ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សកម្មភាព របស់សាខាកាកបាទក្រហមកម្ពុជារាជធានីមានទិសដៅតែមួយគឺការដោះស្រាយបញ្ហាលំបាកជូនប្រជាពលរដ្ឋដោយ មិនប្រកាន់និន្នាការនយោបាយ

96

ភ្នំពេញ៖អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញលោកឃួងស្រេងបានបញ្ជាក់ថាសកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញមានទិសដៅតែមួយគឺការដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋជាពិសេសជនក្រីក្រជនងាយរងគ្រោះជនចាស់ជរាអ្នកផ្ទុកមេរោគអេដស៍និងទុរគតជននានាដោយមិនប្រកាន់និន្នាការនយោបាយសាសនាវណ្ណៈពណ៌សម្បុរអ្វីឡើយ។

  ការបញ្ជាក់បែបនេះរបស់លោកឃួងស្រេងបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ខែកក្តដានេះនៅវត្តឈូកវ៉ាក្នុងពិធីសំណេះសំណាលនិងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រជាង៨៦០គ្រួសារមកពីសហគមន៍ចំនួន១០​​ និងភូមិទាំង១៨​​ ក្នុងសង្កាត់គោលរកាខណ្ឌព្រែកព្នៅ។

    លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញថ្លែងថាការចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមនាពេលនេះមិនមែនជាលើកទី១នោះទេហើយក៏មិនមែនជាលើកចុងក្រោយដែរគឺនៅតែបន្តចែកជូនដល់គ្រួសារដែលកំពុងជួបការលំបាកជានិច្ច។

   លោកបន្តថាថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួចក៏ពិតមែនប៉ុន្តែអំណោយនេះអាចជួយរំលែកទុក្ខលំបាករបស់បងប្អូនបានមួយចំណែកផងដែរហើយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ត្រូវស្លាប់ដោយសារគ្មានស្បៀងអាហារនោះឡើយ។

   លោកអភិបាលរាជធានីភ្នំពេញលើកឡើងទៀតថាអំណោយកាកបាទក្រហមទាំងអស់នេះគឺបានមកពីការចូលរួមឧបត្ថម្ភពីសប្បុរសជននានាផ្តល់មកសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។សកម្មភាពទាំងនេះគឺជាសិល្បៈនៃការចែករំលែកនៅក្នុងចំណោមប្រជាជនកម្ពុជារបស់យើងពិតជាមានន័យធំធេងនិងជ្រាលជ្រៅខ្លាំងណាស់។

   ក្នុងឱកាសនោះលោកចៅសង្កាត់គោករកាបានអោយដឹងថាប្រពលរដ្ឋក្រីក្រមកទទួលអំណោយកាកបាទក្រហមកម្ពុជាថ្ងៃនេះមានចំនួន៨៦៣គ្រួសារមកពីសហគមន៍ទាំង១០និងមកពីភូមិទាំង១៨ក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅដែលពួកគាត់ពិតជាមានការខ្វះខាតខាងជីវភាពពិតប្រាកដមែន។   

    លោកបន្តថាប្រជាពលរដ្ឋក្រីក្រទាំងអស់នេះពួកគាត់ជាកម្មករសំណង់រើសអេដចាយចាស់ជរាស្រ្តីមេម៉ាយនិងអ្នកមានផ្ទុកជំងឺអេដស៍ជាដើម។

  គោលដៅរបស់កាកបាទក្រហមកម្ពុជាបានបំពេញនូវបេសកម្មមនុស្សធម៌ជាច្រើនក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះនិងជនងាយរងគ្រោះរួមមានចាស់ជរាជនគ្មានទីពឹងស្ត្រីមេម៉ាយទុរគតស្រ្តីសម្រាលកូនកុមារគថ្លង់យុវជនញៀនថ្នាំជនពិការនិងអ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍ជាពិសេសបានអន្តរាគមន៍បានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយផ្សេងៗដែលបានកើតមានក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងមូលដ្ឋានរាជធានីភ្នំពេញដូចជាគ្រោះអគ្គិភ័យខ្យល់កន្ត្រាក់គ្រោះរាំងស្ងួតបាក់ច្រាំងទន្លេនិងគ្រោះថ្នាក់ចរាចរណ៍ជាដើមស្របតាមទិសស្លោកទីណាមានទុក្ខលំបាកទីនោះមានបេសកកម្មកាកបាទក្រហមកម្ពុជា។

   ខួបលើកទី១៥៦ឆ្នាំ២០១៩នេះបានកៀងគររកមូលនិធិដើម្បីបន្តប្រតិបត្តិការសកម្មភាពមនុស្សធម៌សរុបចំនួន២០.៧៥៧.៥១០ដុល្លារអាមេរិកដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង