រុះរើស្លាកយីហោខុសច្បាប់របស់ជនបរទេសចំនួន១១ទីតាំង នៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះរុះរើស្លាកយីហោអាជីវកម្ម ចំនួន១១ទីតាំង នៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតនៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការចុះទម្លាក់ស្លាកយីហោអាជីវកម្មខាងលើ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីពិនិត្យឃើញថា ស្លាកយីហោទាំងនេះ សរសេរអក្សរបរទេសនៅលើអក្សរខ្មែរ អក្សរបរទេសសុទ្ធ អក្សរខ្មែរសរសេរមិនត្រឹមត្រូវ ខុសខ្លឹមសារ ខុសអក្ខរាវិរុទ្ធ ធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី អក្សរសាស្ត្រជាតិ និងសីលធម៌សង្គម។
នៅក្នុងឱកាសនោះ រដ្ឋលេខាធិការ វ៉េង សុធី បានធ្វើការណែនាំ និងពន្យល់ជនបរទេសដែលជាម្ចាស់ហាង អំពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីពាណិជ្ជនាម ព្រមទាំងនីតិវិធីក្នុងការស្នើសុំនាមករណ៍ផ្លូវការសម្រាប់អាជីវកម្ម ឬក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។
«យើងបានប្រាប់គាត់ឱ្យបំពេញលក្ខខណ្ឌបីចំនុច ទី១ ត្រូវប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវ ចំពោះស្លាកយីហោជាភាសាខ្មែរ ទី២ ការលើកស្លាកយីហោ ត្រូវសុំការអនុញ្ញាតជាមុនពីក្រសួង ឬមន្ទីរពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ និងទី៣ ការដាក់ពាក្យសុំលើកស្លាកយីហោអាជីវកម្ម ត្រូវធ្វើតាមរយៈច្រកចេញចូលតែមួយរបស់សាលារាជធានី ឬខេត្ត» លោករដ្ឋលេខាធិការ វ៉េង សុធី បានគូសបញ្ជាក់។
ទន្ទឹមគ្នានោះដែរ លោករដ្ឋលេខាធិការ ក៏បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងការខិតខំពង្រឹងអនុវត្តន៍ច្បាប់កម្មសិទ្ធិបញ្ញា និងច្បាប់ពាក់ព័ន្ធ នៅក្នុងប្រទេសកម្ពុជា ដើម្បីធានាដល់ការលូតលាស់នៃវិស័យឯកជន ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ៕