ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាខាកាកបាទក្រហមកម្ពុជា រាជធានី​បេីកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមដល់មន្ដ្រីសង្កាត់ ប្រធាន អនុប្រធានភូមិ សមាជិកភូមិ និងប្រជាការពារ

59
ភ្នំពេញ៖ សាខាកក្រករាជធានីភ្នំពេញ បានបេីកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន​ រយៈពេល
២ថ្ងៃ​ ជូនដល់មន្ដ្រីសង្កាត់ ប្រធាន អនុប្រធានភូមិ សមាជិកភូមិ ប្រជាការពារសរុបចំនួន៤២នាក់​​ មកពីតាមបណ្តាសង្កាត់នានា ក្នុងខណ្ឌមានជ័យ​ ដង្កោ និងខណ្ឌច្បារអំពៅ ដេីម្បីផ្ដល់ចំណេះដឹង និងបង្កើនសមត្ថភាពដល់ក្រុមការងារនៅថ្នាក់មូលដ្ឋាន។
  វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍​ ២រោច​ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​ ១៨​ ខែ​ កក្កដា ឆ្នាំ​ ២០១៩​នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ ដោយមានការចូលរួមពីសំណាក់​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា​ ។
   វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ និងអង្គការទស្សនៈពិភពលោក (World Vision Organization) ក្នុងគម្រោងគ្រប់គ្រងគ្រោះមហន្ដរាយ​ ។
   លោក ជិន ប៊ុនធឿន បានមានប្រសាសន៍នាឱកាសនោះ​ ថា ក្នុងនាម លោកឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ  បានពាំនាំនូវសេចក្តីផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់សិក្ខាកាមទាំងអស់ប្រកបដោយសេចក្តីនឹករលឹក​ ព្រមទាំងបានគូសបញ្ជាក់ពីគោលបំណងនៃការបេីកវគ្គបណ្តុះបណ្តាលនេះគឺ​ ​ដេីម្បីផ្ដល់ចំណេះដឹង និងបង្កើនសមត្ថភាពដល់ក្រុមការងារនៅថ្នាក់មូលដ្ឋានរួមមានមន្ដ្រីសង្កាត់ ប្រធាន អនុប្រធានភូមិ សមាជិកភូមិ ប្រជាការពារ ឲ្យមានលទ្ធភាពជួយជាលក្ខណៈបឋមទៅស្ថានភាពគ្រោះថ្នាក់គ្រាអាសន្ន ឬគ្រោះធម្មជាតិនៅក្នុងសហគមន៍ដែលខ្លួនកំពុងរស់នៅ​ ៕
អត្ថបទដែលជាប់ទាក់ទង