អភិបាលខេត្តព្រះសីហនុជំរុញមន្ត្រីជំនាញ ឲ្យរួមសហការគ្នារៀបចំនីតិវិធីប្រើប្រាស់ថវិកា សម្រាប់កសាងនិងជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធក្រុង ឲ្យបានប្រសើរឡើងវិញ
នៅសាលាខេត្ដព្រះសីហនុ ថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែកក្កដា គ.ស ២០១៩ អភិបាលខេត្ដព្រះសីហនុ ដឹកនាំបើកកិច្ចប្រជុំ ជាមួយអាជ្ញាធរក្រុង មន្តី្រជំនាញ និងស្ថាប័នពាក់ព័ន្ធជុំវិញខេត្ដ ស្វែងយល់លើរបាយការណ៍ស្ដីពីការប្រមូលពន្ធ (ពន្ធប្រថាប់ត្រា) និងរៀបចំនីតិវិធីយកថវិកាមកប្រើប្រាស់សម្រាប់គម្រោងកសាង ជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធក្រុង ខេត្ដឲ្យបានល្អប្រសើរឡើងវិញ។
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ មានប្រសាសន៍ថា ដើម្បីរៀបចំកសាង ជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវសំខាន់ៗក្នុងក្រុងព្រះសីហនុ សម្រាប់ព្រឹត្ដិការណ៍ធំៗពីរនៅថ្ងៃខាងមុខ គឺបុណ្យសមុទ្រ ឆ្នាំ២០២០ និងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២។ ដោយសារកញ្ចប់ថវិការបស់ខេត្ដ មិនបានឆ្លើយតបទៅនឹងតម្រូវការចំបាច់ក្នុងការចាត់ចែងលើកិច្ចការកសាង និងជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន រដ្ឋបាលខេត្ដ ត្រូវតែ ពិនិត្យមើលចំណាយ ចំណូលរបស់ខេត្ដតាមរយៈការប្រមូលពន្ធរបស់សាខាពន្ធដារខេត្ដព្រះសីនុ។
យោងតាមរបាយការណ៍របស់សាខាពន្ធដារខេត្ដ ការប្រមូលពន្ធ (ពន្ធប្រថាប់ត្រា) កើនជាង១០០% ដែលខេត្ដអាចមានលទ្ធភាពលៃលករៀបចំនីតិវិធីយក លុយប្រមូលបានលើសផែនការ ដែលត្រូវបង់ចូលទៅរដ្ឋ នេះ មកប្រើប្រាស់សម្រាប់គម្រោង កសាង ជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងត្រូវការចាំបាច់នោះ ជាពិសេសការជួលជុលផ្លូវចំនួន ៥ខ្សែដោយមិនពិបាកដើរស្មូមគេ។ ដូច្នេះស្នើឲ្យមន្ត្រីជំនាញមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ដ ទីចាត់ការហិរញ្ញវត្ថុខេត្ដ និងទីចាត់ការផែនការវិនិយោគ រួមសហការគ្នាដើម្បីធ្វើកិច្ចការនេះឲ្យមានប្រសិទ្ធភាព។
លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្ដព្រះសីហនុ និយាយប្រាប់ថា ការប្រមូលពន្ធ (ពន្ធប្រថាប់ត្រា) កាលពីប៉ុន្មានឆ្នាំមុនពិបាកណាស់ប្រមូលមិនបាន ប៉ុន្ដែក្រោយមកដោយមានការណែនាំពីអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ការប្រមូលពន្ធ (ពន្ធប្រថាប់ត្រា)នេះ គឺធ្វើបានដោយជោគជ័យ១០០%(ឆមាសទី១ ដើមឆ្នាំនេះ គឺលើសផែនការ ១១៥%)។
ទន្ទឹមនឹងនោះសាខាពន្ធដារខេត្ដក៏មានជួបបញ្ហាប្រឈមខ្លះដែរក្នុងការប្រមូលពន្ធប្រថាប់ត្រា និងពន្ធលើអចលនទ្រព្យមួយចំនួនផងដែរ តែទោះជាយ៉ាងណាសម្រាប់ឆ្នាំនេះ សាខាពន្ធដារខេត្ដនឹងខិតខំពិនិត្យកៀរគរបន្ថែមទៅលើពន្ធដីធ្លី និងសំណង់អាគារនានាផងដែរ។
សូមបញ្ជាក់ផងដែរថា រយៈពេលប្រមាណបីឆ្នាំនេះ ខេត្ដព្រះសីហនុ ជាពិសេសក្រុងមានការអភិវឌ្ឍយ៉ាងគំហុក ដោយសារការវិនិយោគលើវិស័យសំណង់ រីកដុះដាលព្រោងព្រាត ចរាចរណ៍រថយន្ដដឹកជញ្ជួនមានការមមាញឹក បានធ្វើឲ្យផ្លូវជាច្រើនស្ទើរទាំងអស់ក្នុងក្រុងរងនូវការខូចខាតយ៉ាងខ្លាំងផងដែរ ដែលតម្រូវឲ្យមានការជួសជុលកែលម្អឡើងវិញ។ក្នុងនោះរដ្ឋបាលខេត្ដ/ក្រុង បានខិតខំកៀរគររកសប្បុរសជននានា ថវិកាខេត្ដ និងថ្នាក់ជាតិ ដើម្បីរៀបចំជួសជុលផ្លូវទាំងឡាយនៅក្នុងក្រុង កែលម្អហេដ្ឋារចនាសម្ព័ន្ធក្រុង ខេត្ដព្រះសីហនុឲ្យបានល្អឡើងវិញ៕