ក្នុងសំណុំរឿងឧកញ៉ាស៊ឹង សំអុល សមត្ថកិច្ចកំពុងស្វែងរកជនពាក់ព័ន្ធ៩នាក់ទៀត ដែលកំពុងរត់គេចខ្លួន
ភ្នំពេញ៖ ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ត្រូវបានលោកឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាក់អ្នកសារព័ត៌មានថា គណៈកម្មការជាតិបានរឹបអូសឈើបានចំនួន ១.៧០០ ម៉ែត្រគូប។ ដោយឡែក ក្នុងឆ្នាំ២០១៨ គណៈកម្មការជាតិ បានបង្ក្រាបបទល្មើសព្រៃឈើ ដោយរឹបអូសឈើបានជាង ៤.០០០ ម៉ែត្រគូប ឃាត់ខ្លួនជនល្មើស ១៦៣នាក់ ហើយក្នុងនោះ មាន ៦៣នាក់ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ។
លោកឧត្តមសេនីយ៍ត្រី អ្នកនាំពាក្យ បានថ្លែងថា ពេលនេះសមត្ថកិច្ចកំពុង តាមស្វែងរកជនសង្ស័យពាក់ព័ន្ធចំនួន៩នាក់ទៀត ដែលមានមេខ្លោងឈ្មោះ ស៊ឹង សំអុល ។
នៅក្នុងវេទិកាសន្និសីទសារព័ត៌មាន ស្តីពី វិធានការទប់ស្កាត់បទល្មើសព្រៃឈើ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា សន្និសីទសារព័ត៌មាន ស្តីពី វិធានការទប់ស្កាត់បទល្មើសព្រៃឈើ បានធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដានេះ មានទិសដៅ និងគោលបំណងពន្យល់ឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ ដែលលោកកំពុងផ្តោតការយកចិត្តទុកដាក់ លើវិធានការប្រកបដោយប្រសិទ្ធភាព នៃការទប់ស្កាត់បទល្មើសព្រៃឈើ ដូចជា ទិដ្ឋភាពច្បាប់ និងវិធានការទប់ស្កាត់បទល្មើសព្រៃឈើ ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងវិធានការនាពេលកន្លងមក ជាដើម។
បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា ក្នុងប្រតិបត្តិការកន្លងមកនេះ សមត្ថកិច្ចបានឃាត់រថយន្តល្មើសជាង៤០គ្រឿង ដែលពាក់ព័ន្ធនឹងការដឹកឈើទាំងនោះ ហើយក្នុងនោះមានរថយន្តចំនួន២៩គ្រឿង ត្រូវបានបំផ្លាញផងដែរ។
លោកឧត្តមសេនីយ៍ អេង ហ៊ី បានបញ្ជាក់ថា យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ គណៈកម្មការជាតិបានរឹបអូសឡានដឹកឈើជាង ៤០គ្រឿង ជនល្មើស ៤នាក់ ត្រូវបានចាប់ខ្លួន ហើយតុលាការបានចោទប្រកាន់ និងសម្រេចឃុំខ្លួននៅពន្ធនាគារខេត្តមណ្ឌលគិរី ក្នុងនោះ បុគ្គលពាក់ព័ន្ធបទល្មើសព្រៃឈើនេះ មាន ៩នាក់ ហើយកំពុងគេចខ្លួន ដែលតុលាការខេត្តមណ្ឌលគិរី បានចេញដីកាតាមចាប់ខ្លួន។ ជាមួយគ្នានោះ ក៏មានមនុស្ស ៣នាក់ ក៏ត្រូវបានតុលាការ ចេញដីកាកោះហៅ។
លោកឧត្តមសេនីយ៍ អេង ហ៊ី បន្ថែមថា បទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី មានក្រុមហ៊ុនចំនួន ៦ ពាក់ព័ន្ធ តែក្រុមហ៊ុន លឹម រ៉ូយ៉ាល់ មិនពាក់ព័ន្ធទេ។ ទន្ទឹមនឹងការចាប់បង្ក្រាបបទល្មើសព្រៃឈើនេះ កម្លាំងជំនាញក៏បានបំផ្លាញរថយន្តមណ្ឌលគិរី ចំនួន ២១គ្រឿង នៅខេត្តរតនគិរី ចំនួន ២គ្រឿង និងនៅខេត្តស្ទឹងត្រែង មាន ៦គ្រឿង។ ចំពោះរថយន្តដឹកឈើនៅក្នុងព្រៃឈើ មានប្រើម្ស៉ៅ TNT បំផ្ទុះកម្ទេចឡានទាំងនោះ នៅក្នុងព្រៃ ហើយឡានឡង់គ្រឹស័រ ២គ្រឿង នៅខេត្តរតនគិរី និងនៅខេត្តស្ទឹងត្រែង គឺមន្ត្រីជំនាញដុតបំផ្លាញ។
លោកឧត្តមសេនីយ៍ អេង ហ៊ី បញ្ជាក់ថា បទល្មើសព្រៃឈើ បានដូររូបភាពពីទ្រង់ទ្រាយធំ មកជាទ្រង់ទ្រាយតូច ដោយដឹកតាមម៉ូតូ និងគោយន្ត។ កន្លងមក យើងបានអប់រំជនល្មើសទាំងនោះ ហើយដកហូតតែឈើដោយឲ្យម៉ូតូ និងគោយន្តដល់អ្នកភូមិទាំងនោះវិញ។ ក៏ប៉ុន្តែបទល្មើសព្រៃឈើ ការដឹកជញ្ជូនឈើនៅតែកើតមាន ដូច្នេះហើយទើបពេលនេះ គណៈកម្មការជាតិបានដាក់ចេញនូវវិធានការតឹងរ៉ឺង២ចំណុច គឺទី១ អនុវត្តន៍តឹងរ៉ឹងលើជនល្មើស និងទី២-សម្រេចបំផ្លាញចោលនូវមធ្យោបាយដឹកជញ្ជូនឈើគ្រប់ប្រភេទ៕