ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះពីដុងថ្នាំគីមីលាយបញ្ជូលគ្នា របួសធ្ងន់៤នាក់

44

ប៉ៃលិន៖ ករណីផ្ទុះពីដុងថ្នាំគីមីលាយបញ្ជូលគ្នា ដើម្បីបង្កើតជាអ័រម៉ូនឬជីសាន(ភាសាថៃ) សម្រាប់ដាក់ដើមតាង៉ែនឲ្យចេញផ្លែ បណ្តាលឲ្យផ្ទុះធ្វើឲ្យមនុស្សចំនួន៤នាក់ រងរបួសធ្ងន់-ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ។

បើយោងតាមរបាយារណ៍របស់មន្ទីរព័ត៌មានខេត្តប៉ៃលិន ដែល
សូមគោរពរាយការណ៍ជូនលោកខៀវ កាញារីទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មានឲ្យបានជ្រាបថា  កាលពីវេលាម៉ោង ១៩ និង ៣០នាទីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ មានករណីផ្ទុះពីដុងថ្នាំគីមីលាយបញ្ជូលគ្នា ដើម្បីបង្កើតជាអ័រម៉ូនឬជីសាន(ភាសាថៃ) សម្រាប់ដាក់ដើមតាង៉ែនអោយចេញផ្លែ បណ្តាលឲ្យផ្ទុះធ្វើអោយមនុស្សចំនួន៤នាក់ រងរបួសធ្ងន់-ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ។ហេតុការខាងលើនេះ បានកើតឡើងនៅភូមិអូរពឺត សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុជនរងគ្រោះ ដែលជាម្ចាស់ផ្ទះ បានចាប់ផ្តើមធ្វើជីលាយផ្សំជីគីមីបញ្ជូលគ្នា បង្កើតជាអ័រម៉ូន ឬភាសាថៃនិយាយថា(សាន) ដើម្បីយកទៅដាក់ដើមតាង៉ែនឲ្យចេញផ្លែ បន្ទាប់ពីលាយបញ្ជូលគ្នាហើយ  ជនរងគ្រោះ ដែលជាម្ចាស់ផ្ទះ បានយកមកកូក្រឡុក ដើម្បីឲ្យចូលសាច់តែមួយ ពេលនោះស្រាប់តែបង្កឲ្យផ្ទុះលាន់ឭដូចផ្ទុះគ្រាប់មីន បណ្តាលឲ្យជនរងគ្រោះជាម្ចាស់ផ្ទះសន្លប់តែម្តង ព្រមទាំងបង្កឲ្យមនុស្សពីរទៅបីនាក់ផ្សេងទៀតរងរបួសជាមួយគ្នាដែរ ។ ប្រភពព័ត៌មាន បានបន្តថា៖ ក្រោយពេលកើតហេតុគេឃើញវត្ថមានឯកឧត្តម ចេន ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន និងអធិការក្រុងប៉ៃលិន បានដឹកនាំមន្ត្រីក្រោមឪវាទ ព្រមទាំងមន្ត្រីស៊ីម៉ាក់ ចុះមកត្រូតពិនិត្យជាក់ស្តែង នៅនឹងកន្លែង ។ បើតាមលោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងថា៖  មូលហេតុ ដែលបណ្តាលឲ្យមានករណីផ្ទះផ្អើលទូទាំងក្រុងប៉ៃលិននេះ គឺដោយសារតែជនរងគ្រោះជាម្ចាស់ផ្ទះ បានយកថ្នាំគីមីលាយបញ្ជូលគ្នា បង្កើតជាអ័រម៉ូនឬជីសាន(ភាសាថៃ) ច្រកដាក់ក្នុងពីដុង រួចក្រឡុក ទើបបណ្តាលអោយផ្ទុះរងរបួសតែម្តង ។លោកអធិការ បានបន្តថា៖ ជនរងគ្រោះទី១ឈ្មោះ ធីម រឹម ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរ លក់ដូរ ជាម្ចាស់ផ្ទះ រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសធ្ងន់)ទី២ឈ្មោះ អ៊ុត សុវណ្ណ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ជាងកាត់កញ្ចក់ រស់នៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន (របួសធ្ងន់),ទី៣ឈ្មោះ  ធីម រតនា ភេទ ប្រុស អាយុ០៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (រងរបួសស្រាល)និងទី៤ឈ្មោះ ខាត់ សាឡែន ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (រងរបួសស្រាល) ផងដែរ។
បច្ចុប្បន្នជនរងគ្រោះ ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ត នៅមន្ទីរពេទ្យខេត្តបាត់ដំបង ចំណែកជនរងគ្រោះ ដែលរបួសស្រាល គឺសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។
សូមបញ្ជាក់ថា៖ ចំពោះករណីនេះក៏មានការលើកឡើងពីមន្ត្រីជំនាញផងដែរថា ថ្នាំគីមីដែលជនរងគ្រោះយកមកលាយបញ្ជូលគ្នា ជាប្រភេទថ្នាំដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន ហើយប្រសិនជាយើងមិនចេះជំនាញច្បាស់លាស់នោះ សូមកុំប្រថុយលាយបញ្ជូនគ្នាឲ្យសោះ ព្រោះអាចគ្រោះថ្នាក់ជាយថាហេតុដូចករណីខាងលើផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង