ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវចំនួន២២ខ្សែក្នុងខេត្តព្រះសីហនុ ស្ថិតក្រោមគម្រោងជួសជុលធ្វើឱ្យប្រសើរឡើង ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ

51

គម្រោងសាងសង់ផ្លូវចំនួន ២២ខ្សែ និងហេដ្ឋារចនាសម្ពន្ធ័រំដោះទឹក​សំណល់ ពីការប្រើប្រាស់ និងទឹកភ្លៀង នៅក្រុងព្រះសីហនុ ត្រូវបានលើកយក​មក​បង្ហាញ នៅ​ក្នុងកិច្ចប្រជុំរវាង រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និង អភិបាលខេត្តព្រះសីហនុ​ ដើម្បីរិៈរកវិធី និង​ជម្រុញឱ្យការអនុវត្តគម្រោង ដែលបានអនុម័ត ហើយឱ្យ​បានលឿនហើយ រួចរាល់តាម​ផែន​ការ​គ្រោងទុក ។ នេះបើតាម លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ខែកក្កដា។

ថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទាក់ទនឹងបញ្ហាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួង និងលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត មន្ត្រីរាជការនៃសាលាខេត្តផងដែរ។

ជំនួបពិភាក្សានេះផ្តោតជាសំខាន់លើការរិះរកនីតិវិធីពន្លឿនការជួសជុលកំណាត់ផ្លូវរងការខូចខាតចំនួន២២ខែ្ស ដែលជាផ្លូវប្រកបដោយសក្ដានុពលសេដ្ឋកិច្ចខ្ពស់សំដៅសម្រួលដល់ការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយការកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍ និងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបង្ហូរទឹក។

លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសក្កានុពលទេសចរណ៍ខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ដោយសារខេត្តនេះមានហូរចូលនូវការវិនិយោគយ៉ាងគំហុកទាក់ទងនឹងវិស័យឧស្សាហកម្ម ទេសចរណ៍ រោងចក្រ និងសហគ្រាសផ្សេងៗរបស់ក្រុមហ៊ុនជាតិ និងអន្តរជាតិ ប៉ុន្តែកត្តាធម្មជាតិរបស់ខេត្តនេះជាបញ្ហាប្រឈមធ្វើឱ្យកំណាត់ផ្លូវមួយចំនួនទទួលរងនូវការខូចខាតដោយ អន្លើ ដែលចាំបាច់ត្រូវដោះស្រាយដើម្បីសម្រួលដល់ការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ក្រសួងនឹងសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញការជួសជុលកំណាត់ផ្លូវទាំង២២ខ្សែនេះឱ្យបានលឿន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ វិនិយោគិន និងការនាំចេញនាំចូលសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាត្រៀមរៀបចំបុណ្យសមុទ្រនៅឆ្នាំ២០២០ និងកិច្ចប្រជុំអាស៊ាននាពេលខាងមុខនេះផងដែរ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្ត ស្ថាប័ន និងមន្ទីរពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍខេត្តទេសចរណ៍មួយឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចដ៏មានសក្ដានុភាព និងបានស្នើឱ្យស្ថាប័នពាក់ព័ន្ធចូលរួមសហការជិតស្និទ្ធក្នុងការពន្លឿនការកសាងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបង្ហូរទឹកកខ្វក់ និងទឹកភ្លៀងឱ្យបានចប់សព្វគ្រប់តាមកាលកំណត់សម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងត្រៀមរៀបចំស្វាគមន៍ពិធីបុណ្យសមុទ្រនៅឆ្នាំ២០២០ និងកិច្ចប្រជុំអាស៊ានឆ្នាំ២០២២នាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង