ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខែវស្សាគ្មានភ្លៀង អ្នកភូមិព្រះដាក់ធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទមេបុណ្យខាងកើតតាមទំនៀមបុរាណ

46

នៅព្រឹកថ្ងៃ១៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ប្រជាជនភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរៀបចំពិធីបួងសួងផ្សងសុំទឹកភ្លៀង ខណៈពេលដែលរដូវវស្សាចូលមកដល់ តែពុំមានភ្លៀង ដើម្បីឱ្យភ្លៀងបង្អុរគ្រប់គ្រាន់ ឱ្យប្រជាកសិករធ្វើស្រែចម្ការទទួលបានភោគផលល្អ និងបន់ស្រន់សុំសេចក្តីសុខដល់ភូមិករ ដែលជាទំនៀមអ្នកស្រុកអង្គរតាំងពីបុរាណ។

ពិធីបួងសួងនេះធ្វើនៅបរិវេណ មុខប្រាសាទមេបុណ្យខាងកើត ហើយអ្នកភូមិធ្វើបាយសម្លមកប្រគេនព្រះសង្ឃ និងរៀបចំគ្រឿងសែនព្រេនដល់អ្នកតា ម្ចាស់ទឹកម្ចាស់ដែលរក្សាក្នុងភូមិឋាននេះ ដែលមានប្រជាជនចូលរួមយ៉ាងច្រើនកុះករ។

លោកយាយ ហ៊ឹម ប្រឹម អាយុ៦១ឆ្នាំ ជាអ្នកដឹកនាំធ្វើពិធីបួងសួងសុំទឹកភ្លៀង បានឱ្យដឹងថា ជារៀងរាល់ឆ្នាំឱ្យតែដល់ខែអាសាឍ កំណត់យកថ្ងៃណាមួយក្នុងខែនេះ ពេលគ្មានភ្លៀង ឬភ្លៀងធ្លាក់តិចតួចក្តី ប្រជាជនក្នុងភូមិទាំងអស់បានមូលមាត់គ្នា និងរ៉ៃអង្គាសបច្ច័យតាមកម្លាំងសទ្ធាដើម្បីយកមកធ្វើបាយម្ហូបប្រគេនព្រះសង្ឃ និងរៀបចំគ្រឿងសម្រាប់សែនព្រេន និងផ្គត់ផ្គង់តម្រូវការកម្មវិធីទាំងមូល។

លោកយាយបន្តថា ពិធីបួងសួងសុំទឹកភ្លៀង ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំមិនដែលខកខានទេ ទោះមានឬគ្មានភ្លៀងក៏ដោយ ហើយក្រៅពីអ្នកភូមិព្រះដាក់ក៏មានអ្នកភូមិផ្សេងៗមកចូលរួម និងធ្វើចង្ហាន់មកប្រគេនព្រះសង្ឃក្នុងឱកាសនេះ រួមទាំងសែនព្រេនអ្នកតា ម្ចាស់ទឹកដី ម្ចាស់ប្រាសាទផងដែរ។ បន្ទាប់ពីធ្វើពិធីតាមទំនៀមព្រះពុទ្ធសាសនាចប់សព្វគ្រប់ ក៏មានបញ្ចូលរូបអ្នកតារហូតដល់ទៅ៩រូប តែពិសេសជាងគេគឺអ្នកតាប្រចាំនៅប្រាសាទមេបុណ្យខាងកើតនេះ គឺអ្នកតាខូច ដើម្បីសួរនាំសុខទុក្ខ សុំទឹកភ្លៀង ឱ្យអ្នកតារាំរែក សេពសោយអាហារ។ល។

លោកយាយបញ្ចាក់ថា រាល់ឆ្នាំក្រោយធ្វើពិធីបួងសួងតែងមានភ្លៀងបង្អុរមក ហើយប្រជាជនចាប់ផ្តើមធ្វើស្រែចម្ការ ទំនៀមនេះមានតាំងពីបរមបុរាណមកម្ល៉េះ តាំងពីលោកយាយដឹងក្តីមក ហើយគ្រួសារលោកយាយក៏ជាអ្នកដឹកនាំធ្វើច្រើនដំណរមកហើយ។ ចាស់ទុំក្នុងភូមិតែងតែធ្វើមិនខកខានលើកលែងតែក្នុងសម័យប៉ុល ពតប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង