ប្រាប់ឲ្យនគរបាលខណ្ឌដូនពេញ លុបបំបាត់ម៉ូតូមានគ្រឿងបំពងសំឡេងឮខ្លាំង និងក្រុមសិស្សសាលាប្រណាំងម៉ូតូ រំខានដល់ពលរដ្ឋ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត ប្រកាសដាក់វិធានការត្រូវលុបបំបាត់ម៉ូតូទាំងឡាយណា ដែលមានគ្រឿងបំពងសំឡេងឮខ្លាំង រំខានដល់ពលរដ្ឋ។
ថ្លែងក្នុងពិធីប្រគល់លិខិតបញ្ជាក់ការសិក្សាវគ្គបំប៉នជំនាញ បច្ចេកទេសវិទ្យាសាស្រ្ត និងការគ្រប់គ្រងការស្នាក់នៅជំនាន់ទី៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ខណ្ឌដូនពេញ ត្រូវមានវិធានការមុនគេ ក្នុងការលុបបំបាត់ម៉ូតូ ដែលបង្កសំឡេងរំពងខ្លាំង ជាពិសេសនៅពេលរាត្រី ព្រោះវាពិតជាបានរំខានដល់ពលរដ្ឋ ជាពិសេសចាស់ៗ ដែលពួកគាត់ពិបាកនឹងសម្រានទៅវិញ នៅពេលភ្ញាក់ពីដំណេក។
ក្រៅពីនេះ លោក ស ថេត ជំរុញឱ្យទប់ស្កាត់ការប្រណាំងម៉ូតូ ជាពិសេសក្រុមសិស្សសាលានៅក្នុងរាជធានីភ្នំពេញ ហើយនៅពេលឃាត់បានហើយ ត្រូវហៅអាណាព្យាបាល ដើម្បីធ្វើកិច្ចសន្យា និងអប់រំ។
នៅក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការសិក្សារៀនសូត្រវគ្គជំនាញនេះ ពិតជាដើរតួនាទីសំខាន់ណាស់ ព្រោះវាបានជួយឲ្យកាន់ប្រសើរឡើង ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើស ដែលកំពុងតែវិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានកិនកម្ទេចចោល បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃ ២៣២គ្រឿង ដែលកម្លាំងនគរបាល បង្រ្កាប និងដកហូតពីក្រុមក្មេងទំនើង បើកបរបង្កសំឡេងលាន់ឮរំខានការរស់នៅរបស់ប្រជាពលរដ្ឋ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ។ នាយការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សន គឹមសួរ៍ ប្រាប់ឱ្យដឹងថា បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃ ត្រូវបានកម្លាំង នគរបាលការិយាល័យចរាចរណ៍ខេត្ត និងកម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង៩ ខេត្តបន្ទាយមានជ័យ បានធ្វើការបង្រ្កាបដកហូតតាមដងផ្លូវរយៈពេល ៥ខែមកហើយ ដោយឡែក អ្នកបើកបរប្រព្រឹត្តល្មើសសមត្ថកិច្ចអប់រំ ឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពខុសច្បាប់បែបនោះទៀត។ នាយការិយាល័យ ប្រាប់ទៀតថា អនុវត្តតាមបញ្ជាផ្ទាល់របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម កម្លាំងនគរបាលចរាចរណ៍ខេត្តក៏ដូចជា តាមបណ្តាអធិការដ្ឋាននគរបាលស្រុកក្រុងទាំង៩ តែងតែចុះទប់ស្កាត់ និងបង្រ្កាបម៉ូតូកែច្នៃខុសបច្ចេកទេសបំពង់ស៊ីម៉ាំង (ប្រែន) ការកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសបទដ្ឋានបច្ចេកទេស និងការកែច្នៃលេងភ្លើងឡាស៊ែខុសបច្ចេកទេសជាដើម។
ច្បាប់ចរាចរណ៍ផ្លូវគោកមាត្រា ៦៦ ចែងថា “មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ត្រូវឃាត់យានជំនិះ មិនឱ្យធ្វើចរាចរណ៍ ឬឃាំងទុកមិនលើស៣ថ្ងៃ ដើម្បីធ្វើការផាកពិន័យ និងកែតម្រូវលក្ខណៈបច្ចេកទេសទៅតាមករណីដែលអ្នកបើកបរប្រព្រឹត្តល្មើស និងបទប្បញ្ញត្តិចរាចរណ៍ អនុវត្តន៍នៅត្រង់ចំណុច៤យានជំនិះ ដែលបញ្ចេញផ្សែងខ្លាំង ឬសំឡេងម៉ាស៊ីនខ្លាំងលើសបទដ្ឋានបច្ចេកទេសឬបំពាក់ប្រព័ន្ធភ្លើងខុសស្តង់ដារកំណត់ រំខានដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ឬអ្នករស់នៅជាប់ដងផ្លូវ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានជំរុញឱ្យកងកម្លាំងនគរបាលក្រោមបង្គាប់ ត្រូវបន្តចុះទប់ស្កាត់នូវការប្រើប្រាស់ យានជំនិះគ្រប់ប្រភេទ ដែលកែច្នៃខុសបច្ចេកទេសបង្កប៉ះពាល់សណ្តាប់ ធ្នាប់សាធារណៈ ពីព្រោះថា ការប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង (ប្រែន) និងការប្រើប្រាស់រថយន្តបំពង់ស៊ីម៉ាំង (ប្រែន) នៅលើថ្នល់ប្រជាពលរដ្ឋ បានធ្លាប់ប្តឹងរាយការណ៍ មកលោកផ្ទាល់ពីការរំខាន នៃការរស់នៅរបស់ពួកគាត់ និងសំណូមពរឱ្យមានការទប់ស្កាត់។ លោកឧត្តមសេនីយ៍ស្នងការ បានអំពាវនាវឱ្យក្មួយៗយុវជន ដែលប្រើប្រាស់បំពង់ស៊ីម៉ាំងម៉ូតូ (ប្រែន) ត្រូវបញ្ឈប់នាំគ្នានាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រក្សាសណ្តាប់ធ្នាប់សាធារណៈ និងរក្សាសុវត្ថិភាព អាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកដទៃ៕