កងកម្លាំងនគរបាលជាតិ ការប្រើប្រាស់កម្លាំង ប្រើប្រាស់អាវុធ និងមធ្យោបាយ ឲ្យបានសមស្រប តាមភារកិច្ចដែលថ្នាក់លើប្រគល់ជូន
ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នេះ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំបើកកិច្ចប្រជុំ ជាបន្ទាន់មួយដើម្បីផ្សព្វសេចក្តីណែនាំស្តីពីការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយរបស់រដ្ឋ។
លោកឧត្តមសេនីយ៍ត្រី អ៊ឹម វលក្ខណ៍ ស្នងការរង ជាប្រធានសេនាធិការ បានឡើងអានសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ លេខ០១៩សណន ចុះថ្ងៃទី៥ខែ កក្កដា ឆ្នាំ២០១៩ ស្តីពីការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ ការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ ដែលមានខ្លឹមសារ១០ចំណុច បានចែងយ៉ាងច្បាស់ អំពីតួនាទីភារកិច្ច របស់កងកម្លាំងនគរបាលជាតិក្នុងការបំពេញការងារប្រចាំថ្ងៃ បម្រើប្រជាពលរដ្ឋដោយមានស្មារតីទទួលខុសខ្ពស់ ។
លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ ណែនាំបញ្ជាក់បន្ថែម អំពីខ្លឹមសារ សេចក្តីណែនាំទាំង១០ចំណុច របស់ក្រសួងមហាផ្ទៃ បានចែងច្បាស់លាស់អំពីតួនាទីភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ ការប្រើប្រាស់កម្លាំង ប្រើប្រាស់អាវុធ និងមធ្យោបាយ ឲ្យបានសមស្រប តាមភារកិច្ចដែលថ្នាក់លើប្រគល់ជូន។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់បន្ថែម សូមឲ្យអស់លោកទាំងអស់ អនុវត្តតាមអនុសាសន៍ អភិក្រមទាំង៥ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៖ ១,ឆ្លុះកញ្ចក់ ២,ងូតទឹក ៣,ដុសក្អែល ៤,ព្យាបាល និង ទី,៥វះកាត់។ មន្ត្រីត្រូវបម្រើប្រជាពលរដ្ឋ។
មិនត្រូវឲ្យមានរថយន្តស្លាកលេខនគរបាល ប្រើប្រាស់ក្នុងវិស័យឯកជន ឬជនបរទេសប្រើប្រាស់រថយន្តស្លាកលេខរដ្ឋ ជាដាច់ខាត ជាពិសេសកងកម្លាំងនគរបាល និង អាវុធ មិនត្រូវឲ្យមាន ការចេញទៅការពារតាមក្លឹបកម្សាន្តខារ៉ាអូខេ ឬ ការពារវិស័យឯកជនឡើយ៕