ច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត
ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នរោត្តម សីហមុនី ទ្រង់បានឡាយព្រះហស្តលេខា ដាក់ឲ្យប្រើប្រាស់ ច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។ ព្រះរាជក្រមលេខ នស/រកម/០៧១៩/០០៦ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត។
យោងតាមព្រះរាជក្រម បានប្រកាសឲ្យប្រើច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី 17 ខែមិថុនា ឆ្នាំ 2019 នាសម័យប្រជុំរដ្ឋសភាលើកទី 2 នីតិកាលទី 6 ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី 25 ខែមិថុនាឆ្នាំ 2019 យាយសម័យប្រជុំពេញអង្គលើកទី 3 នីតិកាលទី 4។
យោងតាមជំពូកទី 1 លើបទប្បញ្ញត្តិទូទៅត្រង់មាត្រា១ បានចែងថា ច្បាប់នេះមានគោលបំណងចូលរួមអភិវឌ្ឍវិស័យប្រេងកាត ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិ ។ មាត្រា 2 ចែងថា ច្បាប់នេះមានគោលដៅកំណត់អំពីសមត្ថកិច្ច និងវិធានការនៃការគ្រប់គ្រងវិស័យប្រេងកាត។ មាត្រា 3 ចែងថា ច្បាប់នេះមានវិសាលភាពអនុវត្ត លើរាល់សកម្មភាព ក្នុងវិស័យប្រេងកាត នៅក្នុងបូរណភាពទឹកដី និងអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងបានសមុទ្រ និងស្រទាប់ដីក្រោមបាតសមុទ្រ នៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ ព្រមទាំងតំបន់ផ្សេងៗទៀត ដែលព្រះរាជាណាចក្រកម្ពុជា មានសិទ្ធិ អធិបតេយ្យ។
យោងតាមជំពូកទី 2 ត្រង់មាត្រា 6 ចែងថា សមត្ថកិច្ច និងការគ្រប់គ្រង គឺក្រសួងរ៉ែនិងថាមពល ជាស្ថាប័នមានសមត្ថកិច្ច គ្រប់គ្រង និងត្រួតពិនិត្យ រាល់សកម្មភាព ក្នុងវិស័យប្រេងកាត។
ជំពូកទី 3 ការគ្រប់គ្រងសកម្មភាពផ្នែកអាប់ស្រ្ទីម ត្រង់មាត្រា៩ បានចែងថា រាល់សកម្មភាពស្វែងរុករក អភិវឌ្ឍន៍ និងផលិតកម្មប្រេងកាត ត្រូវមានកិច្ចព្រមព្រៀងប្រេងកាត។ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ត្រូវស្នើសុំការអនុញ្ញាតជាមុន ពីនាយករដ្ឋមន្ត្រី ដើម្បីចុះកិច្ចព្រមព្រៀងប្រេងកាត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ផ្សេងទៀតព័ត៌មាន។ លក្ខខណ្ឌនិងនីតិវិធីនៃការជ្រើសរើស អ្នកចុះកិច្ចព្រមព្រៀងប្រេងកាត ត្រូវកំណត់ដោយអនុក្រឹត្យ។
សូមបញ្ជាក់ថា ច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាតមាន មានចំនួន 19 ទំព័រ និងមាន9ជំពូក និង 72 មាត្រា ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ឡាយព្រះហស្ត នៅព្រះបរមរាជវាំង ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2019៕