អាជ្ញាធរឃាត់ខ្លួនមនុស្ស៧នាក់ ពាក់ព័ន្ធនឹងការរំលឹកខួប៣ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី
អង្គការលីដាដូ បានថ្លែងថា អាជ្ញាធរបានឃាត់ខ្លួនមនុស្សចំនួន៧នាក់នៅថ្ងៃទី០៩ និងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធនឹងការសម្ដែងក្ដីរំលែកទុក្ខ និងការគាំទ្រចំពោះអ្នកវិភាគនយោបាយ ដែលត្រូវបានឃាតករបាញ់សម្លាប់ គឺលោកបណ្ឌិត កែម ឡី ខណៈដែលប្រជាពលរដ្ឋរំលឹកខួប៣ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិត នៅទីតាំងនៃអំពើឃាតកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានហ៊ុមព័ទ្ធដោយកងកម្លាំងចម្រុះជាច្រើន។
នាព្រឹកនេះ សកម្មជន៣នាក់ ត្រូវបានឃាត់ខ្លួននៅខាងក្រៅស្ថានីយប្រេងឥន្ធនៈកាល់តិចស្ដុបបូកគោក្នុងរាជធានីភ្នំពេញ បន្ទាប់ពីអ្នកទាំង៣បានចូលរួមជាមួយយុវជន មេដឹកនាំសហជីព និងសមាជិកសង្គមស៊ីវិលដទៃទៀត ដើម្បីធ្វើពិធីរំលឹកខួបនេះ។ ស្ថានីយប្រេងឥន្ធនៈនេះ ជាទីតាំងដែលលោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ យុរជនដែលត្រូវបានឃាត់ខ្លួនទាំង៣នាក់ក្នុងនោះក៏មាន សកម្មជនការពារបរិស្ថាន លោក ជុំ ហួត និងលោក ជុំ ហួរ ផងដែរ។
កាលពីម្សិលមិញ អតីតនិស្សិតជាសកម្មជន លោក គង់ រ៉ៃយ៉ា និងសមាជិកក្រុមគ្រួសាររបស់លោក ៣នាក់ទៀត ត្រូវបាននគរបាលចាប់ខ្លួន ដោយចោទប្រកាន់ពីបទញុះញង់ឱ្យបង្កចលាចលក្នុងសង្គម។ ខណៈដែលសមាជិគ្រួសារ៣នាក់កំពុងស្ថិតនៅក្នុងការឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឡើយ លោក គង់ រ៉ៃយ៉ា ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ។ លោកត្រូវបានចាប់ខ្លួនម្ដងហើយកាលពីខែសីហា ឆ្នាំ២០១៥ និងត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី “បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ពាក់ព័ន្ធនឹងការបង្ហោះសារលើហ្វេសប៊ុក ដែលបានអំពាវនាវឱ្យធ្វើ “បដិវត្តន៍ពណ៌” ជាពាក្យដែលអាជ្ញាធរតែងតែប្រើដើម្បីចាត់ទុកចលនាសន្ដិវិធីថាជា សកម្មភាពបះបោរដោយហិង្សា។
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយនិងជាសកម្មជន ដែលគួរឱ្យគោរពម្នាក់ ត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃ ខណៈពេលលោកកំពុងពិសាកាហ្វេពេលព្រឹកនៅស្ថានីយប្រេងឥន្ធនៈស្ដុបបូកគោ។ អាជ្ញាធរបានចាប់ខ្លួនអតីតទាហានម្នាក់ឈ្មោះ អឿត អាង ដែលក្រោយមកត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត នៅខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីការស៊ើបអង្កេត និងសវនាការ ដែលត្រូវបានរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកឃ្លាំមើលជាតិ និងអន្តរជាតិ ថានៅមិនទាន់សមស្រប និងមិនទាន់គ្រប់គ្រាន់។ ដោយសារបារម្ភពីសុវត្ថិភាពគ្រួសារ ភរិយាលោកបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា បានទទួលសិទ្ធិជ្រកកោនទៅរស់នៅប្រទេសអូស្ត្រាលី ជាមួយកូនប្រុសទាំងប្រាំនាក់៕