ក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ នឹងធ្វើការស៊ើបអង្កេតស៊ីជម្រៅស្វែងរកប្រភពនៃការនាំចូលកាកសំណល់សំរាម៨៣កុងទឺន័រ មកកាន់កម្ពុជា និងដើម្បីបញ្ជូនទៅកាន់ប្រភពដើមវិញ
ព្រះសីហនុ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះថា ការបង្ក្រាបលើការនាំចូលកាកសំណល់សំរាមចំនួន៨៣កុងទឺន័រពីបរទេស ចូលមកប្រទេសកម្ពុជានៅពេលនេះ បញ្ជាក់ពីកិច្ចសហការយ៉ាងស្អិតរមួត រវាងក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធរួមមានអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងកំពង់ផែស្វយ័តក្នុងការ ទប់ស្កាត់ទំនិញហាមឃាត់មិនឱ្យចូលមកកម្ពុជាបាន។
អ្នកនាំពាក្យរូបនេះបានអះអាងថា «សមត្ថកិច្ចកិច្ចនឹងកំណត់ថា ទំនិញហាមឃាត់ទាំងនេះមកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រភពដើមវិញ និងធ្វើការផាកពិន័យលើក្រុមហ៊ុន ដែលនាំចូលមកនោះតាមច្បាប់ជាធរមាន។ ក្រសួងបរិស្ថាន និងសមត្ថកិច្ច ពាក់ព័ន្ធនឹងធ្វើការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀត ដើម្បីស្វែងរកប្រភព និងឫសគល់ដែលនាំឱ្យមានការនាំចូលសំណល់សំរាមនេះមកកាន់ប្រទេសកម្ពុជា»។
លោក ភក្រ្តា បានបន្តថា ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណចំពោះស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធនានា ជាពិសេសអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងកំពង់ផែស្វយ័ត ដែលបានចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព លើការនាំចូលទំនិញហាមឃាត់សំរាមនេះ។
កុងទឺន័រចំនួន៨៣ទូរ ដែលមានផ្ទុកកាកសំណល់សំរាមនាំចូលពីបរទេស ត្រូវកម្លាំងសមត្ថកិច្ចនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកប្រតិបត្តិការបង្ក្រាបបាននៅខេត្តព្រះសីហនុ។ ដោយនៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩នេះ ក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ បានសម្រេចគាស់ទូរកុងទឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែង នៅក្នុងកំពង់ផែខេត្តព្រះសីហនុ។
ការគាស់ទូរកុងទឺន័រនៅរសៀលនេះ ដឹកនាំដោយលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក គួច ចំរើន អភិបាលនៃគណៈខេត្តព្រះសីហនុ លោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តព្រះសីហនុ។