ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវជាតិទើបធ្វើថ្មីៗ នឹងបង្កប់កាមេរ៉ា ចាប់រថយន្ត បើកលើសល្បឿនកំណត់ ចាប់ផ្លាកលេខ ហើយផាកពិន័យ ដល់ផ្ទះ

141

ភ្នំពេញ៖ លោក រដ្ឋមន្ត្រីក្រសួងសាធារណការ  បានថ្លែងថា នៅតាមដងផ្លូវទើបធ្វើថ្មី និងកំពុងធ្វើ នឹងបង្កប់កាមេរ៉ាដើម្បី ចាប់ល្បឿនរថយន្ត ចាប់ផ្លាកលេខ នៅតាមដងផ្លូវ ហើយរថយន្តដែលបើកបរ លើសល្បឿនកំណត់ នឹងបញ្ជូនក្រដាសផាកពិន័យ ទៅឱ្យដល់មុខផ្ទះតែម្តង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងដូចនេះ ក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើនសុវត្ថិភាពចរាចរណ៍ នៅលើផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុន មីឆែលីន រ៉ូ និងក្រុមហ៊ុន វើលប្រ៊ីជ ត្រេឌីង ក្នុងរយៈពេល២ឆ្នាំ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា គ្រោះថ្នាក់ចររាចរដែល កើតមាននៅកម្ពុជា នាពេលបច្ចុប្បន្ន ភាគច្រើនបានបង្កឡើង ដោយការបើកបរហួសល្បឿនកំណត់, បើកបរមិនប្រុងប្រយ័ត្ន, ប្រើប្រាស់គ្រឿងស្រវឹង, វ៉ាជែងដោយមិនបានប្រុងប្រយ័ត្ន ហើយរថយន្តខ្លះទៀត មិនបានយក ទៅធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដោយពេលខ្លះសម្បកកង់សឹក ធ្វើឱ្យជាន់ហ្វ្រាំង មិនស៊ីជាដើម។ ក្រៅពីបញ្ហាទាំងនេះ ការបើកបរលើសល្បឿនកំណត់ ក៏ជាបុព្វហេតុមួយ នាំឱ្យកើតមានគ្រោះថ្នាក់ចរាចរ លើដងវិថីផងដែរ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា “លោកនឹងរៀបចំបំពាក់កាមេរ៉ាចាប់ល្បឿនរថយន្ត នៅតាមដងផ្លូវជាតិ ដែលទើបសាងសង់ថ្មី ឬក៏ផ្លូវជាតិ ដែលសាងសង់ក្រោយៗទៀត។ យើងក៏បានរៀបចំដាក់កាមេរ៉ា ដើម្បីចាប់អ្នកបើកបរលើសល្បឿនលឿនពេក។ អ៊ីចឹងផ្លូវនឹងមាន បង្កប់កាមេរ៉ាមួយចំនួន គឺបើកទៅកាមេរ៉ាថតឡានហ្នឹង បានផ្លាកលេខឡាន ហើយយកក្រដាសផាកពិន័យ ដល់ផ្ទះតែម្តង។ អ៊ីចឹងជម្រាបថា ផ្លូវមួយចំនួននឹងមានកាមេរ៉ា។ កាមេរ៉ា មានផ្លូវមួយចំនួនដែលបង្កើតថ្មីៗ មានផ្លូវលេខ៣ មានកាមេរ៉ា ផ្លូវ៤១ ផ្លូវ៣១ ផ្លូវ៣៣ និងផ្លូវផ្សេងៗទៀត និងមានកាមេរ៉ាចាប់ល្បឿន។ អ៊ីចឹងមិនដឹងទេ បើកទៅចាប់ខ្លួនឯងហើយ បើកលឿនពេកញញឹមផង ព្រោះការមេរ៉ាថតជាប់ហើយ ហើយបញ្ជូនការផាកពិន័យ ដល់ផ្ទះតែម្តង”។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ផ្លូវដែលទើបសាងសង់ថ្មី និងកំពុងសាងសង់ ដើម្បីឱ្យមានគុណភាព ក្រសួងសាធារណការ បានស្នើសុំឱ្យមានអ្នកបច្ចេកទេស មកពីប្រទេសចិន ជួយពិនិត្យមើល។ ក្រុមជំនាញការរបស់ចិន បានពិនិត្យផ្លូវរួចរាល់ហើយ ហើយបានរកឃើញថា មានផ្លូវខ្លះល្អ និងផ្លូវខ្លះមិនទាន់ល្អ។ សម្រាប់ផ្លូវដែលរកឃើញថា មិនទាន់ល្អក្រសួង នឹងធ្វើឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស និងដាក់ស្លាកសញ្ញាឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងគ្រោះថ្នាក់។

លោក ស៊ុន ចាន់ថុល ក្រសួងសាធារណការ ក៏បានធ្វើការជាមួយ ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដើម្បីសុំជំនួយ យកមកគូសគំនូសផ្លូវ នៅតាមដងផ្លូវ នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង