ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះតេជគុណ តាក់ស៊ី បានធ្វើកិច្ចសន្យា ឈប់ទេសនា

106

ភ្នំពេញ៖ កាលពីថ្ងៃទី 11 ខែកក្កដាឆ្នាំ 2019 ព្រះតេជគុណ តាក់ស៊ី បានធ្វើកិច្ចសន្យាចំពោះព្រះមេគណខេត្តកំពង់ស្ពឺប្រធានមន្ទីរធម្មការខេត្តកំពង់ស្ពឺពាក់ព័ន្ធករណីទេសនានាពេលកន្លងមកដែលធ្វើឲ្យមហាជនមួយចំនួនធំរិះគន់ទៅលើព្រះតេជគុណតាក់ស៊ី ថាចំណេះដឹងនៅមានកម្រិតទាបបែរជាឡើងគង់លើគ្រែទេសនា ហើយការទេសនានោះទៀតសោត បែបរបៀបកំប្លែង និងបញ្ចេញសំឡេងធ្វើឲ្យពុទ្ធបរិស័ទ ផ្ទុះសំណើច ប្រាសចាកពីធម៌វិន័យព្រះពុទ្ធសាសនា។

ព្រះតេជគុណតាក់ស៊ី បានធ្វើកិច្ចសន្យា ដោយមានផ្ដិតមេដៃផងដែរនោះ បានបញ្ជាក់ថា ខ្ញុំព្រះករុណាអាត្មាភាពភិក្ខុឈ្មោះប៉ុល សារឿង ហៅតាក់ស៊ី អាយុ 41ឆ្នាំ បច្ចុប្បន្នគង់នៅវត្តថ្មីដងទង់ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ខ្ញុំព្រះករុណាអាត្មាភាព សូមធ្វើកិច្ចសន្យា ចំពោះព្រះមុនីសត្ថាចារ្យកុសល កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ និងព្រះមន្ត្រីសង្ឃ គ្រប់ឋានានុក្រម ព្រមទាំងលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ស្ពឺ មានដូចខាងក្រោម គឺឈប់ទេសនាមួយរយៈពេល ឈប់សំដែងធម៌ទេសនា ដែលមានកាយវិការមិនសមរម្យ ជាសមណៈ ឬសម្លេងដូចអ្នកកំប្លែង រហូតដល់ខ្ញុំព្រះករុណាបួសបានយូរគួរសម និងរៀនព្រះធម៌វិន័យ របស់ព្រះពុទ្ធសាសនាបានច្រើន។ ប្រសិនបើខ្ញុំព្រះករុណាអត្មាភាព ប្រព្រឹត្តធ្វើផ្ទុយនឹងអំពើប្រាសចាកពីវិន័យសមណសង្ឃ ឬមិនធ្វើតាមកិច្ចសន្យាខាងលើ ខ្ញុំព្រះករុណាអាត្មាភាព ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន ហើយនិងព្រមឲ្យព្រះមេគណខេត្ត និងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រមទាំងលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ស្ពឺ មានវិធានការតាមព្រះធម៌វិន័យ ព្រះពុទ្ធសាសនាចុះ។

ព្រះតេជគុណ បញ្ជាក់ថា “ដើម្បីជាសក្ខីភាព ខ្ញុំព្រះករុណាអាត្មាភាព សូមធ្វើការផ្តិតមេដៃស្រាំ និងមានសាក្សីជួយដឹងផង ផ្តិតមេដៃស្ដាំទុកជាភស្តុតាង”៕

អត្ថបទដែលជាប់ទាក់ទង