ស្នងការរាជធានី៖ ២ថ្ងៃខាងមុខ ត្រូវស្រង់ឈ្មោះមន្រ្តីនគរបាលណា ដែលទៅយាមផ្ទះ ឬទៅការពារឧកញ៉ា
ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បម្រាមហាមដាច់ខាតកងកម្លាំងនគរបាលជាតិ ទៅបម្រើការងារ នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសឯកជន ឬជាលក្ខណៈបុគ្គលឯកជន ដែលមិនមានការអនុញ្ញាតពីថ្នាក់ដឹកនាំ និងហាមដាច់ខាត ការយកមន្រ្តីនគរបាលជាតិ ទៅប្រចាំការការពារកន្លែងកម្សាន្ត ជាពិសេសក្លឹបកម្សាន្ត ខារ៉ាអូខេ និងកាស៊ីណូជាដើម។ បន្ថែមលើចំណុចនេះ ២ថ្ងៃខាងមុខ ត្រូវស្រង់ឈ្មោះមន្រ្តីនគរបាលណាដែលទៅយាមផ្ទះ ឬទៅការពារឧកញ៉ា ដើម្បីដឹងថាតើពួកគាត់មានការអនុញ្ញាតឬទេ?
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ការគ្រប់គ្រងការប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងមធ្យោបាយ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោកស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ត្រូវយកចិត្តទុកដាក់ពង្រឹងឲ្យបានម៉ឺងម៉ាត់ អំពីការគោរពវិន័យ ពេលម៉ោងការងាររដ្ឋបាលដែលបានកំណត់ ដោយពេលព្រឹកចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១និង៣០នាទី ហើយពេលល្ងាច ម៉ោង១៤ដល់ម៉ោង១៧:៣០នាទី។ ត្រូវស្នើសុំច្បាប់ឈប់សម្រាក ជាលាយល័ក្ខអក្សរឲ្យបានត្រឹមត្រូវ ហើយមន្រ្តីនគរបាល នឹងកាត់សក់ខ្លីនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្តង។
លោកស្នងការ “ក៏ដាក់បម្រាមហាមដាច់ខាតការឆ្លៀតយកកម្លាំងក្នុងអង្គភាពទៅបម្រើការងារ នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសឯកជន ឬជាលក្ខណៈបុគ្គលឯកជន ដែលមិនមានការអនុញ្ញាតពីថ្នាក់ដឹកនាំ និងហាមដាច់ខាត ការយកមន្រ្តីនគរបាលជាតិ ទៅប្រចាំការការពារកន្លែងកម្សាន្ត ជាពិសេសក្លឹបកម្សាន្ត ខារ៉ាអូខេ និងកាស៊ីណូជាដើម។ បន្ថែមលើចំណុចនេះ ២ថ្ងៃខាងមុខ ត្រូវស្រង់ឈ្មោះមន្រ្តីនគរបាលណាដែលទៅយាមផ្ទះ ឬទៅការពារឧកញ៉ា ដើម្បីដឹងថាតើពួកគាត់មានការអនុញ្ញាតឬទេ”។
លោកបានលើកឡើងថា មន្រ្តីនគរបាល ត្រូវបន្តគ្រប់គ្រង និងការប្រើប្រាស់អាវុធ។ ត្រូវដឹកនាំកិច្ចប្រជុំឲ្យបានប្រចាំ និងមានរបាយការណ៍ ដើម្បីដឹងថានៅមូលដ្ឋានមានបញ្ហាអ្វី និងឈានទៅរកដំណោះស្រាយទាន់ពេលវេលា។ ហាមដាច់ខាតក្នុងការប្រើប្រាស់មធ្យោយបាយរបស់អង្គភាព ជាពិសេសម៉ូតូបើកផ្លូវ ឬរថយន្តសារ៉ែនរបស់អង្គភាពទៅប្រើប្រាស់ការពារហែរអមក្រុមហ៊ុនឯកជន ឬបុគ្គលឯកជន ដែលមិនស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន៕