ឯកអគ្គរដ្ឋទូតចិន និងអភិបាលខេត្តព្រះសីហនុ ជំរុញ កសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) បានជួបពិភាក្សាការងារជាមួយអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅនឹងស្ថានទូតចិន ដោយផ្តោតសំខាន់ទៅលើការផ្លាស់ប្ដូរយោបល់ទៅវិញទៅមកទាក់ទង នឹងកិច្ចសហប្រតិបត្តិការថ្នាក់ក្រោមជាតិរវាងចិន និងកម្ពុជា ព្រមទាំងជំរុញកសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។
ស្ថានទូតចិនប្រចាំនៅកម្ពុជា តាមរយៈផេកហ្វេសប៊ុកផ្លូវការ បានសរសេរថា ” លោកឯកអគ្គរដ្ឋទូតចិន Wang Wentian អញ្ជើញមានជំនួបជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ
នៅថ្ងៃទី១០ ខែកក្កដា លោកឯកអគ្គរដ្ឋទូតចិន Wang Wentian អញ្ជើញទទួលជួបសំណេះសំណាលជាមួយឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនៅស្ថានទូតផ្ទាល់។ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់ទៅវិញទៅមកទាក់ទងនឹងកិច្ចសហប្រតិបត្តិការថ្នាក់ក្រោមជាតិរវាងចិន និងកម្ពុជា រួមជាមួយកិច្ចការជំរុញកសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាដើម។
លោកស្រីទីប្រឹក្សាកិច្ចការនយោបាយ Zuo Wenxing លោកសេនានុព័ន្ធយោធា Li Ningya លោកទីប្រឹក្សាកិច្ចការពាណិជ្ជកម្ម Li An និងលោកទីប្រឹក្សា Li Jie ជាដើមចូលរួមក្នុងជំនួប”។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ធាង ភារម្យ មានប្រសាសន៍ថា អភិបាលខេត្តព្រះសីហនុ ជាអ្នកស្នើឱ្យមានជំនួបនេះ ដើម្បីសុំឱ្យទូតចិនសហការដោះស្រាយបញ្ហាប្រឈមមួយចំនួន រួមមាន សន្តិសុខ ការប្រយុទ្ធប្រឆាំងបទល្មើសនានា ការលាងលុយកង្វក់ និងបទល្មើសបច្ចេកវិទ្យា ជាដើម។ លោក បន្តថា ភាគីទាំងពីរក៏បានឯកភាពគម្រោងមួយ គឺព្រមព្រៀងបើកស្ថានកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ និងអង្គភាពសារព័ត៌មានមួយ។
លោក ធាង ភារម្យ មានប្រសាសន៍ថា ៖ «ឯកឧត្តមឯកអគ្គរដ្ឋទូតចិន ធ្វើការគាំទ្រចំពោះការបើកទីតាំងសារព័ត៌មានចិន និងស្ថានកុងស៊ុល ធ្វើការផ្សព្វផ្សាយ។ និងសហការជាមួយរដ្ឋបាលខេត្ត ដើម្បីផ្ដល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋចិន និងអ្នកវិនិយោគដែលកំពុងតែធ្វើសកម្មភាពនៅខេត្តព្រះសីហនុយើង។ ដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន។»