ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រភេទទម្ងន់ថ្មីនៃព្រឹត្តិការណ៍TV5 Boxing Knock-Out

99


​ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementបានបញ្ចប់ប្រភេទទម្ងន់៥៤គីឡូក្រាម ហើយដោយជើងឯកបានទៅអ្នកប្រដាល់ខេម ចាន់មកពីក្លិបទ័ពឆ័ត្រយោង៩១១ ។

​ប្រភេទទម្ងន់ថ្មីគឺទម្ងន់៦០គីឡូក្រាមនឹងចាប់ផ្ដើមពីថ្ងៃទី១៣កក្កដាទៅហើយដោយមានអ្នកប្រដាល់ចំនួន៣២រូបមកពី៣២សមាគម-ក្លិបទូទាំងប្រទេស ។ ការប្រកួតជម្រុះចែកជា៣ជុំគឺជុំទី១ជម្រុះពី៣២រូបមកនៅសល់១៦រូបគឺអ្នកចាញ់ដើរចេញឯអ្នកឈ្នះប្រកួតបន្តទៅជុំទី២ទៀត ។ សូមបញ្ជាក់ថាព្រឹត្តិការណ៍នេះប្រកួតតែ៣ទឹកប៉ុណ្ណោះ ។

​ជុំទី២ជម្រុះពី១៦រូបមកនៅសល់៨រូប និងជុំទី៣ជម្រុះពី៨រូបទុក៤រូបដើម្បីប្រកួតបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។អ្នកឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រកួតគ្នាដណ្ដើមជើងឯកដែលមានប្រាក់រង្វាន់៤.០០០ដុល្លារ ឯអ្នកចាញ់បាន២.០០០ដុល្លារ ។អ្នកចាញ់នៅវគ្គពាក់កណ្ដាលផ្ដច់ព្រ័ត្រប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ដែលអ្នកឈ្នះបាន១.០០០ដុល្លារ ចំពោះអ្នកចាញ់បានរង្វាន់លួងចិត្ត៥០០ដុល្លារ ។
​សម្រាប់ថ្ងៃទី១៣កក្កដានេះមានការប្រកួត២គូ ។ ឡូញ វ៉ាន់ឌីក្លិបពន្លឺវិបុលប្រកួតជាមួយអ្នកប្រដាល់សេក គឹមសាន្ដមកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ។

​អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែមានចិត្តធំដូចគ្នា ។ ជាមួយនឹងកម្លាំងវ៉ៃត្រឹម៣ទឹកគឺមិនមែនជាឧបសគ្គរបស់ពួកគេឡើយ ។ពួកគេប្រាកដជាចាប់ផ្ដើមវាយប្រហារគ្នាតាំងពីទឹកទី១ទៅហើយ សំគេរកឱកាសដើម្បីផ្ដួលគូប្រកួតឲ្យបានលឿន ។

​អ្នកប្រដាល់ទាំង២រូបនេះនរណាខ្ទាតចេញពីការប្រកួត ហើយនរណាប្រជែងបានកៅអីសម្រាប់ឡើងប្រកួតបន្តនៅជុំទី២ទៀត ។

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរលន់ សៀកឡេងក្លិបព្រៃទទឹងគុនខ្មែរខេត្តកំពង់ស្ពឺប្រកួតជាមួយអ្នកប្រដាល់វ័យចំណាស់នួន រ៉ាថេនរបស់ក្លិបតាឯកដំបងដែកមានរិទ្ធ ។

​សៀកឡេងប៉ុន្មានប្រកួតចុងក្រោយនេះគេមិនត្រឹមតែវ៉ៃល្អនោះទេតែគេឈ្នះគ្រប់ការប្រកួតទៀតផង ។ចំពោះរ៉ាថេនគេមិនសូវមានឱកាសបានឡើងប្រកួតឡើយ ។គេមិនសូវមានស្នៀតអ្វីអស្ចារ្យក៏ពិតមែនតែគេវ៉ៃស៊ូនិងហ៊ានប្ដូរជាមួយគូប្រកួតដោយគ្មានញញើត ។

​សម្រាប់គូនេះទោះបីរ៉ាថេនមិនមែនជាអ្នកប្រដាល់ដែលអាចមើលស្រាលបានក៏ពិតមែនតែលទ្ធភាពក្នុងការយកឈ្នះលន់ សៀកឡេងដែលនៅវ័យក្មេងកម្លាំងពេញនោះទំនងជាលំបាកហើយ ។

​ការប្រកួតជាមិត្តភាពរវាងកម្ពុជា និងថៃនោះអ្នកប្រដាល់ម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍ជួបជាមួយអ្នកប្រដាល់ថៃកៅថាប់ វ័រ ស៊ុងនីន(Kaothap Wor Soungnin)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

អត្ថបទដែលជាប់ទាក់ទង