លោក ឌី រ័ត្នខេមរុណ ៖ គ្រប់ទីកន្លែងសប្បាយភាព នៅខណ្ឌមានជ័យត្រូវសហការជាមួយសមត្ថកិច្ច ដើម្បីលុបបំបាត់ការជួញដូរ ចែកចាយ ប្រើប្រាស់ ចរាចរ គ្រឿងញៀន ក្នុងអាជីវកម្ម ក្លឹបរបស់ខ្លួន
ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណបានបញ្ជាក់ថា គ្រប់ទី កន្លែងសប្បាយភាពនានា នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ត្រូវតែសហការជាមួយសមត្ថកិច្ចជំនាញ ក្នុងការលុបបំបាត់បញ្ហា ជួញដូរ ចែកចាយ ប្រើប្រាស់ ចរាចរ គ្រឿងញៀន ក្នុងអាជីវកម្ម ក្លឹបរបស់ខ្លួន ដើម្បី
ធានាអោយបាននូវ សុវត្ថិភាព និង សន្តិសុខ ជូនប្រជាពលរដ្ឋ ។
លើកិច្ចការងារនេះកាលពីវេលាម៉ោង ១៥:០០ នាទីរសៀល ថ្ងៃ ពុធ ៩ កេីត ខែ អាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០១៩ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកំលាំងចម្រុះរដ្ឋបាលខណ្ឌមានជ័យ ចុះណែនាំ នឹង ត្រួតពិនិត្យ នៅក្លឹបស៊ីធីឌីស្កូ ដែលស្ថិតនៅបណ្តោយផ្លូវ មុនីរ៉េត សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងការចុះពិនិត្យនោះគឺ មន្រ្តីជំនាញបាន ពិនិត្យ និង បានណែនាំទៅលេីទីតាំងដូចខាងក្រោម ៖
-ពិនិត្យមេីលច្បាប់អាជីវកម្ម (លិខិតអនុញ្ញាតិមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ) ។
– ត្រូវលើកស្លាកយីហោ ភាសាខ្មែរ ។
– ត្រូវរៀបចំច្រកសុវត្ថិភាពបន្ថែមចំនួន ០២ ទៀត ។
– ត្រូវត្រួតពិនិត្យបំពង់ពន្លត់អគ្គីភ័យជាប្រចាំ ខ្លាចកកស្ទះ ឬខូច ។
– ត្រូវរៀបចំបំពាក់អំពូលភ្លើង អូតូ ចំនួន១៥គ្រឿងបន្ថែមទៀត ។
– ត្រូវត្រួតពិនិត្យកាម៉ារ៉ាសុវត្ថិភាព អោយដំណើរការបានល្អ(កាមារ៉ា មាន ១៨គ្រាប់) ។
– ត្រូវប្រជុំណែនាំ សន្តិសុខ អោយយល់ច្បាស់អំពីការត្រួតពិនិត្យ ការកំសាន្តរបស់ភ្ញៀវអោយបានល្អ ( សន្តិសុខ ឯកជនមាន១២ ) ។
– ត្រូវត្រួតពិនិត្យប្រពន្ធ័សំលេងអោយបានទៀងទាត់ជៀសវាងការរំខានអ្នកជិតខាង ។
– ត្រូវរៀបចំបរិស្ថានអនាម័យ ក្នុងមូលដ្ឋានអាជីវកម្មអោយបានល្អ និងទុកដាក់សំរាមអោយបានល្អ ។
– ត្រូវមានសន្តិសុខ យាមបន្ទប់ទឹក អោយបាន ១ទៅ ២នាក់ ដើម្បី ជៀសវាងមានភ្ញៀវលួច ប្រើប្រាស់ និង ចរាចរ គ្រឿងញៀនក្នុងបន្ទប់ទឹក។
– ត្រូវសហការណ៍ ក៏ដូចជារាយការណ៍ជូនសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋាន នៅការជួញដូរ ឬចែកចាយក៏ដូចជាប្រើប្រាស់របស់ភ្ញៀវក្នុងទីតាំងរបស់ខ្លួន ។
– ម្ចាស់អាជីវកម្ម ត្រូវចុះកិច្ចសន្យាសហការ និង ធានាអះអាងអោយខានតែបាន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ៕