ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញជាតិគីមី នៅក្នុងនំស្រួយ និងនំស្លឹកស្រស់ លក់នៅផ្សារអូរឫស្ស៊ី

430

ភ្នំពេញ៖ នំស្រួយ និងនំស្លឹកស្រស់ ចំណីអាហារ និងបន្លែ សាច់ គ្រឿងសមុទ្រ ជាង១០មុខ ប្រមាណជាង៨០គីឡូក្រាម ត្រូវបានមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ចុះស្រាវជ្រាវរកឃើញថា មានផ្ទុកនូវសារធាតុគីមី ធ្វើឲ្យប៉ះពាល ដល់សុខភាពអ្នកបរិភោគ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះនៅក្នុងផ្សារអូរឫស្សី។ នំស្រួយ និងនំស្លឹកស្រស់ ត្រូវបានយកដុតកម្ទេចចោលភ្លាមៗ។

លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារ បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារព្រែកលៀប ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវ ទប់ស្កាត់នូវទំនិញ ខូចគុណភាព ដែលជនខិលខូចមួយចំនួន លួចបញ្ចេញ មកលក់ចែកចាយលើទីផ្សារ បានធ្វើតេស្តបឋម និងយកគំរូចំនួនជាង១០មុខ ដែលសង្ស័យមានហានិភ័យខ្ពស់ដូចជា៖ សរសៃមីលឿង ប្រហិតសាច់គោ មឹក បង្គារ ត្រីងៀត ត្រីហើម សាច់ក្រក បាញ់កាញ់ លត គុយទាវសរសៃធំ គុយទាវសរសៃតូច គ្រឿងសមុទ្រ និងនំផ្សេងៗ បញ្ជូនមកមន្ទីរពិសោធន៍ អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកសារធាតុគីមីហាមឃាត់។

លោក គង់ វុទ្ធី បានបញ្ជាក់ថា ក្រោយការពិនិត្យយ៉ាងត្រឹមត្រូវនោះ ក្រុមការងារ បានរកឃើញសារធាតុគីមី (ប៉ូរ៉ាក់) ដែលហាមឃាត់នៅក្នុងនំស្លឹកស្រស់ និងនំស្រួយ។ យ៉ាងណាក៏ដោយ បន្ទាប់ពីរកឃើញ ក្រុមការងារបានដកហូតភ្លាមៗផងដែរ ដើម្បីយកមកកម្ទេចចោល និងធ្វើកិច្ចសន្យា ជាមួយអាជីវករ មិនឲ្យដាក់លក់នូវនំទាំងនេះ ដែលមានសារធាតុហាមឃាត់បន្តទៀត។

បើតាម លោក គង់ វុទ្ធី បានបញ្ជាក់ទៀតថា នៅក្នុងប្រិតប្តិការចុះឆែកឆេរនេះ គឺធ្វើឡើងតាមបទបញ្ជា ប្រធានប្រតិភូទទួលបន្ទុក អគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធាន សាខាផែស្ងួតចុងទីភ្នំពេញ ដែលគិតអំពីសុវត្ថិភាព និងសុខភាព ដល់បងប្អូនប្រជាពលរដ្ឋ ។

លោក គង់ វុទ្ធី ក៏បានណែនាំដល់ ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផល ឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយចែកចេញពីគ្នា រវាងគ្រឿងប្រើប្រាស់ ដែលផ្ទុកសារធាតុពុល និង ម្ហូបអាហារ ហាមការដាក់តាំង ផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើម និងបានអំពាវនាវដល់អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់ មុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែម នូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់៕

អត្ថបទដែលជាប់ទាក់ទង