ឈ្មោះ ម៉ែន ច័ន្ទរិទ្ធី អួតថាខ្លួនជាផ្កាយបីយកលុយពីប្រជាពលរដ្ឋរត់ការ ចូលក្របខណ្ឌ
ភ្នំពេញៈ បុរសម្នាក់ឈ្មោះ ម៉ែន ច័ន្ទរិទ្ធី បានអះអាងថាខ្លួនជាឧត្តមសេនីយ៍ឯក (ផ្កាយបី) មានតួនាទីជាមេបញ្ជាការរងកងទ័ពជើងគោក និងជាកូនអតីតសពឧកញ៉ា ម៉ែន សារុន បានយកលុយពីប្រជាពលរដ្ឋដើម្បីរត់ការចូលក្របខណ្ឌយោធា ក្នុងម្នាក់យកដំបូង៥០០០ដុល្លារ , ៦០០០ដុល្លារ និង៧០០០ដុល្លារ ក្នុងនោះមានបុគ្គលិករោងចក្រផ្នែករដ្ឋបាល ចំនួន ៣នាក់បានរងគ្រោះ កំពុងទន្ទឹមរងចាំដំណឹងពីខ្លួនបានចូលក្របខណ្ឌដោយក្តីជ្រួលច្របល់។ ប៉ុន្តែរហូតមកដល់ពេលនេះ គឺនៅមិនទាន់បានចូលក្របខណ្ឌនៅឡើយទេ។
ទាក់ទងករណីមន្ត្រីខិលខូចមួយចំនួនយកតួនាទីបុណ្យស័ក្តិរត់ការយកលុយពីប្រជាពលរដ្ឋចូលក្របខណ្ឌទាហានាពេលកន្លងមកនេះ ត្រូវបានសមត្ថកិច្ចចាត់វិធានការជាបន្តបន្ទាប់ និងបានចាប់ខ្លួនជនខិលខូចទាំងនោះថែមទៀតផង។ ប៉ុន្តែមកដល់ពេលនេះ នៅតែមានជនខិលខូចបានបន្តធ្វើសកម្មភាពដោយគ្មានញញើតច្បាប់។
ចំពោះករណីឈ្មោះ ម៉ែន ច័ន្ទរិទ្ធី អួតអាងថាខ្លួនជាឧត្តមសេនីយ៍ឯក (ផ្កាយបី) មានតួនាទីជាមេបញ្ជាការរងកងទ័ពជើងគោក កូនចៅលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ចាំមើលខាងអគ្គបញ្ជាការកងទ័ពជើងគោក និងមានវិធានការយ៉ាងណាលើបុគ្គលម្នាក់នេះ។
ចំណែកលោកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យបញ្ជាការដ្ឋានកងទ័ពជើងគោក បានបញ្ជាក់នៅល្ងាចថ្ងៃទី១១ ខែកក្កដា ថា នៅបញ្ជាការដ្ឋានកងទ័ពជើងគោក អត់មានឈ្មោះ ម៉ែន ច័ន្ទរិទ្ធី នេះទេ ហើយមេបញ្ជាការរងកងទ័ពជើងគោក គឺអត់មានឈ្មោះនេះទេ។ ហើយលោកនឹងរាយការណ៍ជូនថ្នាក់លើដើម្បីស្រាវជ្រាវករណីនេះឡើងវិញ។ “មិនមែនជាមេបញ្ជាការរងកងទ័ពជើងគោក ហើយផ្កាយបីនេះ គឺគ្មានទេ ទូទាំងកងទ័ពគឺអត់មាន ”។
គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ថា ការចូលក្របខណ្ឌកងទ័ព គឺត្រូវឆ្លងការការប្រលងជ្រើសរើស និងដោយសមត្ថភាព គ្មានការសូកប៉ាន់នោះទេ។ ហើយកុំឲ្យប្រជាពលរដ្ឋចាញ់បោកក្រុមជនខិលខូចយកលុយរត់ការចូលក្របខណ្ឌកងទ័ព៕