រឹបអូសរថយន្ត ១គ្រឿង ផ្ទុកឈើគ្រញូងចំនួន ២៨ដុំ ដែលលាក់ទុកក្នុងស្រះទឹក
បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឈរជើងក្នុងភូមិសាស្រ្ដច្រកទ្វារតំបន់បឹងត្រកួន សហការជាមួយកម្លាំងទិសទី១ យោធភូមិភាគទី៥ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសព្រៃឈើ និងរឹបអូសបានរថយន្ត ១គ្រឿងម៉ាក កាមរី ផ្ទុកឈើគ្រញូងចំនួន ២៨ដុំ ស្មើនឹង ២២៨គីឡូក្រាម នៅចំណុចខាងក្រោយស្រះទឹក ស្ថិតក្នុងភូមិដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ខែកក្កដានេះ។
រថយន្តដែលដឹកឈើប្រណីតនោះ ម៉ាក កាមរី ពណ៌ប្រផះ ស៊េរីឆ្នាំ១៩៩៥ ពាក់ផ្លាកលេខភ្នំពេញ ២M-៧២៩៦។
ប្រតិបត្តិការនេះ ដោយអនុវត្តន៍តាមបទបញ្ជា និងវិធានការដ៏តឹងរ៉ឹង របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានអាជ្ញាធរជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩
ជនសង្ស័យហាក់ដូចដឹងខ្លួនមុន បានរត់គេចខ្លួនបាត់ ហើយទុករថយន្តចោល នៅចំណុចកើតហេតុខាងលើ ។ ក្រោយពីធ្វើការដកហូតវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿង និងបញ្ជូនវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