កម្ពុជាបន្តគាំទ្រការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្ដីពីប្រជាជននិងការអភិវឌ្ឍន៍ជាតិ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាចិត្តបន្តគាំទ្រការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងការអភិវឌ្ឍន៍ ក្នុងន័យនេះសម្ដេចក៏បានណែនាំ ដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាលត្រូវបន្តពង្រឹងកិច្ចសហការនិងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូល្អជាមួយនឹងដៃគូអភិវឌ្ឍន៍ នានាអង្គការសង្គមស៊ីវិលនិងអ្នកមានចំណែកពាក់ព័ន្ធផ្សេងៗ ក្នុងការជំរុញការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងការអភិវឌ្ឍសំដៅសម្រេចបានជោគជ័យ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកលនិងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាដោយគ្មាននរណាម្នាក់ត្រូវបានលុបចោល ។
ការថ្លែងបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងទិវាប្រជាជនពិភពលោក នៅទី៣០ នៃសន្និសីទអន្តរជាតិ ស្ដីពីប្រជាជននិងការអភិវឌ្ឍន៍ កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសហត្ថលេខីមួយក្នុងចំណោមប្រទេសចំនួន ១៧៩ ដែលបានចុះហត្ថលេខាទទួលយកកម្មវិធីសកម្មភាពនៃសន្និសីទ អន្តរជាតិស្ដីពីប្រជាជននិងការអភិវឌ្ឍន៍ មកអនុវត្តដោយកម្ពុជាបានដាក់បញ្ចូលបញ្ហាប្រជាជននិងកត្តាឌីណាមិក ប្រជាសាស្ត្រ ទៅក្នុងដំណើរការនៃការរៀបចំផែនការអភិវឌ្ឍគោលនយោបាយនិងយុទ្ធសាស្ត្រជាតិសំខាន់ៗ ដើម្បីឆ្លុះបញ្ចាំងអំពីការផ្ដល់សិទ្ធិដល់ស្ត្រីនិងយុវជនកម្ពុជាឲ្យមានការទទួលខុសត្រូវពេញលេញលើសុខភាពបន្តពូជនិងការពន្យារកំណើតរបស់ខ្លួន ។ ក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍជាតិរួមមាន យុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក៏ដូចជាគោលនយោបាយជាតិប្រជាជន និងផែនការយុទ្ធសាស្ត្រនារីរតនៈ បានបញ្ជាក់ច្បាស់ពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងសិទ្ធិស្ត្រី ហើយនិងដើម្បីសម្រេចបាននូវការទទួល បានជាសាកលនូវសិទ្ធិសុខភាពផ្លូវភេទនិងសុខភាពបន្តពូជ ។
រយៈពេល២៥ឆ្នាំកន្លងមក យើងទទួលបាននូវសមិទ្ធផលគួរជាទីគាប់ចិត្តយ៉ាងច្រើន ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បន្ថែមទៀតទៅលើបញ្ហាប្រឈមចម្បងៗ ដែលនៅតែមានជាពិសេសទាក់ទងនឹងគុណភាពសេវា ។ ការបង្កើតគោលនយោបាយនិងសេចក្តីណែនាំថ្មីៗជាបន្តបន្ទាប់នឹងអាចជួយសម្រួលដល់គូស្រករក្នុងការទទួលបាននូវសេវាសុខភាពបន្តពូជ ជាពិសេសស្ត្រីនិងក្មេងស្រីមានជម្រើសត្រឹមត្រូវក្នុងការរៀបចំផែនការពន្យារកំណើត ហើយអាចមានឱកាសសិក្សាបានខ្ពស់និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារនិងប្រទេសជាតិបានប្រសើរ ។
សម្ដេចក្រឡាហោមបានបន្តថា ក្រសួងផែនការតាមរយៈអគ្គលេខាធិការដ្ឋានប្រជាជននិងការអភិវឌ្ឍត្រូវបន្តកិច្ចសហការជាមួយដៃគូពាក់ព័ន្ធជាពិសេស UNFPA រៀបចំវេទិកាប្រជាជនពិភពលោកនេះឲ្យបានទៀងទាត់ ដើម្បីបញ្ជាក់ពីការប្ដេជ្ញាចិត្តនិងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រជាជននិងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ជាពិសេសសុខភាពបន្តពូជរបស់ស្ត្រីនិងក្មេងស្រី ៕