កុងតឺន័របុកក្បាលស្ពានប្រសូតិ មិនអស់ល្បឿនបន្តបុកសំយ៉ាបផ្ទះពលរដ្ឋ
ខេត្តស្វាយរៀង៖ករណីគ្រោះថ្នាក់ចរាចរមួយ ដែលបង្កឡើងដោយរថយន្តកុងតឺន័រមួយគ្រឿង បុករះរនាំងថ្មក្បាលស្ពានប្រសូតិ ហើយមិនអស់ល្បឿន បន្តទៅបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋ និងផ្លាកប៉ាណូ ទ្រូម៉ាន់នី រាបដល់ដី ប៉ុន្តែសំណាងល្អហើយមិនបង្កគ្រោះថ្នាក់ អ្នកធ្វើដំណើរ ឬម្ចាស់ផ្ទះគ្រាន់តែខូចខាចរបស់របរប៉ុណ្ណោះ។
ករណីគ្រោះថ្នាក់ចរាចរ បានកើតឡើងកាលពីវេលាម៉ោង៣និង០៥នាទី ទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចក្បាលស្ពានប្រសូតិខាងកើត ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖ នៅវេលាកើតហេតុខាងលើ មានរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E 4796 ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បុករះទ្រូងថ្មពុះចែកផ្លូវលើស្ពានប្រសូតិ មកខាងឆ្វេងដៃ មិនអស់ល្បឿន បន្តបុករះចូលផ្ទះប្រជាពលរដ្ឋ ដែលបើកកន្លែងផ្ទេរប្រាក់ទ្រូម៉ាន់នី ចង្ងាយពីស្ពានជិត២០០ម៉ែត្រ ទើបរថយន្តអស់ល្បឿន។
ប្រភពបានបន្តទៀតថា៖ ករណីនេះ មិនមានបង្កគ្រោះថ្នាក់ ដល់អ្នកណាម្នាក់នោះឡើយ គ្រាន់តែខូចខាតស្ពាន និងសំយ៉ាបផ្ទះប្រជាពលរដ្ឋ ផ្លាកប៉ាណូ ទ្រូម៉ាន់នី ព្រមទាំងរបស់របរប៉ុណ្ណោះ។
ក្រោយពីបង្កហេតុ លោកតៃកុងរថយន្ត ចុះពីរថយន្តរត់គ្មានងាកក្រោយបាត់ស្រមោល ដោយអត់ស្គាល់អត្តសញ្ញាណ ហើយរថយន្តត្រូវបាន សមត្ថកិច្ចយកមករក្សាទុក ដើម្បីរង់ចាំម្ចាស់ក្រុមហ៊ុន ចុះមកដោះស្រាយគ្នា តាមផ្លូវច្បាប់នៅពេលក្រោយ៕