រថយន្តហ្វ័តស៊េរីទំនើប ១គ្រឿង ចង្កូតស្ដាំពាក់ផ្លាកលេខខម ត្រូវគយចល័តបាត់ដំបងឃាត់ទុក ពីរខែមកហើយ , លោកវរសេនីយ៍ទោ ធីម សុគន្ធ ស្នើដល់ ក្រសួងការពារជាតិ ជួយដោះស្រាយ
បាត់ដំបង៖ រថយន្តម៉ាក Ford Ranger xlt ពណ៌ត្រេអ៊ី ផលិតនៅឆ្នាំ២០១៩ លេខតួ MNBLMF080KW948786 លេខម៉ាស៊ីន P4AT-2756937 ទំហំស៊ីឡាំង ២០០០cc ចង្កូតស្ដាំ ត្រូវគយចល័តខេត្តបាត់ដំបងឃាត់បាន វេលាម៉ោង២រសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង កំពុងធ្វើដំណើរតាមដងផ្លូវ ត្រូវបាននាំមករក្សាទុក នៅសាខាគយចល័តស្ថិតក្នុងឃុំអូរតាគី ស្រុកថ្មគោល ។ គិតដល់ពេលនេះមានរយៈពេលជាងពីរខែហើយ សមត្ថកិច្ចគយខេត្តបាត់ដំបងនៅពុំទាន់ប្រគល់រថយន្តនោះទៅម្ចាស់ដើមវិញនៅឡើយទេ ទោះបីជាមានការស្នើសុំ ពីសំណាក់លោកវរសេនីយ៍ទោ ធីម សុគន្ធ ក៏ដោយ ។
ជាមួយករណីនេះ មហាជនបានរិះគន់ថា មន្ត្រីរាជការ ជាពិសេសស្ថាប័ននាយទាហាន ឬក៏ពលទាហាន នគរបាល មួយចំនួនតូច បានទិញរថយន្តចង្កូតស្ដាំ ដែលមិនមានឯកសារច្បាស់លាស់ តែគេហៅថារថយន្តអត់ពន្ធ មកជិះយ៉ាងរំភើយ ហើយបិទពណ៌ត្រេអ៊ី នឹងពាក់ផ្លាកលេខខេមរៈភូមិន្ទ ឬក៏នគរបាល។
ទោះយ៉ាងណានាពេលកន្លងមក សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្លាប់ប្រកាសយ៉ាងដាច់ណាត់ថា រថយន្តចង្កូតស្ដាំ មិនត្រូវឲ្យអនុញ្ញាតនាំចូលក្នុងប្រទេសកម្ពុជានោះទេ ហើយបានបញ្ជាឲ្យមន្ត្រីគយនិងរដ្ឋាករ ចាប់រថយន្តនោះ យកមកទុកតែម្ដង។ នាពេលបច្ចុប្បន្ននេះ រថយន្តចង្កូតស្ដាំ ដែលមានពាក់ផ្លាកលេខ ខេមរភូមិន្ទ និងនប ត្រូវបានឃើញចរាចរណ៍យ៉ាងព្រោងព្រាត ហើយជាពិសេស គឺរថយន្តទាំងនេះ ជិះដោយជនជាតិចិន។
បើតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ បានលើកឡើងថា លោកវរសេនីយ៍ទោ ធីម សុគន្ធ ជំនួយការផ្ទាល់ លោកនាយឧត្តមសេនីយ៍ ប៊ុន សេង រដ្ឋលេខាធិការក្រសួងការពារជាតិអតីតមេភូមិភាគទី៥ បានស្នើសុំក្រសួងការពារជាតិ ជួយអន្តរាគមន៍ ដោះស្រាយយករថយន្តចំនួន១គ្រឿង ដែលលោកបានទិញប្រគល់ជូនរដ្ឋ ដើម្បីជាមធ្យោបាយដឹកជញ្ជូនផ្សេងៗ តែត្រូវបានគយចល័តខេត្តបាត់ដំបងឃាត់ទុក។
លោក ធីម សុគន្ធ បានថ្លែងឲ្យដឹងថា រថយន្តនោះម៉ាក Ford Ranger xlt ពណ៌ត្រេអ៊ី ផលិតនៅឆ្នាំ២០១៩ លេខតួ MNBLMF080KW948786 លេខម៉ាស៊ីន P4AT-2756937 ទំហំស៊ីឡាំង ២០០០cc ចង្កូតស្ដាំ ត្រូវគយចល័តខេត្តបាត់ដំបងឃាត់បាន វេលាម៉ោង២រសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង កំពុងធ្វើដំណើរតាមដងផ្លូវ ត្រូវបាននាំមករក្សាទុកនៅសាខាគយចល័តស្ថិតក្នុងឃុំអូរតាគី ស្រុកថ្មគោល ។
លោកវរសេនីយ៍ទោ បានបន្ថែមថា រថយន្តនេះត្រូវបានលោក ប្រគល់ជូនក្រសួងការពារជាតិ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ដែលត្រូវលោកនាយឧត្តមសេនីយ៍ ប៊ុន សេង បានធ្វើលិខិតផ្ញើជូន ទៅអគ្គនាយកអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ សម្រាប់ដាក់ក្នុងស្ថាប័នប្រើប្រាស់ ហើយរថយន្តនេះ ពុំទាន់មានប័ណ្ណ និងផ្លាកលេខចរាចរនៅឡើយ ទើបខាងអង្គភាពក្រសួងការពារជាតិ បានផ្ដល់ស្លាកលេខ ខេមរភូមិន្ទ 01 2-6933 ឲ្យប្រើប្រាស់ ។
ទាក់ទងនិងករណីនេះមន្ត្រីគយចល័តខេត្តបាត់ដំបង សុំមិនបញ្ចេញឈ្មោះ បានណែនាំទៅវរសេនីយ៍ ធីម សុគន្ធ ដាក់សំណើស្នើទៅអគ្គនាយកដ្ឋានគយ ដើម្បីជួយដោះស្រាយ សម្របសម្រួល ព្រោះថារបាយការណ៍ ពាក់ព័ន្ធនឹងការឃាត់រថយន្តនេះ ត្រូវបានបញ្ជូន ទៅអគ្គនាយកដ្ឋានគយរួចរាល់ហើយ៕