សន្តិភាពជាកត្តាគន្លឺះនាំឱ្យមានឱកាសក្នុងការគិតគូរពេញលេញពីកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព
ភ្នំពេញ ៖ «សន្តិភាពជាកត្តាគន្លឺះនាំឱ្យមានឱកាសក្នុងការគិតគូរពេញលេញពីកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា»។ នេះជាការលើកឡើងរបស់លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សជាបេក្ខជនបេក្ខនារីត្រៀមចូលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ ២០១៩ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នាទីស្តីការក្រសួង។
លោកសាយ សំអាល់ បានសង្កត់ធ្ងន់ថា កត្តាសន្តិភាពនេះគឺជួយឱ្យប្រជាពលរដ្ឋមានជីវភាពរីកចម្រើន មានការយល់ដឹងច្រើន និងមានសេចក្តីប្រាថ្នាខ្ពស់ជាងមុន ដែលតម្រូវឱ្យសិស្សានុសិស្សមានការសិក្សា ច្នៃប្រឌិត ក្នុងការអភិវឌ្ឍសមត្ថភាព និងចំណេះដឹង ធ្វើជាសិស្សល្អ យុវជនល្អ និងពលរដ្ឋគំរូ សម្រាប់ប្រទេសជាតិទាំងមូល។
លោករដ្ឋមន្រ្តី បានលើកទឹកចិត្ត និងកោតសរសើរដល់ប្អូនៗសិស្សានុសិស្ស ឱ្យមានការខិតខំប្រឹងប្រែងសិក្សានិងស្រាវជ្រាវបន្តទៀត ដើម្បីអប់រំសាធារណជនឱ្យយល់ដឹងអំពីបញ្ហា ដើម្បីស្វែងរកដំណោះស្រាយនានា និងដើម្បីចូលរួមអនុវត្តទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាល ក្នុងគោលដៅថែររក្សាបាននូវការការពារ និងអភិរក្សបរិស្ថាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។
ជារៀងរាល់ឆ្នាំ ក្រសួងបរិស្ថានតែងតែរៀបចំនូវវេទិកាជជែកពិភាក្សាអំពីបរិស្ថាន ដើម្បីផ្តល់ឱកាសដល់យុវជននៅតាមបណ្តាសាកលវិទ្យាល័យ ឬគ្រឹះស្ថានឧត្តមសិក្សានានាធ្វើការសិក្សាស្រាវជ្រាវ និងចែករំលែកចំណេះដឹងរបស់ពួកគាត់ទៅកាន់សាធារណជនទូទៅ ក្នុងគោលបំណងអប់រំណែនាំឱ្យចូលរួមចំណែកក្នុងការថែររក្សា អភិរក្សបរិស្ថាន និងផ្លាស់ប្តូរផ្នត់គំនិតចេះស្រលាញ់បរិស្ថាន និងប្រតិបត្តិបរិស្ថានល្អ ដោយគិតមកដល់ឆ្នាំនេះ គឺជាការប្រកួតលើកទី៣៩ហើយ ហើយដោយឡែកឆ្នាំនេះក្រសួងបរិស្ថានដែលមាននាយកដ្ឋានអប់រំបរិស្ថាននៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានសម្របសម្រួលរៀបចំវេទិកានេះសម្រាប់សិស្សានុសិស្សកម្រិតវិទ្យាល័យក្នុងគោលបំណងដើម្បីធ្វើការបញ្ហាបចំណេះដឹង បន្ថែមដល់ប្អូនៗ ក្មួយៗសិស្សានុសិស្សមានការយល់ដឹងច្រើនលើវិស័យបរិស្ថាន និងចែករំលែកនូវចំណេះ ដឹងទាំងនោះទៅកាន់សាធារណៈជនផងដែរ៕