លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាំយកទៀនវស្សា និងទេយ្យទានប្រគេន ដល់ព្រះសង្ឈ៣៣វត្ត
ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកឧកញ៉ា ផែ ហុកឈួន និងលោកស្រីឧកញ៉ា អ៊ឹង ស៊ីស្រ៊ន និងពុទ្ធបរិស័ទ បាននាំយកទៀន វស្សានិងទេយ្យទានប្រគេនដល់ព្រះសង្ឈ៣៣វត្ត នៅរាជធានី ភ្នំពេញ និងតាមបណ្តាខេត្តនានា ដែល ពិធីនេះត្រូវបានរៀបចំឡើង នៅភោជនីដ្ឋានសូរិយា រាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ៧
កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ការចូលព្រះវស្សា គឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម ដែលមានរយៈពេល៣ខែ ពោលគឺចាប់ថ្ងៃ១រោចខែអាសាធ ដល់ទី១៥ កើតខែអស្សុជ។ ការបញ្ញត្តិឲ្យមានការកាន់ព្រះវស្សា គឺព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះបំណងចង់ឲ្យព្រះសង្ឃ មានភាពងាយស្រួលក្នុងរដូវវស្សារយៈពេលបីខែនេះ ដែលជារដូវពោរពេញទៅដោយភ្លៀងធ្លាក់ ជោគជាំ សម្បូរភក់ជ្រាំច្រើន។ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈ សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ ។
លោកស្រីបានបន្ដថា៖ ពិធីបុណ្យចូលព្រះវស្សា គឺជាការរៀបចំឲ្យឈប់សម្រាកនៅទីណាមួយ រឺក្នុងវត្តអារាមណាមួយក្នុងរយៈពេល៣ខែក្នុងរដូវធ្លាក់ភ្លៀង និង មិនអនុញ្ញាតអោយនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ រឺនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុង រយៈពេល ៧ថ្ងៃ។ តាមទម្លាប់ពុទ្ធបរិស័ទតែងតែនាំយកនូវទេយ្យ
ទានដូចជា បច្ច័យ អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់សាដក និងគ្រឿងសម្ភារៈដដៃ ទៀត ទៅប្រគេនព្រះសង្ឃតាមវត្តអារាម ដើម្បីផ្គត់ផ្គង់ព្រះអង្គក្នុងកំឡុងពេលនៃការចូលព្រះវស្សានេះ ។ ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ បងប្អូនខ្មែរក៏បានជាវទានវស្សាទៅ ប្រគេនព្រះសង្ឈផងដែរ ព្រោះយើងមានជំនឿថាពន្លឺទៀនគឺជួយបំភ្លឺអនាគតជាតិអោយភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើន ដោយអំពើល្អ សេចក្តីល្អហើយគេត្រូវរក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់រយៈពេលបីខែ។ មួយវិញទៀតនេះជាការជួយដល់វត្តអារាមក្នុងការមានទៀនប្រើប្រាស់ដើម្បីដុតបំភ្លឺនៅពេលយប់ផងដែរ៕