ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋ​ប្តឹង​លោក​ផ្កាយ​បី លន់ សុធី និង​បក្ខពួក​ទៅ​ ACU រឿងសូកប៉ាន់​អាជ្ញាធរ​ដើម្បី​ធ្វើប្លង់រឹង​ ខណៈឈ្មោះ ប៉ុល ពិសីឡើងតុលាការចាញ់ក្តីរហូត

66

ភ្នំពេញ ៖ ពលរដ្ឋ​បានប្តឹង​លោកផ្កាយបី ​ឧ​ត្ត​ម​សេនីយ៍​ឯក លន់ សុធី ដែលជានាយរងនាយកដ្ឋាន​វិស្វកម្ម នៃ​ក្រសួងការពារជាតិ, ឈ្មោះ សេង ដាលីន និង​បក្ខពួក​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពីបទ​សូកប៉ាន់​ដល់​អាជ្ញាធរ​ដើម្បី​ទទួលបាន​ប្លង់រឹង​ដោយ​ខុស​ប្រក្រតី​។ នេះបើតាមការផ្សាយនៅលើវេបសាយ របស់លោកវីល្លាម (William Guang វឌ្ឍនា សារពង្ស)
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងយោបល់ មកពីគណបក្សខ្មែរក្រោក នៅថ្ងៃទី 15 ខែកក្កដាឆ្នាំ 2019 នេះ។

បើយោងតាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ឈ្មោះ ប៉ុល ពិសី ភេទ​ស្រី អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ជម្រាបជូន ប្រធានអង្គភាពប្រឆាំងអំពើពុករលួយថា កាលពី​អំឡុង​ឆ្នាំ​១៩៩៧ និង​១៩៩៨ លោកស្រី​បាន​ទិញ​ដី​មួយកន្លែង​ទំហំ ៨០​ម៉ែត្រ គុណ​នឹង​៦០​ម៉ែត្រ មាន​ទីតាំង​ភូមិ​១ (​ដូរ​ភូមិ​៩) សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ពី​ឈ្មោះ សួន សូ​នី​,​ឈ្មោះ ព្រំ អូន​, ឈ្មោះ កើត អួ​ច​,​ឈ្មោះ ហួត ជុន និង​ឈ្មោះ ហ៊ឹម សៅ ដោយមាន​លិខិត​ផ្ទេរសិទ្ធិ​ត្រឹមត្រូវ​តាមច្បាប់​។ រហូតមកដល់​ឆ្នាំ​២០១៤ ស្រាប់​តែមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក លន់ សុធី និង​ប្រពន្ធ​ឈ្មោះ សេង ដាលីន បាន​ឲ្យ​មន្ត្រី​ធ្វើ​ប្លង់​យក​ដី​របស់​លោកស្រី​ទាំងអស់ ដោយ​ឃើញ​ដូច្នោះ អ្នកស្រីក៏បានដាក់ពាក្យបណ្តឹង ទៅតុលាការខេត្តព្រះសីហនុ ដើម្បី​រក​យុត្តិធម៌ តែ​អ្នកស្រី​ចាញ់​រហូតដល់​តុលាការ​កំពូល ព្រោះ​អ្នកស្រី​ពុំមាន​ប្រាក់​សូកប៉ាន់​ដូច​អ្នក​ទាំងពីរ​។

អ្នកស្រី ប៉ុល ពិសី បានស្នើ​សុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើ​ការស៊ើបអង្កេត​លើ​ករណីនេះ​ឲ្យ​បាន​ស៊ីជម្រៅ ជាពិសេស​ឯកសារ​ប្លង់រឹង​ដីធ្លី​លេខ 18010301-3410 ដោយ​លោកស្រី​សង្ស័យថា វា​ជា​ប្លង់ដី​ដែល​កើត​ឡើងពីការឃុបឃិតគ្នា រវាងលោកឧត្តមសេនីយ៍ឯក លន់ សុធី និង​មន្ត្រី​ជំនាញ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

ទាក់ទងនឹងការប្ដឹងពីពលរដ្ឋខាងសារព័ត៌មានមិនអាចសុំការបំភ្លឺពីលោកលន់ សុធី បានឡើយ៕

អត្ថបទដែលជាប់ទាក់ទង