ក្រសួងការបរទេស សម្ដែងការសោកស្ដាយ ចំពោះសភាតំណាងរាស្ត្រអាមេរិក លើការអនុម័ត ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ភ្នំពេញ៖ ក្រសួងការបរទេស មានការសោកស្ដាយយ៉ាងខ្លាំងពេល ទទួលបានព័ត៌មានថាសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកទើបបានអនុម័តច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ 2019។
ក្រសួងការបរទេសកម្ពុជា នៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ប្រតិកម្មទៅនឹងសភាតំណាងរាស្ត្រអាមេរិក ដែលបានអនុម័តច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលជាច្បាប់មួយដាក់ទណ្ឌកម្មលើប្រទេសកម្ពុជាជុំវិញការចោទប្រកាន់កម្ពុជាធ្វើឱ្យធ្លាក់ចុះនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាដើមនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំងចំពោះខ្លឹមសារ នៃសេចក្តីព្រាងច្បាប់នេះ និងបានធ្វើការបដិសេធយ៉ាងដាច់អហង្កានូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដោយផ្អែកទៅលើព័ត៌មានបំភ្លៃ លំអៀង និងព័ត៌មានចាស់ហួសសម័យ ដោយសារតែហេតុផលនយោបាយ និងស្តង់ដារពីរ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មានកាតព្វកិច្ចផ្តល់នូវការបកស្រាយបំភ្លឺ ដូចតទៅ៖
- សេចក្តីព្រាងច្បាប់នេះ ចាប់ផ្តើមដោយលើកឡើងថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំ ដែលបានកាន់តំណែងយូរជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។ ការកាន់តំណែងយូរដូច្នេះ មិនមែនមិនដែលមាននៅក្នុងបណ្តាប្រទេស ដែលប្រកាន់យកនូវប្រព័ន្ធនយោបាយបែបសភានិយម នៅតាមតំបន់នានានោះឡើយ។ ទាំងរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជា មិនបានកំណត់អាណត្តិរបស់នាយករដ្ឋមន្ត្រីនោះទេ ដរាបណាគណបក្សរបស់គាត់ទទួលបានការគាំទ្រភាគច្រើនពីអ្នកបោះឆ្នោត ដែលអនុវត្តសិទ្ធិនយោបាយរបស់ខ្លួនដោយសេរី នៅក្នុងការបោះឆ្នោតជាទៀងទាត់ ដែលត្រូវបានឃ្លាំមើលដោយអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ។ អាស្រ័យហេតុនេះ ការជាប់ឆ្នោតសារជាថ្មីឡើងវិញ ពុំមែនមានន័យថាគ្មានប្រជាធិបតេយ្យនោះទេ ហើយក៏មិនមែនជាបទល្មើសនោះដែរ។
- ការបដិសេធមិនទទួលស្គាល់ភាពស្របច្បាប់នៃការបោះឆ្នោតកន្លងមកនៅក្នុងប្រទេសកម្ពុជា គឺជាការមើលងាយទាំងស្រុងចំពោះឆន្ទៈរបស់អ្នកបោះឆ្នោតកម្ពុជា និងជាការបដិសេធនូវការពិត។ ការបោះឆ្នោតលើកទីមួយ នៅឆ្នាំ១៩៩៣ ត្រូវបានផ្តួចផ្តើមនិងរៀបចំដោយអង្គការសហប្រជាជាតិ។ ការបោះឆ្នោតនៅឆ្នាំ១៩៩៨ ត្រូវបានប្រធានក្រុមអ្នកសង្កេតការណ៍ អាមេរិក ចាត់ទុកថាជា «អព្ភូតហេតុដ៏អស្ចារ្យនៃដងទន្លេមេគង្គ» ។ ការបោះឆ្នោតនៅឆ្នាំ២០១៣ ត្រូវបានចាត់ទុកថាមានលក្ខណៈសេរីនិងយុត្តិធម៌ណាស់ ដោយគណបក្សប្រឆាំងបានកើន២៦អាសនៈ ហើយគណបក្សកាន់អំណាចបានបាត់បង់២៣អាសនៈ។ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ បានអំពាវនាវឱ្យគ្រប់គណបក្សនយោបាយទាំងអស់ទទួលយកលទ្ធផលនៃការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ ដោយរៀបរាប់ថាការបោះឆ្នោតមានសណ្ដាប់ធ្នាប់ និងពុំមានអំពើហិង្សា និងជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបន្តអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការបោះឆ្នោតនៅឆ្នាំ២០១៨ បានប្រព្រឹត្តទៅដោយពុំមានអំពើហិង្សា មានសណ្តាប់ធ្នាប់ សេរីនិងយុត្តិធម៌ ដោយមានអ្នកចូលរួមបោះឆ្នោតរហូតដល់ ៨៣,០២% ទោះបីជាមានការអំពាវនាវរបស់ក្រុមក្រៅច្បាប់ឱ្យធ្វើពហិការមិនចូលរួមក៏ដោយ។ តួលេខនេះ មិនត្រឹមតែបង្ហាញពីបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ចង់ឃើញការបន្តនិរន្តរភាព ក្នុងមាគ៌ាប្រកបដោយសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីទំនុកចិត្តជាថ្មីរបស់ពួកគេ ចំពោះការដឹកនាំរបស់គណបក្សកាន់អំណាច ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសម្រេចឱ្យបានគោលដៅទាំងនេះ។
- ការចាប់ខ្លួនលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) និងការរំលាយគណបក្សរបស់គាត់ ដោយតុលាការកំពូល គឺត្រូវបានធ្វើឡើងដោយអនុលោមទាំងស្រុងទៅតាមច្បាប់ជាធរមានរបស់រដ្ឋអធិបតេយ្យមួយ ក្នុងស្មារតីថែរក្សាសន្តិភាព និងស្ថិរភាព ព្រមទាំងការការពារអធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា។ គាត់ត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ដែលត្រូវផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌកម្ពុជា(មាត្រា៤៤៣)។
- សេចក្តីព្រាងនៃ «ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៩» នេះ បានទំលាក់កំហុសទៅលើបទប្បញ្ញត្តិទាំងឡាយនៃច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល (LANGO) ដែលតាមពិតទៅ ច្បាប់នេះមានដូចគ្នានៅក្នុងប្រទេសលោកខាងលិចជាច្រើន ដើម្បីធានាតម្លាភាពនិងគណនេយ្យភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងនោះ។ ជាការពិតណាស់ ច្បាប់ LANGO នេះ ត្រូវបានតាក់តែងឡើង ដោយដកស្រង់បទពិសោធន៍ល្អៗជាច្រើនចេញពីច្បាប់ ស្តីពីអង្គការមិនមែនរដ្ឋាភិបាលរបស់ប្រទេសនានាដែលមានភាពចាស់ទុំខាងប្រជាធិបតេយ្យ រួមមាន សហរដ្ឋអាមេរិកផងដែរ។ ច្បាប់នេះ ក៏មានអត្ថន័យស្របតាមមាត្រា៤២នៃរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា២០នៃសេចក្តីថ្លែងការណ៍សកលស្តីពីសិទ្ធិមនុស្ស និងមាត្រា២២នៃអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិល និង
