សហគ្រាសផលិតទឹកបរិសុទ្ធនិងទឹកក្រូច យីហោ លឹម ភ័ណ្ឌ លក់ចែកចាយទូទាំងប្រទេសអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងសិស្សានុសិស្ស
ភ្នំពេញ៖ នៅថ្ងៃទី១១កក្កដានេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) បានប្រកាសពីលទ្ធផលនៃ ការចុះឆែកឆេរ បង្រ្កាប ដកហូតវត្ថុតាង និងបិទទីតាំងសហគ្រាស ផលិត ចែកចាយ និងស្តុកទុកនូវ ផលិតផលទឹកបរិសុទ្ធ ទឹកក្រូច ក្លែងក្លាយ និងគ្មានគុណភាព នៅខេត្ត កំពង់ធំ ។ ក្រោយពីការត្រួតពិនិត្យរបស់សមត្ថកិច្ចចម្រុះរួចមក បានរកឃើញមាន ផលិតផលទឹកបរិសុទ្ធ ទឹកក្រូច ក្លែងក្លាយ គ្មានគុណភាពជាច្រើនមុខ ការផលិតខុសបច្ចេកទេស និងគ្មានអនាម័យ ហើយផលិតផលទាំងនោះមានសារធាតុគីមីជាច្រើនមុខ និងបានលក់ចែកចាយទូទាំងប្រទេសអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងសិស្សានុសិស្ស ។
នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រតិបត្តិការនៃលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា អនុប្រធានលេខាធិការដ្ឋាន (គ.ប.ផ.ក ) សហការជាមួយ កំលាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងមានការចូលពីអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលនីតិវិធីពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ បានចុះត្រួតពិនិត្យ និងឆែកឆេរ សហគ្រាសផលិតទឹកបរិសុទ្ធនិងទឹកក្រូច យីហោ លឹម ភ័ណ្ឌ មានទីតាំងស្ថិតនៅ សង្កាត់ព្រៃពន្លិច ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្រោយពីការត្រួតពិនិត្យរបស់សមត្ថកិច្ចចម្រុះរួចមក បានរកឃើញមាន ផលិតផលទឹកបរិសុទ្ធ ទឹកក្រូច ក្លែងក្លាយ គ្មានគុណភាពជាច្រើនមុខ ការផលិតខុសបច្ចេកទេស និងគ្មានអនាម័យ ហើយផលិតផលទាំងនោះមានសារធាតុគីមីជាច្រើនមុខសម្រាប់លាយផ្សំក្នុង ទឹកបរិសុទ្ធ ទឹកក្រូច និងរកឃើញចំនុចមិនប្រក្រតីចំនួន៦មុខ ៖
១, មិនបានសុំច្បាប់ចុះបញ្ជីផលិតផល(ចបផ)
២, នៅលើសំបកវេចខ្ជប់ដាក់ អាស័យដ្ឋានមិនពិតប្រាកដ
៣, មិនមានវិញ្ញាបនបត្របញ្ជាក់គុណភាព
៤, ប្រើប្រាស់សារធាតុគីមីលេីសកំរឹតសម្រាប់ផលិតទឹកក្រូច
៥, ទំនិញនាំចូលគ្មានប្រភពច្បាស់លាស់
៦, រក្សាទុកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ
៧, នៅលើសំបកវេចខ្ជប់ទឹកសុទ្ធមិនមានចុះបញ្ជី(CS)
ដែលផលិតទាំងនេះបានលក់ចែកចាយទូទាំងប្រទេសអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងសិស្សានុសិស្ស ។
បន្ទាប់ពីបានពិនិត្យផលិតផលក្លែងក្លាយ គ្មានគុណភាព និងខុសច្បាប់ទាំងនេះរួចមក លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឲ្យ សមត្ថកិច្ចចំរុះ ដកហូតវត្ថុតាងមួយចំនួន យកមកពិសោធន៍បន្ថែម ហេីយនិងសម្រេចឲ្យបិទទីតាំងនេះជាបណ្តោះអាសន្ន ផ្អាកការចែកចាយ ព្រមទាំងចេញដីការតាមចាប់ខ្លួនម្ជាស់សហគ្រាសដែលរត់គេច ដេីម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ផងដែរថា សកម្មភាពផលិតទឹកបរិសុទ្ធ ទឹកក្រូច ក្លែងក្លាយ គ្មានគុណភាព និងខុសច្បាប់ របស់សហគ្រាសខាងលើ គឺគ្រប់ដបនីមួយៗ មានដាក់មេ និងពណ៌ លើសតម្រឹត ដោយបង្ហូរចេញពីធុងសុីទែន ហើយបញ្ជូលទៅក្នុងដបក្រោយមកយកដប ដដែលៗមកដាក់មេទឹកក្រូចចូល ហេីយក្នុងនោះក៏រកឃើញសារធាតុគីមី និងម្សៅសម្រាប់លាយទឹកកក្រូច និងម៉ាកអេវីយ៉ង់( Evian) ជាច្រើនមុខទៀត ៕