ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីទេសចរណ៍ ព្រមានទប់ស្កាត់ការីទេសចរណ៍ រកស៊ីលក់កញ្ចប់ទស្សនកិច្ច ថ្លៃសូន្យ ព្រោះនាំឱ្យប៉ះពាល់ ដល់កិត្តិនាមជាតិ និងនយោបាយទេសចរណ៍របស់ជាតិ

77

ភ្នំពេញ៖ ដោយសារនៅតែមានសកម្មភាពអាជីវកម្មបែប Zero Package Tour ក្នុងវិស័យទេសចរណ៍នៅកម្ពុជា ដែលនាំឱ្យប៉ះពាល់ដល់កិត្តិនាមជាតិ និងទេសចរអន្តរជាតិជារឿយៗនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រកាសទប់ស្កាត់ការប្រកបអាជីវកម្មប្រភេទនេះ ដោយបានព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះប្រតិបត្តិករទេសចរណ៍ទាំងឡាយណាដែលនៅតែគគ្លើន។

ការប្រកាសយ៉ាងដាច់អហង្កាយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពីការរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប នាចុងសប្ដាហ៍នេះ។

តើអ្វីទៅជាការប្រកបអាជីវក​ម្មលក់កញ្ចប់ទស្សនកិច្ចថ្លៃសូន្យ (Zero Package Tour) ក្នុងវិស័យទេសចរណ៍?​ ការលក់កញ្ចប់ទស្សនកិច្ចថ្លៃសូន្យ សំដៅលើសកម្មភាពលក់កញ្ចប់ទស្សនកិច្ចនៅថ្លៃទាប​ ឬលក់ទាំងខាត​ ដោយតម្រូវឱ្យទេសចរអន្តរជាតិ ទិញទំនិញក្នុងតម្លៃខ្ពស់​ ដើម្បីប៉ះប៉ូវការខាតបង់ទាំងនោះ។

លិករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ការីទេសចរណ៍ដែលប្រកបអាជីវកម្ម Zero Package Tour ជាមេរោគបំផ្លាញគោលដៅទេសចរណ៍នៅតំបន់សៀមរាបអង្គរ ក៏ដូចជានៅប្រទេសកម្ពុជាទាំងមូល ពីព្រោះទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា តាមរយៈក្រុមហ៊ុនទាំងនេះ​មានការខាតបង់ និងខកចិត្តយ៉ាងខ្លាំង រហូតដល់អ្នកខ្លះក៏លែងចង់មកទស្សនានៅកម្ពុជាលើកក្រោយទៀតដែរ។

បើតាមលិករដ្ឋមន្ត្រី ថោង ខុន នេះជាបញ្ហមួយ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិនាម និងនយោបាយទេសចរណ៍ជាតិ ដែលត្រូវរួមគ្នាទប់ស្កាត់ឱ្យបាន។ យើងកុំបន្ទោសភ្ញៀវ ពួកគេអត់ដឹងទេ តែក្រុមហ៊ុនអ្នករកស៊ី Zero Package Tour នេះ គឺជាអ្នកបំផ្លាញគោលដៅទេសរណ៍តែម្ដង មានន័យថា ពួកគេរកស៊ីដោយមិនគិតចំណេញក្នុងកញ្ចប់ តែពួកគេយកភ្ញៀវមកដើម្បីកាប់ស៊ី តាមរយៈការលក់វត្ថុអនុស្សាវរីយ៍ គ្រឿងអលង្ការក្លែងក្លាយ ទំនិញ និងសេវាកម្មអន់គុណភាព ដោយទទួលបានលុយក្រៅ ឬហៅថា Comission ហួសហេតុពីម្ចាស់មូលដ្ឋានអាជីវកម្មទាំងនោះ រហូតមានករណីពួកក្រុមហ៊ុនទេសចរណ៍ជាការីទេសចរណ៍ ឬភ្នាក់ងារទេសចរណ៍ខ្លះ ជំពាក់លុយម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍មិនសង ឬសងយឺតយ៉ាវផងដែរ ដែលនាំឲ្យគុណភាពសេវាកម្មកាន់តែធ្លាក់ចុះ។

លោកបញ្ជាក់ថា នេះហើយជាមូលហេតុដែលនាំឱ្យសណ្ឋាគារ ភោជនីយដ្ឋានខ្លះត្រូវបិទទ្វារ ពីព្រោះក្រុមហ៊ុនអ្នករកស៊ី Zero Package Tour មិនទាន់សង ឬមិនសងលុយ ហើយរត់ចោលបាត់ស្រមោល។

លោក ថោង ខុន បានបន្ថែមថា មានក្រុមហ៊ុនខ្លះទិញសំបុត្រ ចូលទស្សនាអង្គរវត្ត ៦២ដុល្លារ សម្រាប់រយៈពេល៣ថ្ងៃ តែភូតភរភ្ញៀវនាំភ្ញៀវចូលទស្សនាអង្គរវត្តតែ ១ថ្ងៃទេ ហើយថ្ងៃទី២ បន្តទៅទស្សនានៅប្រាសាទបេងមាលា ១ថ្ងៃ (តម្លៃពិត ៥ដុល្លារ) និងប្រាសាទកោះកេរ ១ថ្ងៃទៀត (តម្លៃពិត ១០ដុល្លារ)។ ពួកគេភូតភរទេសចរថា ប្រាសាទបេងមាលា និងប្រាសាទកោះកេរ ក៏ជាអង្គរវត្តដែរ ដោយគាត់បានចំណេញប្រាក់ពីភ្ញៀវដល់ទៅ ១៥ដុល្លារ។

បញ្ហានេះ បានជំរុញឱ្យលោករដ្ឋមន្ត្រីធ្លោយមាត់ប្រកាសថា ក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរអប្សរា បានឯកភាពគ្នាថានៅថ្ងៃខាងមុខ នឹងបញ្ចូលប្រាសាទបេងមាលា និងប្រាសាទកោះកេរ ទៅក្នុងកញ្ចប់ទស្សនាជាមួយប្រាសាទអង្គរវត្តតែម្តង ដើម្បីកុំឱ្យក្រុមហ៊ុនរកស៊ីបោកប្រាស់ទាំងនោះកុហកភ្ញៀវបានទៀត។

ប៉ុន្តែទោះជាយ៉ាងណា នៅពេលភ្ញៀវបានដឹងពីការបោកប្រាស់នេះ ភ្ញៀវខ្លះ ទោះបីប្រាសាទអង្គរពោរពេញដោយ ភាពទាក់ទាញដ៏អស្ចារ្យល្បីល្បាញក៏ដោយ ក៏ពួកគេបានរិះគន់និយាយ មិនល្អពីគោលដៅទេសចរណ៍កម្ពុជា ខ្លះមិនចង់មកទស្សនាសៀមរាប-អង្គរ ភ្ញៀវខ្លះក៏លែងទុកចិត្តក្រុមហ៊ុនការីទេសចរណ៍ នៅកម្ពុជា ជាហេតុនាំឱ្យប៉ះពាល់ដល់កិត្តិនាមជាតិ ខាតបង់ប្រយោជន៍ជាតិ ហើយក៏ខាតបង់ដល់ការប្រកបអាជីវកម្មរបស់សណ្ឋាគារ ភោជនីយដ្ឋានមួយចំនួននោះផងដែរ, នេះបើតាមលោក ថោង ខុន។

ជាមួយនឹងសម្ដីខ្លាំងៗ លោករដ្ឋមន្ត្រី ថោង ខុន បានប្រកាសហាមឃាត់យ៉ាងដាច់អហង្កាថា «កម្ពុជាមិនអនុញ្ញាឱ្យការីទេសចរណ៍ ឬក្រុមហ៊ុនទេសចរណ៍ណាមួយ ប្រកបអាជីវកម្មបែប Zero Package Tour ក្នុងវិស័យទេសចរណ៍ទៀតនោះឡើយ»៕

អត្ថបទដែលជាប់ទាក់ទង