ព្រះមហាក្សត្រយាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធី រុក្ខទិវា នៅខេត្តក្រចេះ
(ក្រចេះ)៖ ព្រះរាជពិធីបុណ្យរុក្ខទិវាក្រោមព្រះរាជអធិបតី ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិស្រែត្បែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩។
ព្រះរាជពិធីនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ សម្តេច លោក លោកស្រី ដែលជាប្រធាន អនុប្រធាន និងសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងប្រមុខ ក៏ដូចជាសមាជិករាជរដ្ឋាភិបាល ព្រមទាំងវត្តមានរបស់សម្ដេច ព្រះអង្គម្ចាស់ ទ្រង់ លោក លោកស្រី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្ដរជាតិ និងបងប្អូនជនរួមជាតិមួយចំនួន រស់នៅជិតតំបន់នោះទៀតផង។
ដើម្បីអបអរ រុក្ខទិវា ៩កក្កដា នៅក្នុងឆ្នាំ២០១៩នេះ កូនឈើកម្រ និងប្រណិតចំនួន ១៣១៣៥ដើម នឹងត្រូវដាំលើផ្ទៃដីសរុប ១០ហិកតា ដែលក្នុងនោះ រួមមាន៖ កកោះ ៣០០០ដើម អង្កាញ់ ៤៥០០ដើម ធ្នង់ ៣០០០ដើម គ្រញូង ២០០០ដើម ធ្នង់ដើមធំមានកម្ពស់ជាង ២ម៉ែត្រ ចំនួន ៦០០ដើម និង គគីរដើមធំ មានកម្ពស់ជាង២ម៉ែត្រ ចំនួន ៣៥ដើម។
ក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអបអរសាទរបុណ្យ រុក្ខទិវា០៩ ខែកក្កដា ឆ្នាំ២០១៩។
បុណ្យ រុក្ខទិវា បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងការថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេសដើម្បីថែរក្សា ការពារ និងបណ្តុះគំនិតស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ។ រុក្ខទិវា ឆ្នាំ
២០១៩ត្រូវប្រារព្ធធ្វើឡើងនៅក្នុងភូមិ ស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរណ៍ ខេត្តក្រចេះ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមបណ្តុះគំនិត នៃការស្រឡាញ់ដើមឈើ ចូលរួមដាំដុះ ថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លូនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវៈចម្រុះផងដែរ។
អរគុណក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាគម អង្គការជាតិ និងអន្តរជាតិ ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សាការពារ និងដាំដុះដើមឈើកាន់តែច្រើនឡើងនៅទូទាំងប្រទេស។
នាឱកាសនោះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា មានព្រះរាជបន្ទូល អំពាវនាវឱ្យប្រជារាស្រ្តកម្ពុជា ត្រូវរួមគ្នាដាំដើមឈើឡើងវិញ នៅគ្រប់ទិសទី ដើម្បីបង្កើនធនធានព្រៃឈើ ក្នុងការក្សានិយតភាព នៃប្រភពទឹក សម្រួលធាតុអាកាសឱ្យមានប្រក្រតី ភាពអនុគ្រោះដល់ជីវិតរស់នៅ របស់មនុស្សសត្វ និងអំណោយផលដ៏ប្រសើរ ដល់ការដាំដុះដំណាំសព្វសារពើរបស់ប្រជារាស្រ្ត។
ព្រះករុណា ព្រះមហាក្សត្រ បានអំពាវនាវដល់អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ខិតខំប្រឹងប្រែងដាំដើមឈើ នៅតាមទីធ្លា សាធារណៈនានា ឱ្យបានច្រើន ដើម្បីជាម្លប់ប្រជានុរាស្រ្ត និងអំពាវនាវឱ្យសហគមន៍មូលដ្ឋាន សូមចូលរួមគ្រប់គ្រងថែរក្សាការពារ និងដាំដុះព្រៃឈើ ដែលអាចផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសម្រាប់ទ្រទ្រង់ជីវភាពរបស់ប្រជាជនយើង។
សូមបញ្ជាក់ថា រុក្ខទិវាបានបដិសន្ធិឡើងនៅសម័យសង្គមរាស្រ្តនិយម ក្រោមព្រះរាជតម្រិះ និងព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លា របស់ព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ តាំងពីទសវត្សរ៍ទី៥០មក ដោយមានការចូលរួមផុសផុលពី ប្រជានុរាស្ត្រទូទាំងផ្ទៃនគរកម្ពុជា។
គួរជម្រាបថា រុក្ខទិវា ត្រូវបានរាជរដ្ឋាភិបាលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋគ្រប់ទិសទីឱ្យចូលរួម ដាំឈើថែរក្សាការពារព្រៃឈើ ព្រៃលិចទឹក ជីវៈចម្រុះគ្រប់ប្រភេទ ក្នុងស្មារតីស្រឡាញ់ព្រៃឈើ និងធនធានធម្មជាតិ ដែលជាមរតកដ៏មានតម្លៃ ជាពិសេសសម្រាប់ទ្រទ្រង់ជីវិតរស់នៅរបស់យើងគ្រប់ៗរូប ក៏ដូចជា សត្តនិករ ទាំងឡាយនៅលើភពផែនដី និងអនាគតរុងរឿង នៃកូនចៅជំនាន់ក្រោយៗ ទៀតតរៀងទៅ៕