ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ ភាពចាស់ទុំខាងនយោបាយ និងអវត្តមានអតីតគណបក្សសង្គ្រោះជាតិ នាំឲ្យដំណើរការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន

217

ភ្នំពេញ៖ដំណើរការឃោសនាបោះឆ្នោត បានចាប់ផ្តើម កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ បន្តរហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ គណបក្សនយោបាយទាំង ២០ ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោត បានចេញឃោសនា តាមមណ្ឌលរាជធានីខេត្តទូទាំងប្រទេស ចាប់ពីថ្ងៃទី០៧ ខែកក្កដា តាមរយៈការជួបប្រជុំ ចែកខិត្តប័ណ្ណ ចាក់មេក្រូ បញ្ចាំងវិដេអូ និងហែក្បួនឃោសនាតាមផ្លូវ ជាដើម។

គ.ជ.ប បានប្រកាសថា បណ្តឹងបោះឆ្នោត ក្នុងរយៈពេល ១សប្តាហ៍នៃដំណើរការឃោសនាបោះឆ្នោតមាន ៦ ករណី គឺមាន ៤ករណី បានផ្សះផ្សាសះជា ( ខេត្តកណ្តាល ១ករណី ខេត្តរតនគិរី ៣ករណី ) ១ករណី ដើមបណ្តឹងដកពាក្យបណ្តឹងវិញ ( ខេត្តកែប ) និង ១ករណីទៀត នៅខេត្តព្រៃវែង កំពុងដោះស្រាយតាមនីតិវិធី។

ជារួម បើទោះបីជាក្នុងរយៈពេល ១សប្តាហ៍ដំបូង នៃដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតនេះ មានបណ្តឹង ចំនួន ៦ ករណី ក៏ដោយ តែគ.ជ.ប បានកត់សម្គាល់ថា បរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ រហូតដល់ថ្ងៃនេះ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា នៅក្របខណ្ឌទូទាំងប្រទេស។

ជាការពិត ជារៀងរាល់ថ្ងៃ មានគណបក្សនយោបាយមិនតិចជាង ១០ គណបក្សទេ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត នៅតាមមណ្ឌលខេត្តរាជធានីទូទាំងប្រទេស។ ក៏ប៉ុន្តែរាល់សកម្មភាពជួបជុំ ចែកខិត្តប័ណ្ណ ចាក់មេក្រូ និងហែក្បួនឃោសនារបស់គណបក្សទាំងនោះ គឺមិនមានកើតអំពើហិង្សា ទោះបីជា ពាក្យសម្តី ឈ្លោះទាស់ទែងរវាងអ្នកគាំទ្រគណបក្សនយោបាយ ក៏មិនកើតមានឡើយ។

ដំណើរការឃោសនាបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា នៅក្របខណ្ឌទូទាំងប្រទេស យ៉ាងហោចណាស់ មានកត្តា ២ សំខាន់។ ទី១-ភាពចាស់ទុំខាងនយោបាយរបស់គណបក្សនយោបាយ និងសកម្មជន និងកត្តាទី២-អាចមកពីអវត្តមានរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ មិនអាចមកចូលរួមការបោះឆ្នោត។

កត្តាទី១-ភាពចាស់ទុំខាងនយោបាយរបស់សកម្មជន និងគណបក្សនយោបាយ នៅពេលនេះ បានកាន់តែប្រសើរហើយ នៅប្រទេសកម្ពុជា ព្រោះថា បើយើងគិតពីអតីតកាល ដោយសារតែការប្រកាន់និន្នាការនយោបាយនេះហើយ ធ្វើឲ្យសង្គមខ្មែរបែកបាក់ ស្អប់គ្នា រហូតដល់មានការកាប់សម្លាប់គ្នា ដោយសារតែការប្រកាន់បក្សនេះ បក្សនោះ។ ក្រៅពីនោះ បងប្អូនបង្កើត រហូតដល់ឪពុកម្តាយ និងកូន ត្រូវឈ្លោះគ្នា ប្រើអំពើហិង្សាដាក់គ្នាថែមទៀតផង។ ក៏ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសនៅពេលឃោសនាបោះឆ្នោតពេលនេះ ការស្អប់គ្នា ការប្រកាន់គណបក្ស ការវាយតប់ ឬក៏ហិង្សាកាប់សម្លាប់នេះ លែងកើតមានទៀតហើយ។

កត្តាទី២-យុទ្ធនាការឃោសនាបោះឆ្នោត នៅមួយសប្តាហ៍ដំបូងនេះ បានធ្វើឡើងដោយរលូន មិនមានអំពើហិង្សា អាចមកពីមិនមានវត្តមានរបស់អតីតគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ ក៏ថាបាន។ ហេតុអ្វី? ព្រោះគេនៅចាំថា កាលពីអំឡុងបោះឆ្នោតឆ្នាំ២០១៣ គឺគណបក្សសង្គ្រោះជាតិនេះហើយ ហែក្បួនឃោសនាបោះឆ្នោត បង្កការកកស្ទះ រហូតដល់ពេលខ្លះ ឈានដល់អំពើហិង្សាម្តងម្កាលថែមទៀតផង។

ក្រោយពីបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៣ រួច គឺគណបក្សសង្គ្រោះជាតិនេះហើយ ដែលបានធ្វើបាតុកម្ម តវ៉ា រហូតដល់កើតមានអំពើហិង្សា នាំឲ្យមនុស្សរបួស ស្លាប់ ដូចជា នៅផ្លូវវេងស្រេង នៅជិតរោងចក្រស៊ូជីង និងនៅទីលានប្រជាធិបតេយ្យ ជិតវត្តភ្នំ ជាដើម។

ក៏ប៉ុន្តែសម្រាប់ការបោះឆ្នោតលើកនេះ លែងមានអំពើហិង្សា និងលែងមានបាតុកម្មតវ៉ាអ្វីទៀតហើយ ព្រោះតែអ្នកនយោបាយរបស់យើងសព្វថ្ងៃ មានភាពចាស់ទុំ គឺឃោសនាតែពីគណបក្សរបស់ខ្លួន លើកតែពីចំណុចល្អៗ របស់គណបក្សខ្លួន ដោយមិនប៉ះពាល់ដល់គណបក្សផ្សេងឡើយ។ រីឯអតីតគណបក្សសង្គ្រោះជាតិ ក៏លែងមានឱកាស មកធ្វើបាតុកម្មតវ៉ា បង្កអំពើហិង្សាតទៅទៀតដែរ៕
ដោយ៖សុខ ស្រីពៅ

អត្ថបទដែលជាប់ទាក់ទង