នយោបាយ។ ករណីវិទ្យាស្ថានជាតិប្រជាធិបតេយ្យ(NDI) គឺពាក់ព័ន្ធនឹងការខកខានមិនបានអនុវត្តតាមមាត្រា៣៤ នៃច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។
- សេចក្តីព្រាងច្បាប់នេះ រិះគន់ខុសអំពីការរឹតត្បិតសេរីភាពសារព័ត៌មាន និងប្រាសចាកឆ្ងាយពីការពិត។ ការពិតនោះគឺ កាសែតនិងបណ្តាញសារព័ត៌មានមួយចំនួនតូចប៉ុណ្ណោះ ដែលបានជ្រើសរើសតាមឆន្ទៈរបស់ខ្លួន ក្នុងការបញ្ឈប់ប្រតិបត្តិការរបស់ពួកគេ នៅពេលប្រឈមនឹងកាតព្វកិច្ចសារពើពន្ធ និងការរំលោភបំពានច្បាប់សារព័ត៌មានរបស់កម្ពុជា។ កម្ពុជាលើកកម្ពស់យ៉ាងខ្លាំងនូវសេរីភាពសារព័ត៌មាននិងការបញ្ចេញមតិ ដោយឈរលើមូល-ដ្ឋាននីតិរដ្ឋ ដូចបានបង្ហាញតាមរយៈបរិយាកាសប្រព័ន្ធផ្សព្វផ្សាយយ៉ាងរស់រវើកនៃអង្គការកាសែត ទូរទស្សន៍ និងវិទ្យុ ដែលបានចុះបញ្ជីជាង១០០០ស្ថាប័ន កំពុងដំណើរការ ហើយមានការរិះគន់ចំពោះរាជរដ្ឋាភិបាល។ ជាងនេះទៅទៀត ជាមួយនឹងទូរស័ព្ទចល័តដែលភ្ជាប់ អ៊ីនធឺណិត ជាង១៣លាន៦សែនគ្រឿង នៅឆ្នាំ២០១៨ ប្រជាជនកម្ពុជារីករាយនឹងលទ្ធភាពទទួលបានព័ត៌មានគ្មានដែនកំណត់ ឆាប់រហ័ស និងគ្មានការរឹតត្បិត ដែលរួមមានទាំងវិទ្យុអាស៊ីសេរី វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) និងកាសែតឌឹខេមបូឌាដេលី ព្រមទាំងការចែករំលែកព័ត៌មានផ្ទាល់ខ្លួនតាមអ៊ិនធឺណិត និងលើបណ្តាញសង្គមផ្សេងៗទៀតផងដែរ។
- សមាជិកសភា ដែលស្នើច្បាប់នេះ ហាក់ដូចជាមើលរំលងការពិតជាក់ស្តែង ដែលរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពតាមសំណើរបស់ស្ថានទូតអាមេរិកនៅភ្នំពេញ ចំពោះការផ្តល់ទិដ្ឋាការចូល និងស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេល ១២ខែ ដល់អ្នកស្ម័គ្រចិត្ត Peace Corps នៅខែមករាកន្លងមកនេះ និងការអនុញ្ញាតឱ្យបើកការិយាល័យតំណាងរបស់វិទ្យុVOA នៅកម្ពុជាឡើងវិញ នៅខែឧសភា ឆ្នាំ២០១៩។ នេះជាឧទាហរណ៍ពីរ ក្នុងចំណោមឧទាហរណ៍ជាច្រើនដែលបានបង្ហាញឲ្យឃើញថា សេចក្តីព្រាងច្បាប់នេះ បានពឹងផ្អែកលើព័ត៌មានចាស់ៗដែលហួសសម័យកាល។
- ដោយសារមានចេតនាអាក្រក់ ទើបសេចក្តីព្រាងច្បាប់នេះ មិនមានលើកចំណុចយោងណាមួយទាក់ទងទៅដល់វោហាសាស្ត្រប្រជានិយមដ៏គ្រោះថ្នាក់របស់ក្រុមប្រឆាំងមួយចំនួននៅកម្ពុជា ដែលប្រើប្រាស់វិធីសាស្ត្រប្រមាថ និងបង្កាច់បង្ខូចមិនរើសមុខ អុចអាល បង្កការស្អប់ជាតិសាសន៍ និងការស្អប់ជនបរទេស បំផុសជាតិនិយមជ្រុល អំពាវនាវឱ្យយោធាប្រឆាំងនឹងរដ្ឋាភិបាល និងបំផ្លិចបំផ្លាញការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ដែលទាំងអស់នេះ ត្រូវបានទទួលការស្អប់ខ្ពើមយ៉ាងខ្លាំងនៅក្នុងគ្រប់សង្គមប្រជាធិបតេយ្យនានា។ ការវាយតម្លៃដោយយុត្តិធម៌និងសត្យានុម័ត