ផ្ទុះជំងឺប៉េស្តជ្រូកអាហ្រិ្វកនៅតំបន់ភូមិអំពិល អាជ្ញាធរព្រមានមន្រ្តីឲ្យបញ្ឈប់សកម្មភាពចលនាសត្វ ពីចេញពីតំបន់នេះ
តាកែវ៖ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ប្រកាសជាផ្លូវការ តំបន់ភូមិអំពិល ឃុំបន្លៃ ស្រុកអង្គរបូរី ជាតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្រិ្វក និងបញ្ឈប់សកម្មភាពចលនាសត្វ ពីចេញពីតំបន់នេះ។ ជាមួយគ្នានោះដែរ អភិបាលរងខេត្តតាកែវ លោក ខាន់ សុខា បានព្រមានថា បើសិនជាមានមន្ត្រីរាជការរូបណា មិនថាជាកងកម្លាំង ឬមន្ត្រីជំនាញ ឬអាជ្ញាធរ ជាប់ពាក់ព័ន្ធលើការណីឃុបឃិតគ្នា ឲ្យមានជ្រូកចូល ដែលមានការដឹកជ្រូកចេញពីតំបន់ផ្ទុះជំងឺនោះ បន្តមកចម្លងមេរោគ ដល់តំបន់ផ្សេងៗទៀត មន្ត្រីទាំងនោះនឹងប្រឈមមុខ ជាមួយនឹងផ្លូវច្បាប់ដោយខ្លួនឯងតែម្តង និងគ្មានការលើកលែង ឬយោគយល់ឡើយ។ លោកអភិបាលរងខេត្ត បានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយតំបន់ភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ជាតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៩នេះ ។
លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍ជំរុញឲ្យមន្ត្រីនៅក្រោមឱវាទ យកចិត្តទុកដាក់ខ្ពស់លើការការពារ និងទប់ស្កាត់ ការចរាចរសត្វ ដែលមានការនាំចូលពីប្រទេសជិតខាង និងទប់ស្កាត់ការចរាចរសត្វ ចេញពីតំបន់ផ្ទុះជំងឺនេះ ។
លោក តាន់ ផាន់ណារ៉ា ប្រធានអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានប្រកាសជាផ្លូវការថា តំបន់នៅក្នុងមូលដ្ឋាននេះ គឺត្រូវបានរកឃើញថា មានផ្ទុកមេរោគជំងឺប៉េស្តអាហ្វ្រិក ដែលជាប្រភេទជំងឺដ៏កាចសហាវ ដែលកើតនៅលើសត្វជ្រូក ហើយវាមានការឆ្លងរីករាលដាលលឿនណាស់ចំពោសត្វជ្រូក និងមិនទាន់មានថ្នាំសម្រាប់ព្យាបាលជំងឺនេះបាននូវឡើយទេ តែមេរោគនេះគឺមិនឆ្លងពីសត្វមកមនុស្សឡើយ ។ លោកក៏បានស្នើសុំឲ្យអាជ្ញាធរខេត្ត មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ចលនារបស់សត្វ ឲ្យបានដើម្បីជៀសវាងការឆ្លងរីករាលដានពីតំបន់មួយទៅតំបន់មួយទៀត ។
លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តតាកែវ បានឲ្យដឹងថា នៅក្នុងខេត្តតាកែវមានសត្វជ្រូក ចិញ្ចឹមដោយកសិដ្ឋាន និងការចិញ្ចឹមតាមលក្ខណៈគ្រួសារ គឺមានជ្រូកសរុបចំនួន ២២៧៨៤ក្បាល ដោយឡែកនៅក្នុង ស្រុកអង្គរបូរី មានចំនួន ៦៧៥០ក្បាល និងនៅក្នុងមូលដ្ឋាន ឃុំបន្លៃមាន ៦ភូមិ មានសរុប ១២៦០ក្បាល ក្នុងភូមិអំពិល ដែលជាតំបន់ផ្ទុះជំងឺមានជ្រូក ១២២ក្បាល មកទល់ពេលនេះ ក្នុងតំបន់នោះ គឺងាប់អស់ ១១១ក្បាលហើយ នៅសល់តែ ១១ក្បាលកំពង់មានជំងឺ ហើយមន្ត្រីជំនាញកំពុងសម្របសម្រួលលើសត្វជ្រូកដែលនៅសល់ ១១ក្បាលដែលកំពុងឈឺ៕