ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិកសភា ស្វែងយល់គោលដៅអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៦-២០៣០ ដើម្បីជាទុនសម្រាប់សិក្សា និងអនុម័តច្បាប់នានា

80

ភ្នំពេញ៖ សមាជិកសមាជិការដ្ឋសភា និងព្រឹទ្ធសភា បានចូលរួមសិក្ខាសាលាស្តីពី “ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា(CSDGs) ឆ្នាំ២០១៦-២០៣០ “ដើម្បីសិក្សាពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ សិក្ខាសាលាដែលរៀបចំនៅវិមានព្រឹទ្ធសភា នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ ត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះមានសារៈសំខាន់ សម្រាប់យកទៅសិក្សា វិភាគ និងវាយតម្លៃ ដើម្បីធ្វើការសម្រេចនានា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលា បានចាត់ទុកសិក្ខាសាលានាឱកាសនេះ មានសារសំខាន់សម្រាប់អ្នកពាក់ព័ន្ធនានា ពិសេសសមាជិកសភាទាំងពីរ ដើម្បីជាទុននៅពេលត្រូវពិនិត្យ សិក្សា ពិភាក្សាអនុម័តច្បាប់ថវិកា និងច្បាប់ទាំងឡាយ ដែលពាក់ព័ន្ធនឹងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្លើយតបនឹងផលប្រយោជន៍ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។

សិក្ខាសាលាស្តីពី “ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា(CSDGs) ឆ្នាំ២០១៦-២០៣០” មានវាគ្មិនសំខាន់ៗមកពីស្ថាប័នជាតិ អន្តរជាតិពាក់ព័ន្ធជាច្រើន មកធ្វើបទបង្ហាញ។

ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ បានធ្វើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងសង្គម។

អង្គសិក្ខាសាលា ដំណើរពេញមួយថ្ងៃ ហើយនឹងបិទបញ្ចប់នៅរសៀលនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា៕

អត្ថបទដែលជាប់ទាក់ទង