨៧គ្រួសារដែលមានវិវាទដីធ្លីពាក់ព័ន្ធដំណាំអំពៅផលិតស្ករសរនាំចេញ ស្ថិតក្នុងខេត្តកោះកុងនោះ ចប់ជាស្ថាពរយូរហើយ។ ក្រសួងជំនាញ ក៏បាន បានបដិសេធចំពោះពលរដ្ឋ ១៩៧គ្រួសារដែលឡើងមកតវ៉ានេះ ដោយថា ពលរដ្ឋទាំងនោះមិនជាប់ពាក់ព័ន្ធនឹងករណីវិវាទដីធ្លីនោះទេ។
ក្នុងលិខិតរបស់រដ្ឋបាលខេត្តកោះកុងចុះថ្ងៃទី១ ខែកក្កដា ផ្ញើជូនក្រុមពលរដ្ឋ ១៩៧គ្រួសារ គឺអភិបាលរងខេត្ត លោក សុខ សុទ្ធី ប្រាប់ពលរដ្ឋថា បញ្ហាជម្លោះដីធ្លីរវាងពលរដ្ឋ ១៩៧គ្រួសារជាមួយក្រុមហ៊ុន ហេង ហ៊ុយ អេគ្រីខាល់ឈ័រគ្រុប ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ហើយពលរដ្ឋសុំកាត់ឆ្វៀលដី ៤២១ហិកតានោះ គឺស្ថិតនៅលើដីមានប័ណ្ណកម្មសិទ្ធរួចទៅហើយ ដែលកាន់កាប់ដោយម្ចាស់ក្រុមហ៊ុន ហេង ហ៊ុយ។
ក្នុងលិខិតដដែលនេះលោក សុខ សុទ្ធី បញ្ជាក់ប្រាប់ពលរដ្ឋថា វាហួសពីដែនសមត្ថកិច្ចរបស់អាជ្ញាធរខេត្តក្នុងការដោះស្រាយ ដោយថា ការដោះស្រាយបញ្ហានេះ គឺជាសមត្ថកិច្ចរបស់ស្ថាប័នតុលាការ។

ក្រសួងរៀបចំដែនដីបានដោះស្រាយបញ្ចប់ជម្លោះដីធ្លីជូនពលរដ្ឋ ៩៨៧គ្រួសារជាមួយក្រុមហ៊ុនស្ករអំពៅចំនួន២ ដែលមានជនជាតិថៃជាអ្នកវិនិយោគ ហើយលោក លី យ៉ុង ផាត់ ជាម្ចាស់ ប៉ុន្តែ មិនបានដោះស្រាយវិវាទដីធ្លីជូនពលរដ្ឋ ១៩៧គ្រួសារ ដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុនរបស់លោក ហេង ហ៊ុយ នោះទេ។

យោងតាមញត្តិរបស់ប្រជាពលរដ្ឋដាក់ទៅក្រសួងរៀបចំដែនដីបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ១៩៧គ្រួសារ កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អេគ្រីខាល់ឈ័រគ្រុប ចាប់តាំងពីឆ្នាំ២០០៧មក។ ក្នុងញត្តិនេះ បានបញ្ជាក់ថា ដីដែលមានជម្លោះនោះមានទីតាំងស្ថិតនៅភូមិតានី ភូមិជីខ ភូមិឈូក ក្នុងឃុំជីខលើ និងដីក្នុងភូមិចំបក់ ស្ថិតនៅក្នុងឃុំជីខក្រោម។
ក្នុងញត្តិដដែលនេះ ប្រជាពលរដ្ឋបានស្នើសុំឆ្វៀលកាត់ដីទំហំ ៤២១ហិកតា ចេញពីដីទីតាំងអនុវត្តគម្រោងរបស់ក្រុមហ៊ុន ហេង ហ៊ុយ ដោយប្រគល់ឲ្យមកប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិវិញ។ ប្រជាពលរដ្ឋក៏ទាមទារសំណងចំនួន ៧០០០ដុល្លារ ក្នុងមួយគ្រួសារផងដែរ។

ប្រជាពលរដ្ឋ ប្រហែលជាង ១០០នាក់ ដែល អះអាងថា កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អេគ្រីខាល់ឈ័រគ្រុប ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានផ្ទុះការតវ៉ាជាថ្មី
កាលពីថ្ងៃចន្ទដើមសបា្តហ៍នេះ ពលរដ្ឋជាង១០០នាក់ ដែលអះអាងថា តំណាងឲ្យពលរដ្ឋ១៩៧គ្រួសារ មកពីឃុំជីខលើ និងជីខក្រោម បានមកតវ៉ាមុខក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ ម្តងរួចមកហើយ ដើម្បី ស្នើ សុំក្រសួងជួយដោះស្រាយ បញ្ហា ជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ។ ប៉ុន្តែ ក្រោយក្រុមពលរដ្ឋត្រឡប់ទៅផ្ទះវិញ ក្រសួងបានចេញសេចក្តីប្រកាសព័ត៌មានមួយច្រានចោលពលរដ្ឋ១៩៧គ្រួសារនេះ ដោយថា ពលរដ្ឋទាំងនោះមិនជាប់ពាក់ព័ន្ធនឹងករណីវិវាទដីធ្លីដែលត្រូវដោះស្រាយឡើយ។

អ្នកស្រី ដេត ហួ ដែលអះអាងថា ជាតំណាងពលរដ្ឋនៅកន្លែងតវ៉ាមុខក្រសួងរៀបចំដែនដីបាននិយាយថា អ្នកភូមិមានការខកចិត្ត និងឈឺចាប់ ដែលពួកគាត់ត្រូវបានក្រុមហ៊ុនរំលោភយកដីធ្លីហើយ បែរជាក្រសួងប្រកាសមិនដោះស្រាយ និងជំរុញឲ្យចាត់វិធានការផ្លូវច្បាប់ទៀតនោះ។
អ្នកស្រីបន្ថែមថា៖ «ក្រសួងគាត់អត់បានស្តាប់ហេតុផលរបស់ពួកខ្ញុំទេ ហេតុអីបានជាគាត់ធ្វើអីចឹង? ការធ្វើអីចឹង វាអយុត្តិធម៌សម្រាប់ពួកខ្ញុំពេកហើយ អត់មានអាណិតពួកខ្ញុំទេ ប្រជាពលរដ្ឋពួកខ្ញុំបាត់បង់ដីធ្លីពិតមែន ហេតុអីបានជាគាត់មិនដោះស្រាយឲ្យ? ពួកខ្ញុំមិនត្រូវបានគេដោះស្រាយឲ្យទេ។ គេដោះស្រាយឲ្យតែអ្នករងប៉ះពាល់ជាមួយលោក លី យ៉ុងផាត់ ទេ ខាង ហេង ហ៊ុយ មិនបានដោះស្រាយទេ»៕

អត្ថបទដែលជាប់ទាក់ទង