អំពីសេរីភាពនយោបាយនិងសិទ្ធិមនុស្ស មិនត្រូវភ្លេចពីធាតុពិតនៃគណបក្សប្រឆាំងមួយដែលគ្មានលក្ខណៈគ្រប់គ្រាន់នោះទេ។ ជាងនេះទៅទៀត ប្រតិកម្មរបស់សហរដ្ឋអាមេរិកចំពោះការវិវត្តនយោបាយថ្មីៗនៅកម្ពុជា ហាក់ដូចជាមិនបានស្តែងចេញតាមរយៈគុណតម្លៃប្រជាធិបតេយ្យនោះទេ បើពិនិត្យទៅលើភាពខុសគ្នានៃនយោបាយរបស់សហរដ្ឋអាមេរិកជាមួយប្រទេសផ្សេងៗទៀត ពាក់ព័ន្ធនឹងបញ្ហាប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។
តាមក្រសួងការបរទេស ខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ កាន់តែបង្ករការរំខានថែមទៀត នៅពេលដែលបុគ្គលសាធារណៈរបស់រដ្ឋអធិបតេយ្យមួយ បានក្លាយជាកម្មវត្ថុនៃវិធានការដាក់ទណ្ឌកម្មពីសំណាក់រដ្ឋមួយផ្សេងទៀត ដោយផ្អែកលើការចោទប្រកាន់កម្មមានមូលដ្ឋាន ។ នេះគឺជាការរំលោភបំពានយ៉ាងជាក់ស្ដែងចំពោះគោលការណ៍អន្តរជាតិស្ដីពីអធិបតេយ្យភាព សមភាពនិងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ដូចមានចែងក្នុងមាត្រា 2 នៃរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ។
អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចាត់ទុកថាអនុម័តសេចក្តីព្រាងច្បាប់ខាងលើរបស់សភាសហរដ្ឋអាមេរិក បើផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែងដែលប្រទេសទាំងពីរកំពុងប្រកាន់យក ក្នុងការលើកកម្ពស់ភាពជាដៃគូគ្រប់វិស័យ ដោយផ្អែកលើផលប្រយោជន៍នៃការគោរពគ្នាទៅវិញ។ ហើយបើមានសម្ពាធដ៏អយុត្តិធម៌ និងការដាក់ទណ្ឌកម្មជាឯកតោភាគី ពីសំណាក់សហរដ្ឋអាមេរិកក្តី ក៏រាជរដ្ឋាភិបាលកម្ពុជាបានជ្រើសយកអភិក្រមវិជ្ជមានប្រកបដោយភាពស្មោះត្រង់ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើវិស័យជាច្រើន ដូចជាបេសកកម្មមនុស្សធម៌ “ស្តង់ដារមាស” កម្មវិធីមាតុភូមិនិវត្តន៍យ៉ាងសកម្ម ការចាប់ផ្ដើមឡើងវិញនូវកិច្ចសន្ទនានយោបាយ ការគាំទ្រដល់អ្នកស្ម័គ្រចិត្ត និងការប្រយុទ្ធរួមគ្នាយ៉ាងសកម្មប្រឆាំងនឹងការប្រឈមផ្នែកសន្តិសុខមិនប្រពៃណី ដូចជាភេរវកម្ម និងការជួញដូរជាដើម។
នៅក្នុងពាក្យក្រសួងការបរទេស សូមសម្ដែងជាថ្មីនូវការប្ដេជ្ញាចិត្ត ឥតងាករេរបស់កម្ពុជា ក្នុងការប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងលើកកម្ពស់នីតិរដ្ឋនិងការគោរពសេរីភាពជាមូលដ្ឋាន ស្របទៅតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ អ្នកនាំពាក្យក្រសួងការបរទេស ទទួចដល់អង្គការនីតិប្បញ្ញត្តិបរទេសទាំងអស់ រក្សានូវភាពលំអៀងរបស់ខ្លួន នឹងជិះវានូវសកម្មភាពមិនចាំបាច់នានាដែលមិនគោរពដល់អធិបតេយ្យភាព និងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប្រតិកម្មទៅនឹងច្បាប់ដែលអនុម័តដោយសភាតំណាងរាស្ត្រអាមេរិក៖